មិនធម្មតា ! នៅកម្ពុជាមានអ្នកប្រើប្រាស់ TikTok ច្រើនជាង ៧លានគណនី
បរទេស: នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីកម្សាន្តបែបវីដេអូខ្លី TikTok បានកើនឡើងនូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង ហើយរហូតដល់បច្ចុប្បន្ននេះ បណ្តាប្រទេសធំៗនៅលោកខាងលិច បាននាំគ្នាហាមហាត់ការប្រើប្រាស់នៅលើឧបករណ៍របស់មន្ត្រីរដ្ឋាភិបាលដោយសារបញ្ហាសន្តិសុខជាតិ ព្រោះវាជាក្រុមហ៊ុនរបស់ចិន។
ចំពោះប្រទេសកម្ពុជាវិញ គេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយឡើយ ប៉ុន្ដែអ្វីដែលសារព័ត៌មាន ENN ចង់យកមកជំរាបជូននៅពេលនេះគឺតួលេខនៃចំនួនអ្នកប្រើប្រាស់ TikTok នៅក្នុងប្រទេសកម្ពុជា។
យោងតាមការចេញផ្សាយដោយស្ថាប័ន OOSGA កាលពីពេលកន្លងទៅបានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៣ ចំនួនអ្នកប្រើប្រាស់ TikTok នៅប្រទេសកម្ពុជាមានរហូតដល់ជាង ៧,៤លានគណនី ដោយក្នុងនោះមានជាង ៤៦ភាគរយ ជាបុរស និងជាង ៥៣ភាគរយជាស្ត្រី។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃមីនាកន្លងទៅនេះ ចំនួនអ្នកប្រើ TikTok ជាប្រចាំខែមានរហូតដល់ជាង ១ពាន់លាននាក់ ខណៈអាមេរិកមានចំនួនអ្នកប្រើច្រើនជាងគេបំផុត និងមានចំនួន ១៥០លាននាក់៕