Close

លោក Donald Trump បញ្ចេញសារគំរាមលើអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបិទច្រកសមុទ្រ Hormuz

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Donald Trump បញ្ចេញសារគំរាមលើអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបិទច្រកសមុទ្រ Hormuz លោក Donald Trump បញ្ចេញសារគំរាមលើអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបិទច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបង្ហោះសារមួយដែលមានភាសារឹងមាំខ្លាំងលើបណ្តាញសង្គម ដោយគំរាមថានឹងបំផ្លាញរោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមិនបំពេញតាមកាលកំណត់នៅថ្ងៃអង្គារ ដើម្បីបើកច្រកសមុទ្រ Strait of Hormuz ឡើងវិញសម្រាប់ការដឹកជញ្ជូនទាំងអស់។

ការគំរាមថ្មីនេះកើតឡើងបន្ទាប់ពីលោក Trump បានប្រកាសថា នាវិកទីពីរនៃយន្តហោះចម្បាំងអាមេរិក ដែលត្រូវបានបាញ់ទម្លាក់នៅលើអាកាសអ៊ីរ៉ង់ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្នុងប្រតិបត្តិការមួយនៅក្នុងតំបន់អរិភាពជ្រៅ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានប្រញាប់ប្រញាល់ស្វែងរកសមាជិកយោធាអាមេរិកនោះ នៅតំបន់ភ្នំនៅភាគនិរតីអ៊ីរ៉ង់ ខណៈអ្នកបើកបរយន្តហោះ F-15 ត្រូវបានរកឃើញភ្លាមៗ បន្ទាប់ពីយន្តហោះត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសុក្រ។

ហេតុការណ៍នេះកើតឡើងក្រោយការប្រយុទ្ធអស់រយៈពេលជាងមួយខែ ដែលអ៊ីរ៉ង់បានបន្តឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយវាយប្រហារលើប្រទេសនៅតំបន់ឈូងសមុទ្រ ដែលជាសម្ព័ន្ធមិត្តរបស់ពួកគេ។

អ៊ីរ៉ង់ក៏បានរារាំងយ៉ាងខ្លាំងនូវការឆ្លងកាត់នៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនសំខាន់មួយ ដែលប្រហែលមួយភាគប្រាំនៃប្រេង និងឧស្ម័នពិភពលោកឆ្លងកាត់។ សកម្មភាពនេះបានបណ្តាលឲ្យតម្លៃប្រេងពិភពលោកកើនឡើងយ៉ាងខ្លាំង និងបង្កការព្រួយបារម្ភអំពីអតិផរណាកើនឡើងទូទាំងពិភពលោក។

ការរំខាននេះបាននាំឲ្យលោក Trump ប្រកាសកាលកំណត់ជាបន្តបន្ទាប់ក្នុងខែមីនា សម្រាប់អ៊ីរ៉ង់បើកច្រកនេះឡើងវិញ។ កាលពីថ្ងៃអាទិត្យ លោកបានបញ្ជាក់ឡើងវិញតាមវេទិកា Truth Social របស់លោក។

លោក Donald Trump បញ្ចេញសារគំរាមលើអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបិទច្រកសមុទ្រ Hormuz

លោកបានសរសេរថា ថ្ងៃអង្គារនឹងក្លាយជា “ថ្ងៃវាយប្រហាររោងចក្រថាមពល និងស្ពាន” នៅអ៊ីរ៉ង់ ហើយបានទាមទារឲ្យបើកច្រកសមុទ្រឡើងវិញភ្លាមៗ មិនដូច្នោះទេនឹងប្រឈមមុខនឹងវិធានការយោធាដ៏ធ្ងន់ធ្ងរ។

បន្ទាប់មក លោកបានប្រាប់ Fox News ថា មាន “ឱកាសល្អ” កិច្ចព្រមព្រៀងនឹងសម្រេចបាននៅថ្ងៃចន្ទ ប៉ុន្តែលោកកំពុងពិចារណា “បំផ្លាញអ្វីៗទាំងអស់ និងដណ្តើមគ្រប់គ្រងប្រេង” ប្រសិនបើមិនមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័ស។

ក្រោយមក លោកបានបង្ហោះសារថ្មីថា “ថ្ងៃអង្គារ ម៉ោង ៨:០០ យប់ (ម៉ោងភាគខាងកើតអាមេរិក)” ដែលបង្ហាញថាកាលកំណត់ត្រូវបានពន្យារពេលពីថ្ងៃចន្ទ ទី៦ ខែមេសា។

លោក Trump បានពន្យារពេលកាលកំណត់សម្រាប់ការបើកច្រកសមុទ្រ Hormuz ជាច្រើនលើក។ កាលពីថ្ងៃទី២១ ខែមីនា លោកបានគំរាមថានឹង “កម្ទេច” រោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើច្រកនេះមិនត្រូវបានបើកពេញលេញក្នុងរយៈពេល ៤៨ ម៉ោង។ ប៉ុន្តែពីរថ្ងៃក្រោយ លោកបាននិយាយថានឹងពន្យារពេលការវាយប្រហារ ៥ ថ្ងៃទៀត ដោយសារការចរចាដែលលោកហៅថា “ល្អ” និង “មានផលិតភាព” ខណៈអ៊ីរ៉ង់បានបដិសេធថាមិនមានការទំនាក់ទំនងណាមួយកើតឡើងឡើយ។

នៅពេលកាលកំណត់ខិតជិត លោកបានពន្យារពេលបន្ថែម ១០ ថ្ងៃ រហូតដល់ថ្ងៃទី៦ ខែមេសា មុនពេលកំណត់ថ្មី ៤៨ ម៉ោងត្រូវបានអនុវត្តបន្ត។

លោក Mahdi Tabatabaei អ្នកនាំពាក្យការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា ច្រកសមុទ្រ Hormuz “នឹងត្រូវបើកឡើងវិញ” នៅពេលដែលប្រាក់មួយផ្នែកពីថ្លៃឆ្លងកាត់ ត្រូវបានប្រើសម្រាប់សំណងការខូចខាតពីសង្គ្រាម។ អ៊ីរ៉ង់ក៏បានបង្ហាញថា គ្រោងនឹងគិតថ្លៃលើនាវាដែលឆ្លងកាត់ផងដែរ។

ឧត្តមសេនីយ៍ Ali Abdollahi Aliabadi នៃបញ្ជាការដ្ឋានយោធាកណ្តាលអ៊ីរ៉ង់ បាននិយាយថា ការគំរាមរបស់លោក Trump គឺជា “សកម្មភាពគ្មានសមត្ថភាព ភ័យស្លន់ស្លោ គ្មានតុល្យភាព និងល្ងង់ខ្លៅ” ហើយបានព្រមានថា “ទ្វារនរកនឹងបើក” សម្រាប់មេដឹកនាំអាមេរិក។

នៅពេលដូចគ្នា អ៊ីស្រាអែលបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ីរ៉ង់ រួមមានរោងចក្រគីមីឥន្ធនៈមួយកាលពីថ្ងៃសៅរ៍ ហើយកំពុងរង់ចាំការយល់ព្រមពីសហរដ្ឋអាមេរិក ដើម្បីវាយប្រហារបន្ថែមលើគោលដៅថាមពលនៅសប្តាហ៍ក្រោយ។

លោក Donald Trump បញ្ចេញសារគំរាមលើអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបិទច្រកសមុទ្រ Hormuz

ការវាយប្រហាររួមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏បានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Qasem Soleimani នៅភាគនិរតីអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យផងដែរ។

អ៊ីរ៉ង់បានបន្តបាញ់ដ្រូន និងមីស៊ីលទៅលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិកនៅតំបន់ឈូងសមុទ្រ។ អគារលំនៅឋានមួយនៅទីក្រុង Haifa របស់អ៊ីស្រាអែល ត្រូវបានមីស៊ីលបាលីស្ទីកបាញ់ចំ បណ្តាលឲ្យមនុស្ស ៤ នាក់រងរបួស។

នៅថ្ងៃដដែល អាជ្ញាធរនៅ Abu Dhabi បាននិយាយថាកំពុងពន្លត់អគ្គិភ័យនៅរោងចក្រគីមី Borouge ដែលបណ្តាលមកពីកម្ទេចកម្ទីមីស៊ីលអ៊ីរ៉ង់។ ខណៈប្រទេសគុយវ៉ែតបានរាយការណ៍ថា ការវាយប្រហារដោយដ្រូនអ៊ីរ៉ង់បានបង្កការខូចខាតធ្ងន់ធ្ងរដល់រោងចក្រប្រេង និងគីមីឥន្ធនៈ ហើយគោលដៅឧស្សាហកម្ម និងថាមពលក៏ត្រូវបានវាយប្រហារនៅប្រទេសបារ៉ែនផងដែរ៕