Close

ឧស្សាហកម្ម ៤.០៖ ម្ចាស់អាជីវកម្មគួរចេះជំនាញថ្មីៗដើម្បីជំរុញអាជីវកម្មឱ្យកាន់តែរីកចម្រើន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ឧស្សាហកម្ម ៤.០៖ ម្ចាស់អាជីវកម្មគួរចេះជំនាញថ្មីៗដើម្បីជំរុញអាជីវកម្មឱ្យកាន់តែរីកចម្រើន ឧស្សាហកម្ម ៤.០៖ ម្ចាស់អាជីវកម្មគួរចេះជំនាញថ្មីៗដើម្បីជំរុញអាជីវកម្មឱ្យកាន់តែរីកចម្រើន

ស្របពេលដែលពិភពលោកកាន់តែរីកចម្រើន បច្ចេកវិទ្យាថ្មីៗបានបង្ហាញខ្លួនជាបន្តបន្ទាប់ ដែល​បច្ចេក​វិទ្យាទាំងនោះត្រូវបានបង្កើតឡើងដើម្បីបម្រើឱ្យផលប្រយោជន៍មនុស្សជាតិ។ ជាក់ស្ដែង AI ជាបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលផ្ទុះការភ្ញាក់ផ្អើលដោយសារតែសមត្ថភាពរបស់វាក្នុងការ​ជំនួស​ការងាររបស់មនុស្ស។

ឧស្សាហកម្ម ៤.០ នេះបានធ្វើឱ្យមនុស្សមួយចំនួនត្រេកអរ ប៉ុន្តែក៏បានធ្វើឱ្យមនុស្សមួយចំនួនទៀត មានការភ័យខ្លាច ដោយហេតុថាការងាររបស់ខ្លួនកាន់តែមានការប្រកួតប្រជែងជាដើម។ ប៉ុន្តែបើមើលទៅមួយជ្រុងទៀត គេបែរជាឃើញថា ទោះបីជាយ៉ាងណាបច្ចេកវិទ្យាក៏នៅតែមិនអាចជំនួសមនុស្សបានទាំងស្រុងឡើយ ពោលគឺវាត្រូវបានគេបង្កើតឡើងដើម្បីតែជួយសម្រួលការងារ មនុស្សឱ្យកាន់តែងាយស្រួលជាងមុនប៉ុណ្ណោះ។

សម្រាប់ម្ចាស់អាជីវកម្ម និយាយដោយឡែក គួរតែចាប់យកឱកាសនេះដើម្បីពង្រឹងអាជីវកម្មរបស់​ខ្លួន។ ក្នុងនោះជំនាញសំខាន់ៗដែលគប្បីយល់ដឹង ​ដើម្បីឈានចូលទៅក្នុងបដិវត្តន៍មួយនេះ​បានរួមមានដូចជា
ការចេះប្រើប្រាស់កុំព្យូទ័រ៖ ជំនាញមូលដ្ឋានមួយសំខាន់ក្នុងការវិវត្តទៅកាន់ឧស្សាហកម្ម ៤.០ គឺការប្រើប្រាស់កុំព្យូទ័រ ដែលតម្រូវឱ្យម្ចាស់អាជីវកម្ម និងពលរដ្ឋទូទៅអាចប្រើប្រាស់កុំព្យូទ័រជាមួយ​នឹងប្រព័ន្ធ​បច្ចេកវិទ្យា អ៉ិនធឺណិតក្នុងការសរសេរសារទំនាក់ទំនង ឬអ៉ីម៉ែល (Email) ការវាយឯកសារ ការស្វែងរកព័ត៌មានលើប្រព័ន្ធអុិនធឺណិត និងការបញ្ចូលទិន្នន័យជាដើម។

ជាក់ស្តែងវាមានសារៈសំខាន់ខ្លាំងសម្រាប់ម្ចាស់អាជីវកម្មក្នុងការប្រើប្រាស់ ដើម្បីផ្សារភ្ជាប់ទៅកាន់​អតិថិជន និងដៃគូពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ។ ម្ចាស់អាជីវកម្មក៏ត្រូវការចំណេះដឹងកុំព្យូទ័រនេះ​ដើម្បីរៀបចំបទបង្ហាញពីគម្រោង និងផលិតផលរបស់ខ្លួនដើម្បីទាក់ទាញការវិនិយោគផងដែរ។

ជំនាញឌីជីថល និងបច្ចេកវិទ្យា៖ អាជីវកម្មជាច្រើនបានចាប់យកប្រព័ន្ធឌីជីថលដូចជាបណ្តាញសង្គម ដើម្បីធ្វើទីផ្សារឌីជីថល ប្រើប្រាស់និងគ្រប់គ្រងប្រព័ន្ធស្វែងរក (Search Engine) ដើម្បីទាក់ទាញ​អតិថិជន​គោលដៅបានកាន់តែច្រើន។ អាជីវកម្មដែលមានជំនាញប្រើប្រាស់ប្រព័ន្ធឌីជីថលខ្ពស់ក៏អាចប្រមូល និងវិភាគទិន្នន័យ​​ (Data Analysis) ដើម្បីយល់ដឹងពីសង្វាក់ផលិតកម្ម និងសិក្សាពីទិន្នន័យដែលទទួលបានហើយ បង្កើតផលិតផលដែលសមស្របទៅតាមតម្រូវការរបស់អតិថិជនទាំងនោះ។

ការច្នៃប្រឌិត និងសហគ្រិនភាព៖ នៅពេលដែលសហគ្រិនមាននវានុវត្តន៍ភាព ពួកគេនឹងស្វែង​យល់ពីទីផ្សារថា នៅមានចន្លោះខ្វះខាតអ្វី ឬគួរមានផលិតផលអ្វីដែលប្លែក ហើយមាន​ប្រយោជន៍​ដល់ពលរដ្ឋក្នុងសង្គម។ ម្យ៉ាងទៀតនៅពេលដែលសង្គមមួយពោរ​ពេញដោយ​សហគ្រិន​ដែលមាន​ភាពច្នៃប្រឌិត ការប្រកួតប្រជែងទីផ្សារក៏កើនឡើង ឈានទៅរកការជំរុញនូវ​វិស័យស្រាវជា្រវ និងអភិវឌ្ឍន៍នូវផលិតផល ឬសេវាកម្មថ្មីៗ ហើយការអភិវឌ្ឍទាំងនេះ​នឹងជំរុញដល់កំណើន​សេដ្ឋកិច្ចកម្ពុជា។

ជំនាញទំនាក់ទំនង៖ ដែលសំដៅដល់ទាំងការនិយាយ និងការសរសេរ។ វាជាជំនួយទៅកាន់ការទាក់​ទាញ​អតិថិជននិងបង្កើនដៃគូវិនិយោគលើអាជីវកម្មណាមួយ។ បើសិនជាអាជីវកម្មមួយមាន​បុគ្គលិកដែលចេះតែជំនាញរឹង ប៉ុន្តែមិនមានភាពបុិនប្រសព្វក្នុងកាទំនាក់ទំនងនោះទេ គឺមិនអាចនាំយក ឬបកស្រាយគោលបំណងរបស់អាជីវកម្មខ្លួនទៅកាន់ទីផ្សារអតិថិជន និងអ្នកវិនិយោគបាននោះទេ។

ម្យ៉ាងទៀតវាក៏សំខាន់ក្នុងការរក្សាទំនាក់ទំនងផ្ទៃក្នុងរវាងបុគ្គលិកនិងបុគ្គលិកផងដែរដើម្បីឱ្យដំណើរ​ការអាជីវកម្ម និងការសម្រេចចិត្តច្បាស់លាស់៕

អត្ថបទទាក់ទង