៩ខែ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យជាង ២០០នាក់ ករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ
ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥ នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទសរុប ១៤៧ ករណី ក្នុងនោះមានអាជីវកម្មផ្លូវភេទ ៩២ករណី។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២០៥នាក់ ស្រី ៣៧នាក់ និងជនបរទេស ១៩នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។
បើតាមអ្នកនាំពាក្យរង ក្នុងចំណោមការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទទាំង ១៤៧ករណី នោះ អំពើជួញដូរមនុស្សបង្ក្រាបបានចំនួន ៥៥ករណី ឃាត់ខ្លួនមនុស្ស ៧៩នាក់ ស្រី ៧នាក់ ជនបរទេស ១៣នាក់ សង្គ្រោះជនរងគ្រោះបានចំនួន ២០០នាក់ និងអាជីវកម្មផ្លូវភេទបង្ក្រាបបានចំនួន ៩២ករណី ឃាត់ខ្លួនមនុស្ស ១២៦នាក់ ស្រី ៣០នាក់ ជនបរទេស ៦នាក់ និងសង្គ្រោះជនរងគ្រោះ ២៨៣នាក់។ ជារួមទាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សមត្ថកិច្ចបានរំដោះជនរងគ្រោះសរុប ៤៨៣នាក់។
ក្នុងរយៈពេលដូចគ្នានេះ ក្រសួងមហាផ្ទៃក៏បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នជំនាញទាំងក្នុង និងក្រៅប្រទេស ជួយអន្តរាគមន៍ឱ្យពលរដ្ឋខ្មែរបានត្រឡប់មកប្រទេសកម្ពុជាវិញសរុប១៥៧នាក់ ក្នុងនោះមានអនីតិជន ៣៦នាក់។ នេះជាការបន្ថែមឱ្យដឹងពីលោក ទូច សុឃៈ៕ប្រភព៖ មន្ត្រីព័ត៌មានក្រសួងមហាផ្ទៃ