លោក ត្រាំ ថា ការដកខ្លួនរបស់ UAE ចេញពី OPEC គឺ “ជារឿងល្អ”
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អេមីរ៉ាតអារ៉ាប់រួម (UAE) ក្នុងការចាកចេញពីអង្គការ OPEC ដោយជឿថាវានឹងជួយបញ្ចុះតម្លៃថាមពល។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន បន្ទាប់ពីជួបជាមួយអវកាសយានិកបេសកកម្ម Artemis II ថា៖ «ខ្ញុំគិតថាវាជារឿងល្អណាស់»។
លោកបានសរសើរប្រធានាធិបតី UAE លោក Sheikh Mohamed bin Zayed Al Nahyan ថា ជាមេដឹកនាំដែលមានភាពឆ្លាតវៃ ហើយអាចចង់អនុវត្តគោលនយោបាយដោយខ្លួនឯង។ «នោះជារឿងល្អ» លោកបានបន្ថែម។
លោក ត្រាំ បាននិយាយថា ជារួម វាជារឿងល្អសម្រាប់បញ្ចុះតម្លៃឧស្ម័ន ប្រេង និងថាមពលផ្សេងៗ ខណៈដែល OPEC កំពុងប្រឈមបញ្ហាខ្លះៗ។

តម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
កាលពីថ្ងៃអង្គារ UAE បានប្រកាសយ៉ាងភ្ញាក់ផ្អើលថា ខ្លួននឹងបញ្ចប់សមាជិកភាពជាមួយ OPEC ចាប់ពីថ្ងៃទី១ ខែឧសភា និង បញ្ចប់ទំនាក់ទំនងយូរអង្វែងជាមួយអង្គការនេះ។
ការសម្រេចចិត្តនេះ ត្រូវបានមើលឃើញថាជាផលប៉ះពាល់ដ៏ធំមួយចំពោះ OPEC និងសមាជិក ១១ ប្រទេសដែលនៅសេសសល់ ដែលបានសហការកំណត់តម្លៃប្រេង និងកូតាផលិតកម្មអស់រយៈពេលជាង៦ទសវត្សរ៍មកហើយ។
UAE គឺជាប្រទេសផលិតប្រេងធំជាងគេទី៣ក្នុង OPEC កាលពីខែកុម្ភៈ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ាក់។
ក្រសួងថាមពលរបស់ UAE បានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញលើគោលនយោបាយផលិតកម្ម និងសមត្ថភាពជាតិ ដោយសន្និដ្ឋានថា វាសមស្របនឹងផលប្រយោជន៍ជាតិ។
ក្រសួងក៏បានបង្ហាញការកោតសរសើរចំពោះ OPEC និងសហប្រតិបត្តិការយូរអង្វែងជាមួយសមាជិកផ្សេងៗ។
![]()
ទោះយ៉ាងណា ការប្រកាសនេះកើតឡើងក្រោយពេល UAE ប្រឈមនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនជាបន្តបន្ទាប់ពីអ៊ីរ៉ង់ ដែលក៏ជាសមាជិក OPEC ផងដែរ។
ជាមួយគ្នានេះ ការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ក្នុងន័យជាក់ស្តែង ក៏បានរារាំងយ៉ាងខ្លាំងដល់សមត្ថភាពនាំចេញប្រេងរបស់ UAE និងគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។
រដ្ឋបាលលោក ត្រាំ បានឆ្លើយតបដោយដាក់វិធានការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់វិញ។ ភាពតានតឹងនេះបាននាំឱ្យការចរចាជាប់គាំង។
យោងតាម Axios អ៊ីរ៉ង់បានស្នើឱ្យបើកច្រកសមុទ្រឡើងវិញជាបន្តបន្ទាប់ ប៉ុន្តែពន្យារពេលចរចានុយក្លេអ៊ែរ ខណៈដែលលោក ត្រាំ បានបដិសេធ។
លោក ត្រាំ បានព្រមានថា អ៊ីរ៉ង់កំពុងប្រឈមសម្ពាធខ្លាំង ហើយមិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ។
លោកបានពិពណ៌នាវិធានការបិទខ្ទប់របស់ខ្លួនថា “មានប្រសិទ្ធភាពខ្ពស់” និងនឹងបន្តអនុវត្ត រហូតដល់អ៊ីរ៉ង់ព្រមចុះចាញ់។
នៅពេលត្រូវបានសួរអំពីជំហានបន្ទាប់ លោកបានឆ្លើយថា វា “អាស្រ័យលើស្ថានភាព” ខណៈដែលមានការរាយការណ៍ថា កងបញ្ជាការកណ្តាលសហរដ្ឋអាមេរិក កំពុងត្រៀមសម្រាប់ការវាយប្រហារបន្ថែម ប្រសិនបើចាំបាច់៕
