កម្ពុជា បកអាក្រាតថៃ ជុំវិញការឈ្លានពានទឹកដីខ្លួននៅក្នុងកិច្ចប្រជុំ IPU នៅទីក្រុងហ្សឺណែវ
ហ្សឺណែវ-ស្វីស៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍បកអាក្រាត ប្រទេសថៃ ជុំវិញករណីទាហានរបស់ខ្លួនចូលឈ្លានពានទឹកដីកម្ពុជា នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវនៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា(IPU) ទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ។
នៅក្នុងពេលឡើងថ្លែងសុន្ទរកថានៅក្នុង កិច្ចប្រជុំ មហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា(IPU) ក្រោមប្រធានបទដ៏មានសារៈសំខាន់ស្ដីពី «ការលើកកម្ពស់បទដ្ឋានមនុស្សធម៌ និងការគាំទ្រសកម្មភាពមនុស្សធម៌ក្នុងពេលមានវិបត្តិ» លោក អ៊ុច បូរ រិទ្ធ បានបង្ហាញពីក្តីព្រួយបារម្ភ ចំពោះសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅតែមានភាពផុយស្រួយ។ ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ខណៈដែលទាហានកម្ពុជា ១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣។
លោកបានបង្ហាញក្តីព្រួយបារម្ភយ៉ាងដូច្នេះថា៖ «ទោះបីជាសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ សន្តិភាពនៅតាមបណ្តោយព្រំដែនរួមរបស់យើងនៅតែមានភាពផុយស្រួយ។ ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ខណៈដែលទាហានកម្ពុជា ១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣។ អ្វីដែលគួរឱ្យព្រួយបារម្ភដែរនោះគឺ របាយការណ៍ស្តីពីការបំភិតបំភ័យផ្លូវចិត្ត ដូចជាការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់ គឺជាការធ្វើទារុណកម្មដល់សហគមន៍ដែលកំពុងរស់នៅក្នុងភាពភ័យខ្លាចរួចទៅហើយ»។
នៅចំពោះមិត្តអន្តរជាតិ, អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា អាកប្បកិរិយាបែបនេះ មិនមែនជាការវាយប្រហារលើបន្ទាយយោធានោះទេ ប៉ុន្តែជាការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលជាការរំលោភលើមាត្រា ៣៣ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៤ និងមាត្រា៧ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ស្របពេលជាមួយគ្នានេះ សកម្មភាពឯកតោភាគី ដូចជាការអនុវត្តច្បាប់ស្រុកថៃ មកលើសហគមន៍ដែលមានជម្លោះ, ការដាក់លួសបន្លាចូលក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា ជាការជាន់ឈ្លីអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនុកចិត្ត ដែលចាំបាច់សម្រាប់យន្តការរួមគ្នា ឱ្យទទួលបានជោគជ័យ។ កំពុងតែធ្វើឱ្យប៉ះពាល់ដល់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងមូលដ្ឋានគ្រិះនៃទំនុកចិត្តដែលចាំបាច់បំផុតសម្រាប់ការងារនៃយន្តការរួមគ្នាឱ្យទទួលបានជោគជ័យ។
ការលើកឡើងអំពី «ការធ្វើយោធូបនីយកម្ម» របស់កម្ពុជា លើតំបន់បេតិកភណ្ឌពិភពលោក ពីសំណាក់ភាគីថៃ, ត្រូវបានលោក អ៊ុច បូររិទ្ធ គូសបញ្ជាក់ថា គឺគ្មានមូលដ្ឋានទាល់តែសោះ។ កម្ពុជាបានការពារប្រាសាទព្រះវិហារ មិនមែនតាមរយៈការប្រើអាវុធនោះទេ ប៉ុន្តែ តាមរយៈភាពជាបេតិកភណ្ឌ ច្បាប់ និងការអត់ធ្មត់។ តាមពិតទៅ គឺការប្រើប្រាស់ការទម្លាក់គ្រាប់បែកនេះហើយ ដែលបានគំរាមកំហែងដល់ថ្មនិងព្រលឹងនៃប្រាសាទ។ ប្រាសាទមិនមែនគ្រាន់តែជាកេរ៍តំណែលពីអតីតកាលប៉ុណ្ណោះទេ តែវាបង្កប់នូវការចងចាំ អត្តសញ្ញាណ និងដួងព្រលឹងនៃប្រជាជាតិ។ ការធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌទាំងនេះ គឺធ្វើឱ្យរបួសដល់មនុស្សជាតិទាំងមូល។
កំណត់ត្រារបស់កម្ពុជា និយាយតាមរយៈទង្វើជាជាងសេចក្តីប្រកាស៖ យើងរក្សាបាននូវបទឈប់បាញ់ សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) អង្គការយូណេស្កូ (UNESCO) និងអាស៊ាន (ASEAN) ព្រមទាំងបានដាក់ស្នើភស្តុតាងដែលត្រូវបានផ្ទៀងផ្ទាត់ទៅកាន់គណៈកម្មាធិការអនុលោមតាមអនុសញ្ញាអូតាវ៉ា។
«ការប្រព្រឹត្តរបស់យើងខ្ញុំគោរពតាមគោលការណ៍ មិនមែនការឃោសនាទេ។ ហើយយើងអនុវត្តទៅតាមច្បាប់ មិនមែនតាមមហិច្ឆតានោះទេ។ ឥរិយាបថរបស់យើងត្រូវបានដឹកនាំដោយគោលការណ៍ មិនមែនដោយការឃោសនាឡើយ។ យើងដឹកនាំដោយច្បាប់ មិនមែនដោយមហិច្ឆតាឡើយ។ កម្ពុជាការពារមិនមែនដើម្បីការត្រួតត្រាទេ តែដើម្បីសតិសម្បជញ្ញៈ ហើយដូចដែលប្រវត្តិសាស្ត្រនឹងបញ្ជាក់ នោះសេចក្តីពិតមិនត្រូវការអាវុធអ្វីក្រៅពីខ្លួនវាផ្ទាល់នោះទេ»។ នេះជាការបញ្ជាក់បបន្ថែមរបស់លោក អ៊ុច បូររិទ្ធ។
បន្ថែមពីនេះ លោក អ៊ុច បូររិទ្ធ បានឱ្យដឹងថា ចំពោះការចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មីនៅលើទឹកដីបរទេស គឺធ្វើឡើងទាំងគ្មានមូលដ្ឋាន និងទាំងមិនអាចកើតឡើង។ កម្ពុជាបានបំផ្លាញគ្រាប់មីនជាងបីលានគ្រាប់ បើកចំហទឹកដីរបស់ខ្លួនឱ្យមានការត្រួតពិនិត្យជាអន្តរជាតិ និងបន្តបម្រើជាអ្នកតស៊ូមតិនាំមុខគេក្នុងការដោះមីន ក្រោមអនុសញ្ញាអូតាវ៉ា។ ប្រសិនបើគ្រាប់មីនថ្មីត្រូវបានរកឃើញនៅតំបន់ព្រំដែន នោះគឺជាសំណល់នៃជម្លោះពីអតីតកាល មិនមែនជាលទ្ធផលនៃសកម្មភាពថ្មីៗណាមួយរបស់កម្ពុជាឡើយ៕