Close

ភាពសំខាន់នៃការបញ្ចូលភាពច្នៃប្រឌិត ទៅលើអាជីវកម្មក្នុងសង្គមឌីជីថល

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ភាពសំខាន់នៃការបញ្ចូលភាពច្នៃប្រឌិត ទៅលើអាជីវកម្មក្នុងសង្គមឌីជីថល ភាពសំខាន់នៃការបញ្ចូលភាពច្នៃប្រឌិត ទៅលើអាជីវកម្មក្នុងសង្គមឌីជីថល

នៅក្នុងសហគ្រាសធុនតូច និងមធ្យម ម្ចាស់អាជីវកម្មគួរមានរួមបញ្ចូលនូវការច្នៃប្រឌិត​ ឬការបង្កើត​អ្វីដែលថ្មី ដែលអាចជាផលិតផល សេវាកម្ម ឬមធ្យោបាយអាជីវកម្មណាមួយដែល​មិនធ្លាប់​មានពីមុន​មកនៅក្នុងសង្គម។

ការកែច្នៃផលិតផលចាស់ៗឱ្យទៅជាផលិតផលថ្មី និងការធ្វើឱ្យផលិតផលដែលមានស្រាប់ មានភាពប្រសើរជាងមុនសុទ្ធតែអាចចាត់ទុកជានវានុវត្តន៍ ហើយនវានុវត្តន៍អាចធ្វើទៅបានក្នុង​ទម្រង់ជាច្រើនដូចជា៖​ នវានុវត្តន៍ សេវាកម្ម នវានុត្តន៍ហិរញ្ញវត្ថុ នវានុវត្តន៍ទីផ្សារឌីជីថល ក៏ដូចជានវានុវត្តន៍​ផលិតផលជាដើម។​​

យ៉ាងណាមិញ ដើម្បីដើរឱ្យស្របជាមួយនឹងបរិបថសង្គមបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មនីមួយៗគួរតែ ចាប់ផ្ដើមដាក់បញ្ចូលនូវភាពច្នៃប្រឌិតទៅក្នុងអាជីវកម្មដើម្បី៖

បង្កើនភាពប្រកួតប្រជែង ក្នុងទីផ្សារមួយដែលមានលក់ផលិតផលស្រដៀងៗគ្នា តម្លៃហាក់មានភាព​ប្រកៀកប្រកិត ស្របពេលដែលគុណភាពនៃផលិតផលក៏មានភាពប្រដំប្រសងគ្នានោះ។ ម្យ៉ាងទៀត គំនិតច្នៃប្រឌិតទៅលើផលិតផល ពិតជាអាចធ្វើឱ្យអាជីវកម្មមួយមានប្រៀបជាងអាជីវកម្មមួយទៀត។

ឧទាហរណ៍ អាជីវកម្មចំនួន១០ជ្រើសរើសលក់តែផ្លែក្រូចមួយមុខ តែមានអាជីវកម្ម១ក្នុង​ចំណោម​អាជីវកម្មទាំងនោះលក់ទាំងផ្លែក្រូចនិងទឹកក្រូចស្រស់ទៀត ម្លោះហើយអាជីវកម្មតែមួយនោះនឹង​ទទួលបានការចាប់អារម្មណ៍​ពីអតិថិជនច្រើនជាង ដោយសារភាពប្លែក និងមានជម្រើសថ្មីមួយទៀត។

ភាពច្នៃប្រឌិតក៏នឹងបង្កើនប្រសិទ្ធភាពការងារ តាមរយៈការកែច្នៃជាឧបករណ៍ថ្មីៗដើម្បីសម្រួលដល់​ប្រតិបត្តិការអាជីវកម្មអោយលឿន និងមានប្រសិទ្ធភាពជាងមុន។ ឧទាហរណ៍ ការកែច្នៃឱ្យមាន​ឧបករណ៍ និងប្រព័ន្ធសុហ្វហ្វែរ (Software System) ផ្សេងៗដែលពន្លឿនដំណើរ​ការអាជីវកម្ម។

សំខាន់បំផុត ម្ចាស់អាជីវកម្មក៏អាចបង្កើនប្រាក់ចំណូលផងដែរ។ បង្កើនចំណូលព្រោះ​ នៅពេលដែល​ផលិតផលអាចបានបំពេញតម្រូវការថ្មីៗដល់អតិថិជនបាន ហើយចេះផ្តល់ភាពទុកចិត្ត និងភាពស្និទ​ស្នាល​ដល់អតិថិជនថែមទៀត នោះនឹងធ្វើឱ្យចំណូលអាជីវកម្មកើនជាលំដាប់។
ឧទាហរណ៍ មានកម្មវិធីកម្មង់ម្ហូបអនឡាញ ២ ដែលមានមុខទំនិញស្ទើរតែដូចគ្នា ប៉ុន្តែកម្មវិធីមួយមាន​ភាពរលូន ងាយស្រួលមើល និងងាយក្នុង​ការកម្មង់ជាង ធ្វើឱ្យអតិថិជនពេញចិត្តជាង ហើយក៏បង្កើន​ចំណូល​ជាមួយគ្នាផងដែរ។

សារៈសំខាន់មួយទៀតនៃការបញ្ចូលភាពច្នៃប្រឌិតទៅក្នុងអាជីវកម្មគឺការ សម្របខ្លួនបានកាន់តែល្អ ជាងមុន។ ​ក្នុងនាមជាម្ចាស់អាជីវកម្ម ដើម្បីឱ្យអាជីវកម្មមួយមានដំណើរការដោយនិរន្តភាព គឺតម្រូវឱ្យមានការសម្របខ្លួន និងចេះបត់បែនតាមបរិបទ ទៅតាមភាពពេញនិយមរបស់សង្គម។ ឧទាហរណ៍ ក្នុងសម័យឌីជីថលនេះ ការផលិតទូរស័ព្ទស៊េរីមុនលែងជាតម្រូវការ និងភាពពេញ​និយមទៀតហើយ ដោយមនុស្សសម័យនេះត្រូវការទូរសព្ទទំនើបៗ មានកាមេរ៉ា និងអាចប្រើ​ប្រាស់អ៉ិនធឺណែតបានជាដើម៕

អត្ថបទទាក់ទង