Close

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញទាក់ទងមកខ្លួនដើម្បីមានចំណាត់ការ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ បច្ចេកវិទ្យា
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញទាក់ទងមកខ្លួនដើម្បីមានចំណាត់ការ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញទាក់ទងមកខ្លួនដើម្បីមានចំណាត់ការ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម អាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់នៅនាយកដ្ឋានផ្ទាល់ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ។

ការឱ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញនេះ ធ្វើងឡើងបន្ទាប់ពី  ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣  និងបន្ទាប់ពីសង្កេតឃើញមានជនរងគ្រោះជួបបញ្ហាប្រឈម និង រងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញនេះផងដែរ ។

សេចក្តីថ្លែងការណ៍របស់ស្ថាប័នទាំងពីរនេះ បានឱ្យដឹងថា នាពេលថ្មីៗនេះ ភាគីទាំងពីរសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយនឹងផ្តល់សេវាហិរញ្ញវត្ថុ ក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យ សាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គមតាមរយៈ ការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនឹងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

សេចក្តីថ្លែងការណ៍នេះសង្កត់ធ្ងន់ថា  ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាព ហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកប អាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និង ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវា ហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមាន ការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។

បើតាមធនាគារជាតិនៃកម្ពុជា  ផលវិបាកនៃការប្រើប្រាស់កម្ចីខុសច្បាប់ អតិថិជនអាចប្រឈមមុខនឹងបំណុលវ័ណ្ឌក ដោយសារអត្រាការប្រាក់និងកម្រៃសេវាផ្សេងៗ ខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថានដែលស្របេច្បាប់ និងការគណនាការប្រាក់ពុំត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យដែលមិនសមហេតុផលទៅក្រុមហ៊ុនវិញ អតិថិជនអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬ រូបភាពផ្សេងៗ ទ្រព្យធានារបស់អតិថិជនអាចត្រូវបានក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់ រឹបអូសដោយ ពុំឆ្លងកាត់ការសម្រេចពីតុលាការ ជាដើម។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបាន ស្នើសុំសាធារណជន បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្មកម្ចីពីក្រុមហ៊ុន ឬ អ្នកផ្ដល់កម្ចីដែលគ្មានច្បាប់ អនុញ្ញាតទាំងនោះ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបានកំពុងនឹងស្នើសុំការសហការពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន ឬ អ្នកផ្តល់កម្ចីខុសច្បាប់គ្រប់រូបភាពទាំងអស់៕

អត្ថបទទាក់ទង