Liverpool ឈ្នះពាន Premier League ជាលើកទី ២០ របស់ខ្លួន
ជាមួយនឹងជ័យជម្នះ ៥-១ របស់ខ្លួន ទល់នឹងក្រុមមាន់ខ្នាយមាស Tottenham Hotspur កាលពីថ្ងៃអាទិត្យ ក្រុមហង្សក្រហម Liverpool បានឈ្នះពានរង្វាន់ Premier League លើកទី ២០ របស់ពួកគេ ដោយតាមស្មើកំណត់ត្រាក្រុមបិសាចក្រហម Manchester United ដែលឈ្នះ Premier League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។
ការប្រកួតយប់មិញនេះ ក្រុមហង្សក្រហម ពិតជាធ្វើបានល្អមែនទែន ពោលគឺបានលុតក្រុមមាន់ខ្នាយមាសយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥ ទល់នឹង១ នៅ Anfield។ ៥គ្រាប់របស់ Liverpool រកបានដោយកីឡាករ Luis Diaz, Mac Allister, Gakpo, Salah និងមួយគ្រាប់ទៀតជាបាល់ Own Goal របស់កីឡាករ Udojie ខណៈមួយគ្រាប់ Tottenham រកបានដោយកីឡាករ Solanke។ តាមរយៈលទ្ធផលនេះ ធ្វើឲ្យពួកគេមានពិន្ទុគ្រាប់គ្រាន់ ដើម្បីលើកពានលើកទី២០ របស់ក្លិប។
មែនទែនទៅ ក្រុមរបស់លោក Arne Slot នៅសល់ការប្រកួតចំនួន ៤ទៀតនៅក្នុងដៃ មុននឹងបញ្ចប់រដូវកាល នៅ Premier League
ដោយត្រូវប៉ះជាមួយ Chelsea, Arsenal Brighton និង Crystal Palace។
ខ្សែបម្រើស្លាបស្តាំ Liverpool កីឡាករ Mohamed Salah កំពុង់បង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយរកគ្រាប់បាល់បញ្ចូលទីនៅ Premier League សរុបចំនួន ២៨ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤ លើក នៅរដូវកាលនេះ ហើយក៏កំពុងនាំមុខគេផងដែរ ក្នុងនាមជាកីឡាករ assist ឲ្យមិត្តរួមក្រុមបញ្ជូលទីបានច្រើនជាងគេ ដោយមាន ១៨ដង។
គួរបញ្ជាក់ថា លោក Arne Slot បានក្លាយជាគ្រូបង្វឹកដំបូងគេក្នុងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ Liverpool ដែលឈ្នះជើងឯកលីគ ក្នុងរដូវកាលដំបូងជាមួយក្លឹប៕