ហង្សក្រហម Liverpool កំពុងពិភាក្សាបន្តកុងត្រាថ្មីជាមួយ Van Dijk
(បាល់ទាត់)៖ ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Virgil van Dijk បាននិយាយថា ការពិភាក្សាជាផ្លូវការលើការបន្តកុងត្រាបានចាប់ផ្តើមហើយ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ខ្សែការពារហូឡង់ វ័យ ៣៣ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹបហង្សក្រហម ពី Southampton ក្នុងឆ្នាំ ២០១៨ ហើយចាប់តាំងពីពេលនោះមក បានជួយពួកគេឱ្យឈ្នះ Premier League, Champions League, ពានរង្វាន់ League Cup, FA Cup និង Club World Cup ផងដែរ។
កីឡាករ Virgil van Dijk បានគូសបញ្ជាក់ថា៖«ខ្ញុំអាចនិយាយបានយ៉ាងច្បាស់ថា ការពិភាក្សាលើកុងត្រាថ្មីបានចាប់ផ្តើមហើយ ប៉ុន្តែខ្ញុំមិនដឹងទេថា នឹងមានអ្វីកើតឡើងនាពេលអនាគត។ ការផ្តោតអារម្មណ៍ទាំងស្រុងរបស់ខ្ញុំគឺទៅលើ Liverpool ខ្ញុំចង់ឈ្នះការប្រកួត ដែលនៅពីមុខខ្ញុំ ហើយគ្មានអ្វីផ្សេងទៀតទេ។ ខ្ញុំមានអារម្មណ៍ល្អណាស់ រាងកាយ ផ្លូវចិត្ត ហើយខ្ញុំកំពុងរីករាយ … ការប្តេជ្ញាចិត្តពេញលេញគឺជាមួយ Liverpool ហើយដើម្បីទទួលបានជោគជ័យក្នុងរដូវកាលនេះ»។
អ្នកចាត់ការក្រុម Liverpool លោក Arne Slot បាននិយាយកាលពីខែសីហាថា កីឡាករវ័យចំណាស់ដូចជា Van Dijk, ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah និងខ្សែការពារអង់គ្លេស Trent Alexander-Arnold ដែលស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ពួកគេ ត្រូវតែទទួលបានកិច្ចព្រមព្រៀងថ្មី។
គួរបញ្ជាក់ថា ក្លិបហង្សក្រហម Liverpool កមពុងឈរកំពូលតារាង Premier League ដោយនាំមុខ១ពិន្ទុ លើក្រុមមេឃខៀវ Manchester City បន្ទាប់ពីការប្រកួតចំនួន ៨ នៅរដូវកាលនេះ៕