មាសបន្តឡើងថ្លៃ ជិត ៥០០០ដុល្លារ ខណៈលោក ត្រាំ ផ្អាកការវាយប្រហារលើអ៊ីរ៉ង់ ២ សប្តាហ៍
តម្លៃមាសបានបន្តកើនឡើងកាលពីថ្ងៃពុធ (៨ មេសា) ខណៈទីផ្សារបានវាយតម្លៃឡើងវិញអំពីហានិភ័យរយៈពេលខ្លី បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានយល់ព្រមផ្អាកការវាយប្រហារ និងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេល ២ សប្តាហ៍ ដែលបានជួយបន្ធូរបន្ថយការព្រួយបារម្ភអំពីអតិផរណាដែលបណ្តាលមកពីថាមពល។
តម្លៃមាសបានកើនឡើង ២.៣% ដល់ ៤,៨១១.៦៦ ដុល្លារអាមេរិកក្នុងមួយអោន នៅម៉ោង ១១:៤៤ នាទី (GMT) បន្ទាប់ពីបានកើនឡើង ១.២% កាលពីថ្ងៃអង្គារ ខណៈមាសអនាគតសម្រាប់ចែកចាយនៅខែមិថុនា បានកើនឡើង ៣.៣% ដល់ ៤,៨៤០.២០ ដុល្លារអាមេរិកក្នុងមួយអោន។
លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមផ្អាកការវាយប្រហាររយៈពេល ២ សប្តាហ៍ ហើយបានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ដែលលោកបានពិពណ៌នាថាជាមូលដ្ឋានអាចអនុវត្តបានសម្រាប់ការចរចា។

ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីមានការព្រមានថា ទីក្រុងតេហេរ៉ង់ត្រូវបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនដូច្នោះទេ នឹងប្រឈមនឹងការឆ្លើយតបពីសហរដ្ឋអាមេរិក។
លោក Tai Wong ពាណិជ្ជករលោហៈឯករាជ្យ បាននិយាយថា នេះគឺជាការឡើងថ្លៃបែបប្រតិកម្មភ្លាមៗ (knee-jerk relief rally) ហើយនៅតែត្រូវរង់ចាំមើលថា អ៊ីរ៉ង់នឹងអនុវត្តតាមឬអត់។ សម្រាប់មាស មធ្យមភាគចល័ត ២០០ ថ្ងៃ នៅកម្រិត ៤,៩៣០ ដុល្លារ និងបន្ទាប់មក ៥,០០០ ដុល្លារ នឹងក្លាយជាឧបសគ្គសំខាន់ ខណៈសម្រាប់ប្រាក់ កម្រិត ៨០–៨១ ដុល្លារ ក៏ជាចំណុចសំខាន់ដូចគ្នា។
ប្រទេសប៉ាគីស្ថាន ដែលបានដើរតួជាអ្នកសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានស្នើសុំពន្យារពេល ២ សប្តាហ៍ ដើម្បីផ្តល់ឱកាសឲ្យការទូតអាចដំណើរការបាន។
ក្រុមប្រឹក្សាសន្តិសុខកំពូលអ៊ីរ៉ង់ បាននិយាយថា ការចរចាជាមួយសហរដ្ឋអាមេរិកនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីបានដាក់សំណើរតាមរយៈប៉ាគីស្ថាន ប៉ុន្តែមិនមែនជាសញ្ញាបង្ហាញថាសង្គ្រាមនឹងបញ្ចប់នោះទេ។

ការកើនឡើងនៃតម្លៃថាមពលអាចជំរុញអតិផរណា និងធ្វើឱ្យការសម្រេចចិត្តរបស់ធនាគារកណ្តាលលើការកាត់បន្ថយអត្រាការប្រាក់កាន់តែស្មុគស្មាញ។ ទោះជាយ៉ាងណា មាសត្រូវបានគេចាត់ទុកជាទ្រព្យសម្បត្តិសុវត្ថិភាព និងជាឧបករណ៍ការពារអតិផរណា ប៉ុន្តែភាពទាក់ទាញរបស់វាមាននិន្នាការថយចុះនៅពេលអត្រាការប្រាក់ខ្ពស់ ព្រោះវាមិនផ្តល់ទិន្នផល។
យោងតាមការស្រាវជ្រាវរបស់ធនាគារកណ្តាលដាឡាស ការរំខានរយៈពេលវែងដល់ពាណិជ្ជកម្មប្រេងពិភពលោក អាចជំរុញឱ្យអតិផរណានៅសហរដ្ឋអាមេរិកកើនឡើងលើសពី ៤% នៅចុងឆ្នាំនេះ ហើយអាចកើនឡើងខ្លាំងជាងនេះក្នុងរយៈពេលខ្លី។
ទោះបីមាសបានចាប់ផ្តើមឆ្នាំនេះយ៉ាងរឹងមាំក៏ដោយ តម្លៃរបស់វាបានធ្លាក់ចុះជាង ៨% ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។
បច្ចុប្បន្ន ទីផ្សារកំពុងរង់ចាំកំណត់ហេតុកិច្ចប្រជុំខែមីនារបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Federal Reserve – Fed) ដែលនឹងចេញផ្សាយនៅថ្ងៃពុធ។
ក្នុងចំណោមលោហធាតុផ្សេងទៀត តម្លៃប្រាក់ Spot Silver បានកើនឡើង ៤.៣% ដល់ ៧៦.០៨ ដុល្លារក្នុងមួយអោន ខណៈប្លាទីនកើនឡើង ២.៤% ដល់ ២,០០៤.៩៥ ដុល្លារ និង palladium កើនឡើង ២.១% ដល់ ១,៥០០ ដុល្លារ៕