ដែនជម្រកសត្វព្រៃលំផាត់ មានវត្តមានសត្វស្លាបព្រៃសរុបចំនួន ៣០៨ប្រភេទ
ភ្នំពេញ៖ ក្នុងឱកាសអបអរទិវាជីវម្រុះអន្តរជាតិ អង្គការ Nature Life នៅថ្ងៃ ២២ខែ ឧសភា ឆ្នាំ ២០២៦ នេះ បានបង្ហាញរបាយការណ៍លទ្ធផលនៃសិក្សាសត្វស្លាបនៅដែនជម្រកសត្វព្រៃលំផាត់ (LWS)ថា ដែនជម្រកសត្វព្រៃនេះ គឺជាជម្រកដ៏សំខាន់សម្រាប់ការអភិរក្សសត្វស្លាប ដោយមានវត្តមានសត្វស្លាបព្រៃសរុបចំនួន ៣០៨ប្រភេទ ត្រូវបានកត់ត្រាដោយរួមបញ្ចូលនូវទិន្នន័យចាស់ជាមួយ នឹងការកត់ត្រាថ្មី។
ប្រភពដដែលបន្តថា ទិន្នន័យនេះ រួមបញ្ចូលទាំងសត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយប្រភេទសត្វស្លាបដែលកំពុងរងការគំរាមកំហែងជាសកលផ្សេងៗទៀតជាច្រើន។ការសិក្សាសត្វស្លាបនេះ ធ្វើឡើងដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវទិន្នន័យមូលដ្ឋាននៃប្រភេទសត្វស្លាបដែលមានវត្តមានក្នុងដែនជម្រកសត្វព្រៃលំផាត់ ហើយនឹងត្រូវប្រើដើម្បីតាមដានពីប្រសិទ្ធភាពរយៈពេលវែងនៃគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់។

បើតាមប្រភពដដែល ការសិក្សាថ្មីចុងក្រោយបានកត់ត្រាប្រភេទសត្វស្លាបចំនួន ១៨២ប្រភេទ តាមរយៈការអង្កេតឃើញដោយផ្ទាល់។ ប្រភេទសត្វកម្រ និងកំពុងរងការគំរាមកំហែងត្រូវបានកត់ត្រា រួមមាន សត្វត្រយងយក្ស សត្វត្រយងចង្កំកស សត្វត្មាតភ្លើង និងសត្វក្ងោកបៃតង។ លទ្ធផលនេះបានបំពេញបន្ថែម និងបានធ្វើបច្ចុប្បន្នភាពទិន្នន័យមូលដ្ឋាននៃសត្វស្លាបសម្រាប់ដែនជម្រកសត្វព្រៃលំផាត់ដោយមានការកើនឡើងពី ២០២ ប្រភេទទៅ ៣០៨ ប្រភេទ ជាមួយនឹងប្រភេទសត្វចំនួន ២២ ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងការគំរាមកំហែងរហូតដល់ ជិតផុតពូជបំផុតក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ(IUCN Red List)។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានលើកឡើងថា “លទ្ធផលនៃការសិក្សាសត្វស្លាបក្នុងដែនជម្រកសត្វព្រៃលំផាត់ គឺជាការសបញ្ជាក់អំពីកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់ ដោយការប្តេជ្ញាចិត្តអនុវត្តសកម្មភាពរួមគ្នា ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្រចក្រា របស់ក្រសួងបរិស្ថាន(ភាពស្អាត បៃតង ចីរភាព)។ នេះជាលើកតំបូង ដែលមានការផលិតរបាយការណ៍សិក្សាពីវត្តមានសត្វស្លាបសម្រាប់ដែនជម្រកសត្វព្រៃលំផាត់ ដោយបានបញ្ជាក់ពីវត្តមានសត្វស្លាបព្រៃយ៉ាងតិច ៣០៨ ប្រភេទ រស់នៅក្នុងតំបន់ការពារដ៏ពិសេសនេះ ដែលនេះបានផ្ដល់ជាទិន្នន័យមូលដ្ឋានដ៏សំខាន់។
មន្ទីរបរិស្ថានខេត្តរតនគិរី ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបុព្វហេតុនៃកិច្ចការពារដែនជម្រកសត្វព្រៃ ដែលមានសារៈសំខាន់ជាសាកលនេះ ជាពិសេសតាមរយៈការអនុវត្តគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់។ បេសកកម្មរបស់យើងមិនមែនត្រឹមតែការពារសត្វស្លាបប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងការខិតខំប្រឹងប្រែងការពារ ថែរក្សាប្រព័ន្ធអេកូឡូស៊ីអោយមានសុខភាពល្អ និងធានាថា ទីជម្រកសត្វព្រៃធម្មជាតិ ព្រមទាំងផល-អនុផលធនធានធម្មជាតិនឹងបន្តផ្ដល់ជាផលប្រយោជន៍ដល់ប្រជាសហគមន៍ជាច្រើនឆ្នាំទៅមុខទៀត។”

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា “លទ្ធផលនៃការសិក្សាសត្វស្លាបនេះនាំមកនូវក្តីសង្ឃឹមទាក់ទងនឹងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ វាគឺជាសូចនាករដ៏សំខាន់ដើម្បីវាស់វែងភាពជោគជ័យនៃការអនុវត្តគម្រោងឥណទានកាបូន នៅក្នុងតំបន់ទេសភាពនេះ។ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តក្នុងការការពារប្រភេទសត្វស្លាបព្រៃទាំងនេះ និងទីជម្រករបស់ពួកវា។ វត្តមាននៃប្រភេទសត្វស្លាបទាំងនេះអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាខេត្តនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។”
លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា មានប្រសាសន៍ថា “ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់សត្វស្លាបដ៏សំខាន់មួយក្នុងចំណោមតំបន់ស្លាបសំខាន់ៗក្នុងពិភពលោក ដែលគាំទ្រដល់ការរស់នៅរបស់សត្វស្លាបដែលជិតផុតពូជបំផុតយ៉ាងតិចបីប្រភេទ រួមទាំងសត្វស្លាបដែលជានិមិត្តសញ្ញាតំណាងជាតិប្រទេសកម្ពុជា គឺសត្វត្រយងយក្ស។

ចាប់តាំងពីឆ្នាំ ២០២៣មក យើងបានអនុវត្តគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់ ដើម្បីការពារប្រភេទសត្វព្រៃសំខាន់ៗទាំងនេះ ព្រមទាំងធានាថា សហគមន៍មូលដ្ឋានទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌។
អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីការពារទីតាំងអនុវត្តគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់នេះសម្រាប់មនុស្សជំនាន់ក្រោយ។”
