សត្វក្រៀលចំនួន ៥២ក្បាល (ជំទង់ ១២) ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់ដីសណ្ដរមេគង្គក្រោមប្រទេសកម្ពុជា
តាកែវ៖ កាលពីថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២៤ អង្គការជីវិតធម្មជាតិនៅកម្ពុជា មន្ទីរបរិស្ថានខេត្តតាកែវ មន្ទីរបរិស្ថានខេត្តកំពត បានសហការធ្វើជំរឿនសត្វក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។
ការជំរឿននេះ មានការចូលរួមពី មន្ត្រីឧទ្យានុរក្ស មន្ត្រីកងរាជអាវុធហត្ថ សហគមន៍មូលដ្ឋាន អ្នកស្ម័គ្រ និងបុគ្គលិកអង្គការជីវិតធម្មជាតិនៅកម្ពុជា សរុបចំនួន ១៣រូប។ កាជំរឿននេះ ចាប់ផ្ដើមឡើងនៅរសៀលថ្ងៃទី៣០ ដើម្បីសង្កេតមើលទីតាំងទ្រនំសត្វក្រៀល និងរាប់ចំនួន លុះព្រឹកឡើងថ្ងៃទី៣១ ខែឆ្នាំដដែល យើងត្រូវក្រោកមុនថ្ងៃរះដើម្បីរង់ចាំរាប់ចំនួនក្រៀលដែលហើរចេញពីទ្រនំ និងបូកសរុបចំនួនជាក់ស្ដែង។
ជាលទ្ធផល សត្វក្រៀលចំនួន ៥២ក្បាល (ជំទង់ ១២) ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់ដីសណ្ដរមេគង្គក្រោមប្រទេសកម្ពុជា។ ក្នុងនោះដែរ សត្វក្រៀលចំនួន៤៤ក្បាល (ជំទង់ចំនួន១១)មានវត្តមានក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងចំនួន៨ក្បាល (ជំទង់១) មានវត្តមានក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង។ ចំនួនសរុបនេះ មានការថយចុះចំនួន១៥ក្បាល (២២.៣៩%) ធៀបនឹងចំនួនសរុបកាលពីខែធ្នូ ឆ្នាំ២០២៣ (សរុប ៦៧ក្បាល)។ ជំរឿនត្រូវធ្វេី៤ដងទៀតមុននឹងទទួលលទ្ទផលជំរឿបសរុបប្រចាំឆ្នាំ២០២៤-២០២៥។
ការថយចុះនេះបណ្ដាលមកពីកត្តាប្រឈមមួយចំនួនដូចជា ការប្រែប្រួលទីជម្រក ការរំខានពីសកម្មភាពមនុស្សចូលនេសាទក្នុងតំបន់ការពារ និងការព្រលែងសត្វក្របីច្រើនពាសវាលពាសកាលក្នុងតំបន់ការពារជាដើម។
ក្នុងនាមអង្គការសង្គមស៊ីវិលដែលធ្វើការគាំទ្រតំបន់នេះ សូមសំណូមពរដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពរដ្ឋទូទាំងប្រទេស ចូលរួមការពារតំបន់ដីសើមនេះ និងនិយាយថាទេចំពោះការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទ។ រួមទាំងអស់គ្នា យើងអាចការពារបក្សីដ៏កម្រនេះ និងទីជម្រករបស់វា៕