ចិនបាញ់បង្ហោះយានអវកាសផ្ទុកមនុស្ស ជាផ្នែកនៃមហិច្ឆតាទៅឋានព្រះច័ន្ទ
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រទេសចិនបានបាញ់បង្ហោះយានអវកាស Shenzhou-23 និងភ្ជាប់វាចូលចតដោយជោគជ័យជាមួយស្ថានីយអវកាស Tiangong នៅដើមថ្ងៃចន្ទ ដែលជាផ្នែកមួយនៃមហិច្ឆតារបស់ទីក្រុងប៉េកាំង ក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទមុនឆ្នាំ២០៣០។
ក្នុងអំឡុងបេសកកម្មនេះ អវកាសយានិកចិនម្នាក់គ្រោងនឹងស្នាក់នៅក្នុងគន្លងតារាវិថីរយៈពេលពេញមួយឆ្នាំនៅលើស្ថានីយអវកាស Tiangong ដែលជាជំហានសំខាន់មួយសម្រាប់កម្មវិធីចុះចតលើឋានព្រះច័ន្ទរបស់ចិន។
រ៉ុក្កែត Long March 2-F បានបាញ់បង្ហោះឡើងទាន់ពេលវេលានៅម៉ោង ១១:០៨នាទីយប់ថ្ងៃអាទិត្យ ពីមជ្ឈមណ្ឌលបាញ់បង្ហោះ Jiuquan នៅវាលខ្សាច់ Gobi ភាគពាយ័ព្យប្រទេសចិន។ វីដេអូរបស់ទូរទស្សន៍រដ្ឋ CCTV បានបង្ហាញឱ្យឃើញរ៉ុក្កែតផ្ទុះឡើងក្នុងអណ្តាតភ្លើង និងផ្សែងយ៉ាងសន្ធោសន្ធៅ។

ទីភ្នាក់ងារអវកាសចិន CMSA បានឱ្យដឹងតាមបណ្ដាញសង្គមថា យានអវកាសបានបំបែកចេញពីរ៉ុក្កែតប្រហែល១០នាទីក្រោយការបាញ់បង្ហោះ ហើយបានចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ។
CMSA បានបន្ថែមថា អវកាសយានិកទាំងអស់ស្ថិតក្នុងស្ថានភាពល្អ ហើយប្រតិបត្តិការបាញ់បង្ហោះទទួលបានជោគជ័យទាំងស្រុង។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ដោយដកស្រង់សម្តី CMSA ថា យាន Shenzhou-23 បានភ្ជាប់ចូលចតដោយជោគជ័យជាមួយស្ថានីយអវកាស Tiangong បន្ទាប់ពីការហោះហើររយៈពេលប្រហែល៣ម៉ោងកន្លះ។
បេសកកម្មនេះក៏ជាការធ្វើដំណើរទៅអវកាសលើកដំបូងរបស់អវកាសយានិកម្នាក់មកពីហុងកុង គឺលោក Li Jiaying (Lai Ka-ying ជាភាសាកាតាំង) អាយុ៤៣ឆ្នាំ ដែលធ្លាប់បម្រើការងារនៅកងប៉ូលិសហុងកុង។
សមាជិកនាវិកពីរនាក់ទៀត រួមមានវិស្វករអវកាស លោក Zhu Yangzhu អាយុ៣៩ឆ្នាំ និងអតីតអ្នកបើកយន្តហោះយោធា លោក Zhang Zhiyuan អាយុ៣៩ឆ្នាំ ដែលកំពុងធ្វើដំណើរទៅអវកាសជាលើកដំបូងផងដែរ។
មុនការបាញ់បង្ហោះ ហ្វូងមនុស្សបានគ្រវីទង់ជាតិចិននៅក្នុងពិធីជូនដំណើរ ខណៈក្រុមតន្ត្រីបានសម្តែង ហើយអវកាសយានិកទាំងបីនាក់បានសំពះអ្នកចូលរួមនៅលើឆាក។នាវិកអវកាសគ្រោងនឹងអនុវត្តគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន ក្នុងវិស័យជីវវិទ្យា វិទ្យាសាស្ត្រសម្ភារៈ រូបវិទ្យារាវ និងវេជ្ជសាស្ត្រ។

ការពិសោធន៍សំខាន់មួយរបស់បេសកកម្ម Shenzhou-23 គឺការស្នាក់នៅក្នុងគន្លងតារាវិថីរយៈពេលពេញមួយឆ្នាំដោយសមាជិកនាវិកម្នាក់ ដើម្បីសិក្សាអំពីផលប៉ះពាល់នៃការរស់នៅយូរនៅក្នុងបរិយាកាសទំនាញទាប។
ការពិសោធន៍នេះគឺជាផ្នែកមួយនៃការត្រៀមរបស់ចិនសម្រាប់បេសកកម្មទៅឋានព្រះច័ន្ទនាពេលអនាគត និងបេសកកម្មទៅកាន់ភពអង្គារផងដែរ។
អ្នកនាំពាក្យ CMSA ម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា អវកាសយានិកដែលត្រូវជ្រើសរើសសម្រាប់បេសកកម្មស្នាក់នៅរយៈពេលមួយឆ្នាំ នឹងត្រូវប្រកាសឈ្មោះនៅពេលក្រោយ អាស្រ័យលើវឌ្ឍនភាពនៃបេសកកម្ម Shenzhou-23។
លោក Richard de Grijs អ្នកវិទ្យាសាស្ត្រផ្នែកតារាសាស្ត្រ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Macquarie ប្រទេសអូស្ត្រាលី បាននិយាយថា បញ្ហាប្រឈមសំខាន់ៗនៃការស្នាក់នៅអវកាសរយៈពេលវែង រួមមានការបាត់បង់ដង់ស៊ីតេឆ្អឹង ការថយចុះសាច់ដុំ ការប៉ះពាល់នឹងវិទ្យុសកម្ម ការរំខានដំណេក និងការនឿយហត់ផ្នែកអាកប្បកិរិយា និងផ្លូវចិត្ត។
លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធកែច្នៃទឹក និងខ្យល់ដែលអាចទុកចិត្តបាន ព្រមទាំងសមត្ថភាពក្នុងការដោះស្រាយបញ្ហាសុខភាពបន្ទាន់នៅឆ្ងាយពីផែនដី។
លោក de Grijs បាននិយាយថា ចិនកំពុងកសាងបទពិសោធន៍ប្រតិបត្តិការយ៉ាងរឹងមាំ សម្រាប់ការគ្រប់គ្រងស្ថានីយអវកាស Tiangong ក្នុងរយៈពេលវែង ហើយបេសកកម្មរយៈពេលមួយឆ្នាំនេះ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកមហិច្ឆតាទៅឋានព្រះច័ន្ទ និងអវកាសជ្រៅនាពេលអនាគត។

លោកបានបន្ថែមថា ការស្នាក់នៅមួយឆ្នាំក្នុងគន្លងតារាវិថី គឺជាការសាកល្បងដ៏ធំទាំងលើបច្ចេកវិទ្យា និងសមត្ថភាពមនុស្ស បើប្រៀបធៀបនឹងបេសកកម្ម Shenzhou មុនៗ ដែលមានរយៈពេលខ្លីជាងនេះ។
រហូតមកដល់ពេលនេះ នាវិកនៅលើស្ថានីយ Tiangong ភាគច្រើនស្នាក់នៅក្នុងគន្លងតារាវិថីប្រហែល៦ខែ មុនពេលត្រូវបានប្ដូរវេន។
បេសកកម្ម Shenzhou-23 គឺជាផ្នែកមួយនៃគោលដៅរបស់ចិន ក្នុងការបញ្ជូនអវកាសយានិកទៅចុះចតលើឋានព្រះច័ន្ទមុនឆ្នាំ២០៣០ ខណៈសហរដ្ឋអាមេរិកក៏កំពុងប្រកួតប្រជែងតាមរយៈកម្មវិធី Artemis របស់ខ្លួនផងដែរ។
ប្រទេសចិនកំពុងធ្វើតេស្តបច្ចេកវិទ្យាចាំបាច់សម្រាប់គោលដៅនេះ ដោយគ្រោងធ្វើការហោះហើរសាកល្បងយានអវកាស Mengzhou នៅឆ្នាំ២០២៦។
យាន Mengzhou នឹងជំនួសយាន Shenzhou ជំនាន់ចាស់ និងត្រូវបានប្រើសម្រាប់ដឹកអវកាសយានិកចិនទៅកាន់ឋានព្រះច័ន្ទ។

ទីក្រុងប៉េកាំងសង្ឃឹមថា នឹងសាងសង់ដំណាក់កាលដំបូងនៃមូលដ្ឋានវិទ្យាសាស្ត្រមានមនុស្សរស់នៅនៅលើឋានព្រះច័ន្ទនៅឆ្នាំ២០៣៥ ដែលមានឈ្មោះថា ស្ថានីយស្រាវជ្រាវចន្ទគតិអន្តរជាតិ (ILRS)។
ប្រទេសចិនក៏គ្រោងទទួលអវកាសយានិកបរទេសលើកដំបូងរបស់ខ្លួនពីប្រទេសប៉ាគីស្ថាន ឱ្យទៅកាន់ស្ថានីយ Tiangong នៅចុងឆ្នាំនេះផងដែរ។
ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ ប្រទេសចិនបានពង្រីកកម្មវិធីអវកាសរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយវិនិយោគប្រាក់រាប់ពាន់លានដុល្លារ ដើម្បីតាមឱ្យទាន់សហរដ្ឋអាមេរិក រុស្ស៊ី និងអឺរ៉ុប។
នៅឆ្នាំ២០១៩ ចិនបានបញ្ជូនយាន Chang’e-4 ចុះចតនៅផ្នែកឆ្ងាយនៃឋានព្រះច័ន្ទ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រពិភពលោក។
បន្ទាប់មក នៅឆ្នាំ២០២១ ចិនក៏បានបញ្ជូនយានរុករកតូចមួយទៅចុះចតលើភពអង្គារផងដែរ។
ប្រទេសចិនត្រូវបានដកចេញពីគម្រោងស្ថានីយអវកាសអន្តរជាតិ (ISS) ជាផ្លូវការចាប់តាំងពីឆ្នាំ២០១១ បន្ទាប់ពីសហរដ្ឋអាមេរិកហាមឃាត់អង្គការ NASA មិនឱ្យសហការជាមួយទីក្រុងប៉េកាំង ដែលជំរុញឱ្យចិនអភិវឌ្ឍគម្រោងស្ថានីយអវកាសផ្ទាល់ខ្លួន៕