ហង្សក្រហម Liverpool កាន់តែខិតជិតលើកពាន Premier League ក្រោយនាំមុខក្រុមលេខ ២ រហូតដល់ ១៣ពិន្ទុ
ជាមួយនឹងជ័យជម្នះ ២-០ លើក្រុមសារិកាព្រៃ Newcastle ក្នុងសប្ដាហ៍ទី២៧ ក្រុមហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោក Arne Slot កាន់តែមានភាគរយខ្ពស់ក្នុងការគ្រងជើងឯក Premier League 2024-25 ខណៈក្រុមនៅ Anfield មួយនេះ ដាច់ពិន្ទុពីក្រុមលេខ២ កាំភ្លើងធំ Arsenal រហូតដល់ ១៣ពិន្ទុ។
កាលពីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal បានត្រឹមស្មើ 0-0 ជាមួយក្រុមកំពុងឡើងជើង Nottingham Forest ដែលធ្វើឲ្យឱកាសប្រជែងពានរបស់ពួកគេកាន់តែឆ្ងាយដៃ ខណៈ Liverpool បានយក ៣ពិន្ទុ ពីក្រុម Newcastle។ លទ្ធផលនេះ បានធ្វើឱ្យក្រុម Arne Slot ឈរកំពូលតារាង ដោយមាន ៦៧ពិន្ទុ នាំមុខក្រុម Arsenal ១៣ពិន្ទុ។
កាលពីចុងសប្តាហ៍មុន អតីតអ្នកចាត់ការ ក្រុមកាំភ្លើងធំ លោក Arsene Wenger បាននិយាយថា Liverpool មានឱកាស ៨០% ក្នុងការឈ្នះពាន Premier League ឆ្នាំនេះ។
គិតត្រឹមការប្រកួតយប់មិញនេះ Liverpool រកបានសរុប ១០១គ្រាប់ហើយ ក្នុងការប្រកួតទាំងអស់ នៅរដូវកាលនេះ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ខណៈ កីឡាករ Mohamed Salah ម្នាកឯង រួមចំណែកគ្រាប់ចំនួន ៥២គ្រាប់ (គិតទាំងស៊ុត និង Assist)។ មិនតែប៉ុណ្ណោះ Liverpool ក៏បានស៊ុតបញ្ចូលទីយ៉ាងហោចណាស់ពីរគ្រាប់ ក្នុងការប្រកួតក្នុងផ្ទះ ១៨ប្រកួតជាប់ៗគ្នា ក្នុងការប្រកួតទាំងអស់។
ចំណាត់ថ្នាក់ Top 5 នៅ Premier League រដូវកាលនេះ៖
១ Liverpool មាន ៦៧ពិន្ទុ
២ Arsenal មាន ៥៤ពិន្ទុ
៣ Nottingham Forest មាន ៤៨ពិន្ទុ
៤ Man City មាន ៤៧ពិន្ទុ
៥ Chelsea មាន ៤៦ពិន្ទុ ៕
គួរបញ្ជាក់ថា បច្ចុប្បន្ន កីឡាករ Mohamed Salah កំពុងឈរ Top Scorers នៅ Premier League ដោយស៊ុតបញ្ជូលទីបានចំនួន ២៥គ្រាប់ តាមពីក្រោយដោយ Erling Haaland មាន ២០គ្រាប់ ខណៈ Alexander Isak ឈរលេខ៣ មាន ១៩គ្រាប់៕