Close

ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយ ១.៦លានផោន សម្រាប់រយៈពេល ០១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ព័ត៌មានជាតិ
ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយ ១.៦លានផោន សម្រាប់រយៈពេល ០១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីនៅកម្ពុជា ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយ ១.៦លានផោន សម្រាប់រយៈពេល ០១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយ ១.៦ លានផោន សម្រាប់រយៈពេលមួយឆ្នាំទៀត ២០២៦-២០២៧ នៃការបោសសម្អាតមីន និងការអប់រំយល់ដឺងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងគោលបំណងរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីននៅឆ្នាំ២០៣០។

ជំនួយនេះ នឹងផ្តល់ជូនដល់អង្គការដោះមីនចំនួន ០៣រួមមាន ៖ អង្គការ HALO Trust, Mines Advisory Group (MAG) និង APOPO។ តាមរយៈជំនួយនេះ រំពឹងថា អង្គការ HALO Trust និងអង្គការ MAG នឹងរំដោះផ្ទៃដីចំនួន ៨៩០,៣00 ម៉ែត្រការ៉េ ក្នុងខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៤១៤ នាក់ ព្រមទាំងអាចផ្តល់នូវវគ្គអប់រំការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤០០០វគ្គ ដល់ប្រជាជនជាង ៤៤.២៨០ នាក់ ក្នុងនោះមានស្ត្រី ៨,៨៥៤ នាក់ និងក្មេងស្រី ១២,៦៩៦ នាក់។

ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយ ១.៦លានផោន សម្រាប់រយៈពេល ០១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីនៅកម្ពុជា

ជាមួយគ្នានោះ ចក្រភពអង់គ្លេស នឹងគាំទ្រដល់គម្រោង Minefields to Ricefields (M2R) របស់អង្គការ APOPO ដោយរួមបញ្ចូលសកម្មភាពមីនជាមួយនឹងការអភិវឌ្ឍកសិកម្មឡើងវិញ លើផ្ទៃដី ៣.៤ លានម៉ែត្រការ៉េ និងមានគ្រួសារកសិករយ៉ាងតិច ៥០០ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ រួមជាមួយនឹងគ្រួសារបន្ថែមប្រមាណជាង ៥០០ ទៀត។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ភាពជាដៃគូរវាងកម្ពុជា និងចក្រភពអង់គ្លេស នៅតែរឹងមាំ និងមិនមានការផ្លាស់ប្តូរឡើយ អស់រយៈពេល ៤ ទសវត្សរ៍មកនេះ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ អង់គ្លេស នៅតែបន្តឈរជាមួយកម្ពុជា លើសពីភាពជាដៃគូ ព្រមទាំងបានប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចការមនុស្សជាតិ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា បានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងដំណើរសកម្មភាពមីនរបស់ខ្លួន ដោយបានប្តេជ្ញាចិត្តថា នៅឆ្នាំ២០៣០ នឹងគ្មានសហគមន៍ណាមួយបន្តរងការគំរាមកំហែងដោយសារមីន។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលរហូតដល់ពេលនេះ អង់គ្លេសបានផ្តល់ជំនួយប្រមាណជា ៦៥ លានផោន៕

ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយ ១.៦លានផោន សម្រាប់រយៈពេល ០១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីនៅកម្ពុជា