អង់គ្លេស ស្វែងរកសហការជាមួយ កម្ពុជា ក្នុងការទប់ស្កាត់រាល់អំពើហិង្សាលើស្ត្រី
ភ្នំពេញ៖ លោក ដូមីនីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានលើកឡើងថា អង់គ្លេសស្វែងរកសហការជាមួយរដ្ឋសភាកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាផ្តោតលើបញ្ហាអាទិភាពសំខាន់ៗក្នុងការទប់ស្កាត់រាល់អំពើហិង្សាលើស្ត្រី។
លោក ដូមីនីក បានលើកឡើងបែបនេះ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងពេលចូលជួបពិភាក្សាការងារជាមួយ លោកស្រី ឡោក ខេង ប្រធាន គណៈកម្មការទី៨នៃរដ្ឋសភា និងណែនាំ លោក ប៊ីខាស់ ដារ៉ាហូ (Bikash Dawahoo) ទីប្រឹក្សាសមភាពយេនឌ័ររបស់ចក្រភពអង់គ្លេស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង និងជប៉ុន សម្រាប់ការផ្លាស់ប្តូរយោបល់ លើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ លោក Dominic Williams លើកឡើងថាគោលបំណងដែលមកជួបពិភាក្សានាពេលនេះគឺដើម្បីរិះរកមធ្យោបាយផ្សេងៗក្នុងការទប់ស្កាត់រាល់អំពើហិង្សាលើស្ត្រី ក៏ដូចជាបញ្ហាសមភាពយេនឌ័រដើម្បីលើកកំពស់លើការងារដល់ស្ត្រី និងផ្តល់អាទិភាពដល់ស្ត្រីនៅក្នុងមូលដ្ឋានឲ្យទទួលបានការអប់រំបណ្តុះបណ្តាលទាំងផ្នែកចំណេះដឹង ក៏ដូចជាផ្នែកសុខភាព ជាពិសេសជំរុញឱ្យស្ត្រីមានការចូលរួមធ្វើការសម្រេចចិត្តពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ»។
មួយវិញទៀតលោក ក៏បានសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំយុវជន និងកីឡា ដើម្បីស្វែងរកអាហារូបករណ៍ជូនដល់ស្ត្រី ដើម្បីបានបន្តការសិក្សានៅចក្រភពអង់គ្លេស ។ ដោយឡែកចំពោះការងារជាអាទិភាពដែលទូតអង់គ្លេសបានយកចិត្តទុកដាក់ខ្លាំងនោះគឺបញ្ហាអំពើហិង្សាលើស្ត្រី កន្លងមកទូតចក្រភពអង់គ្លេសក៏បានធ្វើកិច្ចសហការជាមួយក្រសួងកិច្ចការនារី ក៏ដូចជាអង្គការនានាផងដែរ។
នាឱកាសនោះ លោកស្រី ឡោក ខេង ថា «នៅពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា និងសភាបាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ខ្លាំងក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារ:គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយ:ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ«ស្ត្រី គឺស្នូល» ។
លើសពីនេះទៅទៀត តាមរយៈផែនការនារីរតនៈទី៦ (២០២៤-២០២៨) រាជរដ្ឋាភិបាលបន្តពង្រឹងបញ្ហាសមភាពយេនឌ័រ នៅតាមបណ្តាក្រសួង-ស្ថាប័នសាធារណៈ ព្រមទាំងនៅក្នុងកម្មវិធី គោលនយោបាយតាមវិស័យ ដែលបានផ្តោតអាទិភាពទៅលើការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងទី ផ្សារការងារ លើកកម្ពស់សហគ្រិនភាព និងការទទួលបានហិរញ្ញប្បទាន។
លោកស្រីបន្តថា ក្នុងបរិបទកម្ពុជា ទោះបីជាសមាជិកសភាជាស្ត្រីមានចំនួនតិចជាង ២០% ប៉ុន្តែសភាមានប្រធានរដ្ឋសភាជាស្ត្រីទី១ក្នុងប្រវត្តិសាស្ត្រ ចំនួនប្រធាននិងអនុប្រធានគណៈកម្មការសភាជាស្ត្រីមានការកើនឡើងជាលំដាប់។ ក្នុងខណៈដែល ស្ត្រីក្នុងថ្នាក់ដឹកនាំ មានតំណែងចាប់ពីអនុរដ្ឋលេខាធិការ រហូតដល់តំណែងជារដ្ឋមន្ត្រីមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះមានស្ត្រី ជារដ្ឋមន្ត្រីចំនួន៣រូប អគ្គសវនករ១រូប និងអគ្គទេសាភិបាលធនាគារជាតិ ១រូប។
លោកស្រី ឡោក ខេង ក៏បានស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា (collaborative effort) ជាពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាល និងអង្គការដៃគូរបស់ចក្រភពអង់គ្លេស ក្នុងវេទិកាសភាដើម្បីលើកម្ពស់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្ត្រី តួយ៉ាងដូចជា (១) យុទ្ធនាការ #girl2leader (២) យុទ្ធនាការលើកកម្ពស់ការយល់ដឹងពីសុខភាពស្ត្រី (៣)វេទិកាជំរុញ និងបង្កើនការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍ (អប់រំ និង ការងារ) (៤)ការចូលរួមពេញលេញរបស់ស្ត្រីនៅក្នុងបរិវត្តកម្មឌីជីថល ។ល។៕