Mbappe ស៊ុតបាល់ ១១ម៉ែត្រ មិនចូលធ្វើឲ្យ Real Madrid ចាញ់ Liverpool
ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិបារាំង Kylian Mbappe បានខកខានឱកាសរកគ្រាប់បាល់ បន្ទាប់ពីស៊ុតប៉េណាល់ទី មិនចូល ធ្វើឲ្យក្រុមអធិរាជស Real Madrid បរាជ័យក្រោមថ្វីជើង ហង្សក្រហម Liverpool ក្នុងលទ្ធផល ០-២ នៅក្នុងក្របខ័ណ្ឌ Champions League សប្ដាហ៍ទី៥។
Mbappe បានចូលរួមជាមួយ Real ជាមួយនឹងក្តីសុបិននៃការឈ្នះពានរង្វាន់ Champions League ប៉ុន្តែរូបគេបានប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លា ពីមិត្តរួមក្រុម Vinicius សម្រាប់តំណែងស្លាបឆ្វេង។ របួសរបស់ Vinicius បានផ្ដល់ឱកាសមួយ សម្រាប់ Mbappe ក្នុងការត្រឡប់ទៅលេងនៅតំបន់ស្លាបឆ្វេង ជាកន្លែងដែលរូបគេធ្លាប់បានធ្វើព្យុះធ្វើភ្លៀងកាលនៅ PSG ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រឈមមុខនឹងកំផែងការពារដ៏រឹងមាំបំផុតរបស់ Liverpool ដែលជាក្រុមជើងខ្លាំងនៅ Premier League មិនមែនជារឿងងាយស្រួលនោះទេ។ កាលពីម្សិលមិញ Mbappe ហាក់ដូចជាជាប់គាំ ចំណែកឯការទាត់បាល់យ៉ាងមុតស្រួចរបស់គាត់លែងមានហើយ ប៉ុន្តែជំនួសមកវិញ នូងការខូចបាល់ បញ្ជូនបាល់ខុស និងបញ្ចប់ទីគ្មានប្រសិទ្ធភាព។ Mbappe ត្រូវបានរារាំង ដោយខ្សែការពារស្តាំ ដែលគេមិនសូវស្គាល់ គឺកីឡាករ Conor Bradley។
អ្វីដែលកាន់តែយ៉ាប់យឺនទៀតនោះ Mbappe គឺការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទី៦២។ បន្ទាប់ពី Lucas Vazquez ត្រូវបាន Andy Robertson បង្កកំហុសក្នុងប្រអប់នោះ Mbappe បានទទួលខុសត្រូវចំពោះការទាត់បាល់ពិន័យនេះ។ ទោះជាយ៉ាងណា ការស៊ុតរបស់គាត់ ខ្សោយពេក ដែលអាចឲ្យអ្នកចាំទី Caoimhin Kelleher របស់ហង្សក្រហម សង្គ្រោះបានយ៉ាងងាយ។ ការខកខាននេះ បានធ្វើឱ្យ Real Madrid បាត់បង់ឱកាសដ៏ល្អក្នុងការតាមស្មើ ១-១។
ងាកមកចាប់អារម្មណ៍ការប្រកួតកាលពីយប់មិញ ម្ចាស់ផ្ទះ Liverpool បានបើការនាំមុខមុន ដោយកីឡាករ Alexis Mac Allister នៅនាទី៥២ មុនពេលដែល Cody Gakpo ស៊ុតគ្រាប់បាល់ទី២ នៅនាទី៧៦។ ក្នុងការប្រកួតនេះ ក្រុមទាំងពីរទទួលបានការស៊ុតបាល់ពិន័យ១១ម៉ែត្រ ម្នាក់មួយគ្រាប់ ប៉ុន្តែស៊ុតតែមិនអាចបំប៉ោងសំណាញ់ទីបានដូចគ្នា ពីសំណាក់កីឡាករ Mbappe និង Salah។
មែនទែនទៅ នេះគឺជាជ័យជំនះ លើកដំបូង សម្រាប់ Liverpool លើក្រុម Real Madrid ក្នុងរយៈពេល ១៥ឆ្នាំ ដោយពួកគេចាញ់ចំនួន ៧ដង និងស្មើមួយ។ ក្រោយចប់ការប្រកួត Liverpool ឈរនៅកំពូលតារាង ក្នុងចំណោមក្រុមទាំង៣៦ ហើយជាក្រុមតែមួយគត់ ដែលឈ្នះគ្រប់ការប្រកួត។ មិនតែប៉ុណ្ណោះ ពួកគេក៏បានក្លាយជាក្រុមដំបូងគេ ដែលបានកក់កៅអីទៅកាន់វគ្គចែកពូល នៃក្របខ័ណ្ឌ Champions League នេះ ខណៈ Real Madrid ក្នុងនាមជាម្ចាស់ការពារជើងឯក ឈរនៅលេខរៀងទី២៤ ៕