លោក Ancelotti ថា Mbappe អាចក្លាយជា Legend របស់ Real Madrid ដូច Ronaldo
គ្រូបង្វឹកអធិរាជស លោក Carlo Ancelotti បានសរសើរថា ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe មានសមត្ថភាព ក្នុងការបង្កើតនូវសមិទ្ធិផលដ៏អស្ចារ្យដូចកីឡាករ Cristiano Ronaldo នៅ Real Madrid ។
លោក Ancelotti បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជើងទីពីរ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Real Sociedad ថា៖« វាពិតជាលំបាកណាស់ ក្នុងការប្រៀបធៀបកីឡាករពីរនាក់។ ខ្ញុំសង្ឃឹមថា Mbappe អាចសម្រេចបាននូវអ្វីដែល Cristiano Ronaldo បានធ្វើនៅ Real Madrid ។ គាត់ពិតជាមានសមត្ថភាពធ្វើដូច្នោះមែន។ ប្រសិនបើគាត់ធ្វើបាន Mbappe នឹងក្លាយជា Legend របស់ Real Madrid ដូច Ronaldo»។
អំឡុងពេលប្រកបអាជីពនៅ Real Madrid ពីឆ្នាំ ២០០៩ ដល់ ២០១៨ កីឡាករ Cristiano Ronaldo លេងឱ្យ Real បានបង្កើតកំណត់ត្រាជាច្រើន ដោយស៊ុតបញ្ជូលទីបានចំនួន ៤៥០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៤៣៨ប្រកួត។
ទោះបីជាធ្វើមិនបានល្អនៅប៉ុន្មានប្រកួតដំបូងក៏ដោយ ប៉ុតន្តែ ពេលនេះ Mbappe បានស្មើកំណត់ត្រាចាស់របស់ CR7 នៅក្នុងរដូវកាលដំបូងរបស់គាត់ នៅ Real Madrid ដោយស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ នៅក្នុងការប្រកួតទាំងអស់។ ក្នុងប្រវត្តិសាស្ត្រ មានតែអតីតកីឡាករឈីលី Ivan Zamorano ប៉ុណ្ណោះ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងរដូវកាលដំបូងរបស់គាត់នៅ Bernabeu ពោលគឺចំនួន ៣៧គ្រាប់។
នៅពេលនិយាយអំពីសមិទ្ធិផលខាងលើ បន្ទាប់ពីឈ្នះ ៣-២ លើក្រុម Leganes ក្នុងជុំទី ២៩ នៅ La Liga កាលពីសប្តាហ៍មុន Mbappe បាននិយាយថា វាអស្ចារ្យណាស់ ជាពិសេស Ronaldo តែងតែមានឥទ្ធិពលយ៉ាងខ្លាំងលើ Real Madrid ក៏ដូចជាគេផ្ទាល់៕
គួរបញ្ជាក់ថា Real Madrid នឹងបើកទ្វារកីឡដ្ឋាន Bernabeu ទទួលស្វាគមក្រុម Real Sociedad ក្នុងការប្រកួត Copa del Rey ជើងទី២ ខណៈជើងទីមួយ Real Madrid បានយកឈ្នះ Real Sociedad ១-០៕