មិនគួរឲ្យជឿ! Arsenal លត់ Real Madrid យ៉ាងចាស់ដៃ នៅ Champions League
ខ្សែបម្រើ Declan Rice បានស៊ុតបាល់ Free-kick យ៉ាងអស្ចារ្យចំនួនពីរគ្រាប់ ដើម្បីជួយក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមការពារតំណែងជើងឯក អធិរាជស Real Madrid ក្នុងលទ្ធផល ៣-០ ក្នុងជើងទីមួយ នៃការប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រ។
អ្នកចាំទី Thibaut Courtois បានធ្វើការសង្គ្រោះដ៏អស្ចារ្យចំនួន ៥លើក ក្នុងការប្រកួតនេះ ប៉ុន្តែរូបគេគ្មានឱកាសក្នុងការបញ្ឈប់គ្រាប់បាល់ចំនួន ៣គ្រាប់របស់ Arsenal នោះទេ។ ការស៊ុតបាល់បញ្ចូលទីទាំងបីរបស់ក្រុមម្ចាស់ផ្ទះ សុទ្ធតែជាគ្រាប់បាល់ដ៏ល្អ។ ការស៊ុតបាល់ពិន័យ Free-kick ពីរគ្រាប់របស់ Rice រួមជាមួយនឹងការស៊ុតរបស់ Mikel Merino បានជួយឱ្យក្រុមកាំភ្លើងធំស្ទើរ លត់ក្រុមខ្លាំង Real Madrid ក្នុងលទ្ធផល ៣ទល់នឹង០។
មែនទែនទៅ មុនពេលការប្រកួតនេះ ខ្សែបម្រើ Declan Rice មិនដែលស៊ុតបាល់ Free-kick ទេ ក្នុងអាជីពប្រាំបួនរដូវកាលរបស់គាត់។ ប៉ុន្តែក្នុងរយៈពេល ១២នាទី Rice បានក្លាយជាកីឡាករទី៥ ដែលស៊ុតបាល់ Free-kick ពីរលើក ក្នុងការប្រកួតក្របខ័ណ្ឌ Champions League បន្ទាប់ពី Rivaldo, Cristiano Ronaldo, Neymar និង Hakim Ziyech ។
បន្ទាប់ពីបរាជ័យដ៏ធ្ងន់កាលពីយប់មិញនេះ Real Madrid នឹងត្រូវឈ្នះយ៉ាងហោចណាស់ ៣គ្រាប់ នៅ ជើងទី២ ដើម្បីអាចមានឱកាសឡើងទៅកាន់វគ្គបន្ត ខណៈក្រុមក្រុមកាំភ្លើងធំ មិនងាយនឹងឲ្យក្រុមណាអាចស៊ុតបញ្ជូលទីលើពួកគេច្រើនគ្រាប់ណាស់ ពោលគឺលើកចុងក្រោយ ដែល Arsenal របូតគ្រាប់បាល់ ៣គ្រាប់ គឺជិត២ឆ្នាំមុន ដែលពួកគេបានចាញ់ Brighton ០-៣ នៅ Premier League។
គួរបញ្ជាក់ថា ការប្រកួតជើងទី២ របស់ Real Madrid និង Arsenal នឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ នាកីឡដ្ឋានដ៏ទំនើបរបស់ពិភពលោក Santiago Bernabéu របស់ Real Madrid៕