Close

លោក Trump ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ «ជិតដួលរលំ» ខណៈក្តីសង្ឃឹមលើកិច្ចព្រមព្រៀងកាន់តែស្រពិចស្រពិល

ដោយ៖ Chhan Sreyka ​​ | 1 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ «ជិតដួលរលំ» ខណៈក្តីសង្ឃឹមលើកិច្ចព្រមព្រៀងកាន់តែស្រពិចស្រពិល លោក Trump ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ «ជិតដួលរលំ» ខណៈក្តីសង្ឃឹមលើកិច្ចព្រមព្រៀងកាន់តែស្រពិចស្រពិល

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (១១ ឧសភា) ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់កំពុង «ស្ថិតក្នុងស្ថានភាពជិតដួលរលំ» បន្ទាប់ពីការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បញ្ចប់សង្គ្រាម បានបង្ហាញថា ភាគីទាំងពីរនៅមានគម្លាតធំលើបញ្ហាសំខាន់ៗមួយចំនួន។

អ៊ីរ៉ង់បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ រួមទាំងនៅប្រទេសលីបង់ ដែលអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក កំពុងប្រយុទ្ធជាមួយក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។

ទីក្រុងតេអេរ៉ង់ក៏បានទាមទារសំណងសម្រាប់ការខូចខាតដោយសារសង្គ្រាម ការបញ្ចប់ការបិទផ្លូវនាវាចរណ៍របស់សហរដ្ឋអាមេរិក ការធានាថានឹងមិនមានការវាយប្រហារបន្ថែមទៀត និងការចាប់ផ្តើមលក់ប្រេងរបស់អ៊ីរ៉ង់ឡើងវិញ។

លោក Trump ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ «ជិតដួលរលំ» ខណៈក្តីសង្ឃឹមលើកិច្ចព្រមព្រៀងកាន់តែស្រពិចស្រពិល

អ៊ីរ៉ង់ក៏បានសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់ខ្លួនលើច្រកសមុទ្រ Hormuz ដែលជាទីតាំងដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់ពិភពលោក។ ទីក្រុងតេអេរ៉ង់បានបិទចរាចរណ៍ដឹកជញ្ជូននៅតំបន់នោះ ដែលជាធម្មតាដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នពិភពលោក។

លោក Trump បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់បានគំរាមកំហែងដល់ស្ថានភាពនៃបទឈប់បាញ់ ដែលមានតាំងពីថ្ងៃទី៧ ខែមេសា។ លោកបានថ្លែងថា៖
«ខ្ញុំគិតថា វាជាស្ថានភាពខ្សោយបំផុតនៅពេលនេះ បន្ទាប់ពីអានឯកសារដែលពួកគេផ្ញើមក ដែលខ្ញុំចាត់ទុកថាជា “សំរាម”។ ខ្ញុំមិនទាំងអានចប់ផង»។

សហរដ្ឋអាមេរិកបានស្នើឱ្យបញ្ចប់ការប្រយុទ្ធជាមុនសិន មុនពេលចាប់ផ្តើមកិច្ចពិភាក្សាលើបញ្ហាចម្រូងចម្រាសផ្សេងៗ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។

យ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់បានការពារជំហររបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា៖ «តម្រូវការរបស់យើងគឺស្របច្បាប់»។

លោក Trump ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ «ជិតដួលរលំ» ខណៈក្តីសង្ឃឹមលើកិច្ចព្រមព្រៀងកាន់តែស្រពិចស្រពិល

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf ក៏បានព្រមានដែរថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះ «សកម្មភាពឈ្លានពាន» ណាមួយ។

ជម្លោះនេះបានបន្តជះឥទ្ធិពលដល់ទីផ្សារថាមពលពិភពលោក។ តម្លៃប្រេងឆៅ Brent បានកើនឡើង ៣% ដល់ជាង ១០៤ ដុល្លារក្នុងមួយបារ៉ែល ខណៈការជាប់គាំងនៃការចរចា បានធ្វើឱ្យច្រកសមុទ្រ Hormuz នៅតែបិទជាច្រើនផ្នែក។

មុនសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ផ្លូវទឹកដ៏តូចចង្អៀតនេះ បានដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំនៃពិភពលោក ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជាចំណុចសម្ពាធដ៏សំខាន់ក្នុងជម្លោះ។

ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ការរំខានដោយសារការបិទច្រកសមុទ្រជិតទាំងស្រុង បានបង្ខំឱ្យក្រុមហ៊ុនផលិតប្រេងកាត់បន្ថយការនាំចេញ ខណៈទិន្នផលប្រេងរបស់អង្គការ OPEC បានធ្លាក់ចុះបន្ថែមទៀតក្នុងខែមេសា ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍។

នៅថ្ងៃចន្ទដែរ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងក្រុមហ៊ុន ដែលខ្លួនចោទថា បានជួយអ៊ីរ៉ង់ដឹកជញ្ជូនប្រេងទៅកាន់ប្រទេសចិន។ វ៉ាស៊ីនតោនបានបញ្ជាក់ថា វាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់ផ្តាច់ប្រភពមូលនិធិសម្រាប់កម្មវិធីយោធា និងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

លោក Trump ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ «ជិតដួលរលំ» ខណៈក្តីសង្ឃឹមលើកិច្ចព្រមព្រៀងកាន់តែស្រពិចស្រពិល

ចរាចរណ៍នាវានៅច្រកសមុទ្រ Hormuz ធ្លាក់ចុះខ្លាំង

ចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងមុនសង្គ្រាម។ ទិន្នន័យពី Kpler និង LSEG បានបង្ហាញថា នាវាដឹកប្រេងចំនួន ៣ គ្រឿង ដែលផ្ទុកប្រេងឆៅ បានចាកចេញពីផ្លូវទឹកនេះកាលពីសប្តាហ៍មុន ដោយបិទប្រព័ន្ធតាមដានទីតាំង ដើម្បីជៀសវាងការវាយប្រហារពីអ៊ីរ៉ង់។

ទិន្នន័យក៏បានបង្ហាញដែរថា នាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) របស់កាតាមួយគ្រឿងទៀត កំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ បន្ទាប់ពីនាវាដឹក LNG ដំបូង បានឆ្លងកាត់ដោយជោគជ័យក្រោមការរៀបចំដែលមានការចូលរួមពីអ៊ីរ៉ង់ និងប៉ាគីស្ថាន។

ការផ្ទុះអំពើហិង្សាជាបន្តបន្ទាប់នៅជុំវិញច្រកសមុទ្រ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក៏បានដាក់សម្ពាធបន្ថែមលើបទឈប់បាញ់ផងដែរ។

នៅសហរដ្ឋអាមេរិក ការស្ទង់មតិបានបង្ហាញថា សង្គ្រាមនេះមិនទទួលបានការគាំទ្រពីសាធារណជនទេ ខណៈអ្នកបោះឆ្នោតកំពុងប្រឈមនឹងតម្លៃប្រេងសាំងកើនឡើង មុនការបោះឆ្នោតទូទាំងប្រទេសក្នុងរយៈពេលតិចជាងប្រាំមួយខែ។

យោងតាមការស្ទង់មតិ Reuters/Ipsos ដែលបញ្ចប់កាលពីថ្ងៃចន្ទ ជនជាតិអាមេរិកពីរនាក់ក្នុងចំណោមបីនាក់ យល់ថា លោក Trump មិនបានពន្យល់ច្បាស់ពីមូលហេតុដែលសហរដ្ឋអាមេរិកចូលរួមក្នុងសង្គ្រាមនេះទេ។

ក្នុងរយៈពេលជាងពីរខែនៃជម្លោះ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ជាមួយយុទ្ធនាការវាយប្រហាររួមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រហែល ៦៦% នៃអ្នកឆ្លើយតបការស្ទង់មតិ រួមទាំងសមាជិកគណបក្សសាធារណរដ្ឋមួយភាគបី និងស្ទើរតែសមាជិកគណបក្សប្រជាធិបតេយ្យទាំងអស់ បាននិយាយថា លោក Trump មិនបាន «ពន្យល់ច្បាស់ពីគោលដៅនៃការចូលរួមយោធារបស់អាមេរិកនៅអ៊ីរ៉ង់» នោះទេ។

លោក Qalibaf បានចាប់យកការមិនពេញចិត្តដែលកំពុងកើនឡើងនៅសហរដ្ឋអាមេរិក ដោយព្រមានថា សង្គ្រាមដែលអូសបន្លាយយូរ នឹងធ្វើឱ្យបន្ទុកលើប្រជាជនអាមេរិកកាន់តែធ្ងន់ធ្ងរ។

លោកបានសរសេរនៅលើបណ្ដាញ X ថា៖
«ពួកគេកាន់តែពន្យារពេលយូរ អ្នកបង់ពន្ធអាមេរិកនឹងចំណាយកាន់តែច្រើន»

ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនក៏កំពុងប្រឈមការលំបាកក្នុងការកសាងការគាំទ្រពីអន្តរជាតិផងដែរ ដោយសម្ព័ន្ធមិត្ត NATO បានបដិសេធមិនបញ្ជូននាវា ដើម្បីបើកផ្លូវដឹកជញ្ជូនឡើងវិញ លុះត្រាតែមានកិច្ចព្រមព្រៀងសន្តិភាពពេញលេញ និងបេសកកម្មដែលមានអាណត្តិអន្តរជាតិ។

ប្រភពការទូតតួកគីបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ដែលបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប៉ាគីស្ថាន ចាប់តាំងពីសង្គ្រាមចាប់ផ្តើម នឹងបើកកិច្ចពិភាក្សានៅប្រទេសកាតា នៅថ្ងៃអង្គារ ស្តីពីជម្លោះ និងការធានាសុវត្ថិភាពនាវាចរណ៍នៅច្រកសមុទ្រ Hormuz៕