ហេតុអ្វីបានជាពិភពលោកកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលចិន-អាមេរិកនាពេលខាងមុខ?
ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។
ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែបន្តអូសបន្លាយ និងការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនៅមានភាពផុយស្រួយ មជ្ឈដ្ឋានអន្តរជាតិកំពុងតាមដានយ៉ាងដិតដល់ថា តើមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនេះ អាចជួយធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាពបន្ថែមទៀត និងផ្តល់ភាពប្រាកដប្រជាដល់ពិភពលោកបានដែរឬទេ។
រក្សាទំនាក់ទំនងចិន-អាមេរិកឱ្យស្ថិតនៅលើមាគ៌ាត្រឹមត្រូវ
សម្រាប់អ្នកសង្កេតការណ៍ជាច្រើន កិច្ចប្រជុំកំពូលលើកនេះ ឆ្លុះបញ្ចាំងពីក្តីសង្ឃឹមដ៏សំខាន់មួយ គឺការរក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី។
បទសម្ភាសន៍ដែលធ្វើឡើងដោយសារព័ត៌មានចិន CGTN បានបង្ហាញថា អ្នកជំនាញជាច្រើនយល់ឃើញដូចគ្នាថា ការទូតរវាងប្រមុខរដ្ឋ បានដើរតួនាទីជាយុថ្កានៃស្ថិរភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរជាយូរមកហើយ។
លោក Wu Xinbo ព្រឹទ្ធបុរសនៃវិទ្យាស្ថានសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យ Fudan បានលើកឡើងថា ការទូតរវាងប្រមុខរដ្ឋបែបនេះ «កំណត់ទិសដៅ និងបរិយាកាសទូទៅ» នៃទំនាក់ទំនងទ្វេភាគី។
ចំណែកលោក Sun Taiyi សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Christopher Newport ក៏បានកត់សម្គាល់ផងដែរថា ការប្រាស្រ័យទាក់ទងដោយផ្ទាល់រវាងមេដឹកនាំ អាចជួយកាត់បន្ថយភាពមិនច្បាស់លាស់ ទប់ស្កាត់ការគណនាខុសធ្ងន់ធ្ងរ និងបញ្ជាក់ថា ស្ថិរភាពនៅតែជាអាទិភាពសំខាន់បំផុត។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មេដឹកនាំទាំងពីរបានរក្សាទំនាក់ទំនងតាមរយៈការហៅទូរស័ព្ទ និងការជួបផ្ទាល់នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដែលបានជួយទប់ស្កាត់ការគណនាខុសធំៗ និងរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនៅទីក្រុងប៊ូសាន លោក ស៊ី ជីនពីង បានប្រាប់លោក ត្រាំ ថា៖
«ទោះបីប្រឈមមុខនឹងខ្យល់បក់ រលក និងបញ្ហាប្រឈមក៏ដោយ យើងគួររក្សាទិសដៅត្រឹមត្រូវ ឆ្លងកាត់ស្ថានភាពស្មុគស្មាញ និងធានាឱ្យនាវាដ៏ធំនៃទំនាក់ទំនងចិន-អាមេរិក បន្តដំណើរទៅមុខដោយមានស្ថិរភាព»។

ការប្រៀបធៀបអំពី «ការដឹកនាំនាវា» នៃទំនាក់ទំនងចិន-អាមេរិកនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈវឌ្ឍនភាពជាក់ស្តែងផងដែរ។
ចាប់តាំងពីឆ្នាំ២០២៥ ក្រោមការឯកភាពជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ក្រុមការងារសេដ្ឋកិច្ចរបស់ភាគីទាំងពីរ បានបើកកិច្ចពិភាក្សាជាច្រើនលើក ខណៈវិធានការដំឡើងពន្ធគយទ្រង់ទ្រាយធំត្រូវបានផ្អាក។ ការពិគ្រោះយោបល់ជុំថ្មីមួយ គ្រោងធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា មុនកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង។
ជាមួយគ្នានេះ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏បានចាប់ផ្តើមមានសន្ទុះឡើងវិញផងដែរ។ នៅខែមេសា ទីក្រុងប៉េកាំងបានរៀបចំព្រឹត្តិការណ៍រំលឹកខួបលើកទី៥៥ នៃការទូត «Ping-Pong» រវាងចិន និងអាមេរិក ដោយមានយុវជនរាប់រយនាក់ពីប្រទេសទាំងពីរ ចូលរួមក្នុងសកម្មភាពកីឡា និងវប្បធម៌។ យុវជនអាមេរិកជាច្រើនទៀត ក៏បានធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់កម្មវិធីផ្លាស់ប្តូរ និងការសិក្សាផងដែរ។
នាំមកនូវភាពប្រាកដប្រជាដល់ពិភពលោកដែលកំពុងប្រែប្រួល
ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោក ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថា ជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោក។
ដូច្នេះ លទ្ធផលនៃការទូតរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ មិនត្រឹមតែមានសារៈសំខាន់ចំពោះទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏អាចមានឥទ្ធិពលយ៉ាងទូលំទូលាយលើការអភិវឌ្ឍ និងអភិបាលកិច្ចសកលផងដែរ។
លោក Chad Bown សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Peterson បាននិយាយថា៖ «មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែមានចំណែកក្នុងលទ្ធផលនៃទំនាក់ទំនងនេះ»។
ចំណែកលោក Eswar Prasad សេដ្ឋវិទូនៅសាកលវិទ្យាល័យ Cornell បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ អាចមានផលប៉ះពាល់ដល់ពាណិជ្ជកម្មសកល ភូមិសាស្ត្រនយោបាយ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
អ្នកជំនាញជាច្រើនដែល CGTN បានសម្ភាសន៍ ក៏បានលើកឡើងស្រដៀងគ្នានេះផងដែរ។
លោក Zhang Tengjun អ្នកស្រាវជ្រាវរងនៃវិទ្យាស្ថានសិក្សាអាមេរិក នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បាននិយាយថា កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ អាចបញ្ចូលសន្ទុះថ្មីដល់ការស្តារសេដ្ឋកិច្ចពិភពលោក និងជួយធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់មានស្ថិរភាពជាងមុន។
លោក Sun Taiyi ក៏បានបន្ថែមថា ទំនាក់ទំនងដែលមានស្ថិរភាពរវាងចិន និងអាមេរិក អាចជួយកាត់បន្ថយហានិភ័យនៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ភាពប្រែប្រួលហិរញ្ញវត្ថុ និងការបែកបាក់ភូមិសាស្ត្រនយោបាយ។
លោក Wu Xinbo បានកត់សម្គាល់ថា ក្នុងនាមជាមហាអំណាចបច្ចេកវិទ្យាធំបំផុតពីររបស់ពិភពលោក ចិន និងសហរដ្ឋអាមេរិក មានសមត្ថភាពបង្កើតលទ្ធផល «ឈ្នះ-ឈ្នះ» តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលអាចគាំទ្រដល់កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពវិទ្យាសាស្ត្រសកល។
ដូចគ្នានេះដែរ លោក Cui Fan អនុប្រធានសាកលវិទ្យាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានទំនួលខុសត្រូវរួម ក្នុងការរក្សាស្ថិរភាពអភិបាលកិច្ចសកល។
លោក ស៊ី ជីនពីង ក៏បានគូសបញ្ជាក់អំពីទំនួលខុសត្រូវនេះនៅទីក្រុងប៊ូសានផងដែរថា៖
«ពិភពលោកសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើន។ ចិន និងសហរដ្ឋអាមេរិក អាចរួមគ្នាទទួលខុសត្រូវក្នុងនាមជាប្រទេសធំៗ និងធ្វើការរួមគ្នាដើម្បីសម្រេចសមិទ្ធផលជាក់ស្តែងបន្ថែមទៀត សម្រាប់ប្រយោជន៍នៃប្រទេសទាំងពីរ និងពិភពលោកទាំងមូល»។

ឆ្នាំនេះក៏ត្រូវបានគេចាត់ទុកថា ជាពេលវេលាសំខាន់សម្រាប់ការបង្ហាញទំនួលខុសត្រូវនោះផងដែរ ខណៈដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC និងសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមេដឹកនាំ G20 ដែលអាចក្លាយជាវេទិកាសម្រាប់សម្របសម្រួលលើការស្តារសេដ្ឋកិច្ចពិភពលោក សន្តិសុខស្បៀងអាហារ និងថាមពល ហានិភ័យបំណុល និងកំណែទម្រង់អភិបាលកិច្ចសកល។
ក្នុងការហៅទូរស័ព្ទកាលពីខែកុម្ភៈ លោក ស៊ី បានប្រាប់លោក ត្រាំ ថា៖
«ប្រសិនបើភាគីទាំងពីរធ្វើការក្នុងទិសដៅតែមួយ ដោយផ្អែកលើស្មារតីសមភាព ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម នោះយើងប្រាកដជាអាចស្វែងរកវិធីដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមកបាន»។
ពិភពលោកកំពុងតាមដានកិច្ចប្រជុំកំពូលនាពេលខាងមុខនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីមើលថា តើទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន អាចបម្លែងការប្តេជ្ញាចិត្តទាំងនេះទៅជាសកម្មភាពជាក់ស្តែងបានដែរឬទេ និងថាតើឆ្នាំ២០២៦ អាចក្លាយជាឆ្នាំនៃការពង្រឹងការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ «ឈ្នះ-ឈ្នះ» រវាងប្រទេសមហាអំណាចទាំងពីរបានដែរឬទេ៕