ទីបំផុត! ករណី សង្ស័យលើការប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន របស់អ្នកចាំទី វីរៈ ដារ៉ា ចេញហើយ
ក្រោយចំណាយពេលសើបអង្កេតជាង៣ខែ នៅទីបំផុត! ករណី សង្ស័យលើការប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន របស់អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា វីរៈ ដារ៉ា បានចេញលទ្ធផលហើយ ដោយកីឡាករ ជម្រើសជាតិ វ័យក្មេងរូបនេះ ពុំមានអ្វីពាក់ព័ន្ធទៅនឹងការសង្ស័យទាំងអស់នោះទេ។
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានសេចក្តីសោមនស្សរីករាយសូមធ្វើសេចក្តីប្រកាសព័ត៌មាន អំពីករណី ការសង្ស័យ លើការប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន របស់កីឡាករ វីរៈ ដារ៉ា ក្នុងការប្រកួតជាផ្លូវការរវាងក្រុមជម្រើស ជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិសិង្ហបុរី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup នៅទីលាននៃកីឡដ្ឋានជាតិ (National Stadium) ប្រទេសសិង្ហបុរី។
ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការតាមដាន និងស៊ើបអង្កេតតាមសមត្ថកិច្ចជំនាញរួចរាល់ និងរួមផ្សំដោយ ការស្រាវជ្រាវរបស់គណៈកម្មការសុចរិតភាពរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅតាមនីតិវិធីជាក់លាក់ និងដោយការយក ចិត្តទុកដាក់ ជាមួយនឹងអង្គភាពជំនាញក្រៅប្រទេសមួយចំនួនកន្លងមក បានបង្ហាញលទ្ធផលជា អវិជ្ជមានរួមគ្នា ថា ៖ កីឡាករ ជម្រើសជាតិ វីរៈ ដារ៉ា ពុំមានអ្វីពាក់ព័ន្ធទៅនឹងការសង្ស័យទាំងអស់នោះទេ។ ផ្ទុយទៅវិញ កំហុសដែលកើតឡើង នាពេលនោះ គឺជាកំហុសបច្ចេកទេសនៃការលេង ដោយអចេតនាប៉ុណ្ណោះ។ សូមបញ្ជាក់បន្ថែមថា រាល់ករណីមន្ទិលសង្ស័យ ទាំងឡាយណាដែលកើតមានអំឡុងពេលដំណើរការនៃការប្រកួត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅតែបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីរក្សាបាននូវសុចរិតភាពនៅក្នុងវិស័យបាល់ទាត់នៅកម្ពុជា។
ទន្ទឹមនឹងការចាត់វិធានការ និងដើម្បីទប់ស្កាត់បញ្ហាដូចខាងលើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ចេញនូវ វិធានការ ដែលបានប្រកាសជូនក្នុងមហាសន្និបាតលើកទី១៩ របស់ខ្លួន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លើការបែងចែក ភាគលាភដែលបានមកពីការលក់សំបុត្រនៃការរៀបចំប្រកួតរបស់ក្រុមជម្រើសជាតិ បន្ទាប់ពីដកចំណាយលើប្រតិបត្តិការណ៍ និងពន្ធ ផ្តល់ជូនផ្នែកពាក់ព័ន្ធចំនួន ០៤ គឺ៖
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ២៥%
សមាគម/ក្លិប (កីឡាករជាប់ក្នុងក្រុមជម្រើសជាតិ) ២៥%
ក្រុមជម្រើសជាតិ ២៥%
សុខុមាលភាព ២៥% ។
សេចក្តីដូចបានជម្រាបជូនខាងលើ ចាត់ទុកជាសេចក្តីជូនដំណឹងដល់បងប្អូន ទស្សនិកជន ទាំងអស់ដែលចូលចិត្ត ស្រឡាញ់ និងគាំទ្រវិស័យបាល់ទាត់ជ្រាបជាព័ត៌មាន។សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលយកការរិះគន់ និងព័ត៌មានផ្សេងៗពីទស្សនិកជនអ្នកស្រឡាញ់បាល់ទាត់។
គួររំលឹកថា ក្នុងការប្រកួតរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិសិង្ហបុរី ក្នុងប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ អ្នកចាំទី វីរៈ ដារ៉ា បានបង្កកំហុសដោយឲ្យគូប្រជែងស៊ុតបាល់បញ្ជូលទីស្រួលៗចំនួន២គ្រាប់ ជាហេតុនាំឲ្យអ្នកគាំទ្រ ស្នើរឲ្យ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបើកការសើបអង្កេតលើភាពមិនប្រក្រតីនេះ៕