ក្ដៅៗ! កីឡាករ ខូលីបាលី អាប់ឌែល នឹងជំនួស កីឡាករ នេតូ រ៉ុនឌុន តំណាងឱ្យជម្រើសជាតិកម្ពុជា ក្នុងក្រុម 𝗔𝗦𝗘𝗔𝗡 𝗔𝗟𝗟 𝗦𝗧𝗔𝗥𝗦 លេងទល់ MANCHESTER UNITED

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃ អង្គារ ទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះ បានប្រកាសថា ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ កីឡាករ ខូលីបាលី អាប់ឌែល នឹងត្រូវជំនួស ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នេតូ រ៉ុនឌុន តំណាងឱ្យជម្រើសជាតិកម្ពុជា ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED នៅថ្ងៃ២៨ ឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ខាងមុខនេះ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖
សេចក្ដីជូនដំណឹងស្ដីពីការផ្លាស់ប្ដូរសមាសភាពកីឡាករ៖
ផ្អែកលើការទំនាក់ទំនងផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលទទួលបានពីគណៈកម្មការវិន័យ FIFA កីឡាករ នេតូ រ៉ុនដុន មិនអាចចូលរួមតំណាងឱ្យជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពសប្បុរសធ៌មអន្តរជាតិ ជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED នៅពេលខាងមុខបានទេ ដោយសារតែបញ្ហាព្យួរដោយស្វ័យប្រវត្តិពីបទវិន័យចែងក្នុងច្បាប់របស់ FIFA ដោយជាប់កាតក្រហមពីប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា ជាមួយនឹង អារ៉ូបា កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។
បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកគ្រូបង្គោល Kim Sang-Sik បានដាក់សំណើរសារជាថ្មី តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដោយស្នើសុំធ្វើការផ្លាស់ប្តូរកីឡាករ នេតូ រ៉ុនឌុន ដោយជ្រើសរើសយកកីឡាករ ខូលីបាលី អាប់ឌែល ជំនួសវិញ។ ជាការឆ្លើយតប FFC បានយល់ព្រមឲ្យកីឡាករ ខូលីបាលី អាប់ឌែល ជំនួសវិញ តាមការចង់បានរបស់លោក 𝗞𝗶𝗺 𝗦𝗮𝗻𝗴-𝗦𝗶𝗸។
ដូច្នេះមានន័យថា កីឡាករ ដែលចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED មានកីឡាករខ្សែការពារវិសាខា កាន់ ម៉ូ និងខ្សែប្រយុទ្ធអង្គរថាយហ្គឺរ កីឡាករ ខូលីបាលី អាប់ឌែល ខណៈអ្នកទាំងពីរសុទ្ធតែជាកីឡាករចូលសញ្ជាតិ។
សូមជម្រាប់ជូនផងដែរថា កាន់ ម៉ូ និង ខូលីបាលី អាប់ឌែល ក៏មានកីឡាករពីររូបផងដែរ ដែលលេងនៅលីគកំពូលកម្ពុជា ត្រូវបានកោះហៅចូលរួមជាមួយក្រុម ASEAN All Stars គឺខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង និងក្រុមជម្រើសជាតិឡាវ កីឡាករ BOUNKONG BOUNPHACHAN និងកីឡាករជម្រើសជាតិទីម័រ Joao Pedro លេងនៅក្លិបបាល់ទាត់អង្គរថាយហ្គឺរ ៕