លោក Ruben Amorim នឹងមិនទាន់អាចធ្វើជាគ្រូបង្វឹក Man United បានទេ នៅថ្ងៃស្អែកនេះ ដោយសារ…
លោក Ruben Amorim នឹងមកដល់ប្រទេសអង់គ្លេសនៅថ្ងៃចន្ទនេះ ប៉ុន្តែនឹងមិនអាចចាប់ផ្តើមការងារជាគ្រូបង្វឹកថ្មីរបស់ក្រុមបិសាចក្រហម Manchester United បាននោះទេ រហូតដល់លោកទទួលបានលិខិតអនុញ្ញាតការងារជាមុនសិន។
លោក Ruben Amorim បានធ្វើដំណើរទៅកាន់ Manchester United បន្ទាប់ពីការប្រកួតចុងក្រោយរបស់គាត់ ក្នុងនាមជាគ្រូបង្វឹក Sporting Lisbon ដោយជ័យក្លិប យកឈ្នះ ក្រុម Braga ក្នុងលទ្ធផល ៤-២។
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ វ័យ ៣៩ឆ្នាំរូបនេះ នៅតែកំពុងរង់ចាំឯកសារអនុញ្ញាតការងារជាមុនសិន ដូច្នេះហើយមិនអាចចាប់ផ្តើមការងារថ្មីរបស់គាត់ជាផ្លូវការ ឬ “យកជើងរបស់គាត់ជាន់លើស្មៅនៅ Old Trafford បាននោះទេ” ។ នេះបើយោងតាមប្រភពរបស់ Man United ។
ការប្រកួតដំបូងរបស់ Amorim មានរយៈពេលតិចជាងពីរសប្តាហ៍ទៀត ដោយត្រូវដឹកនាំក្រុមលេងទល់នឹង ក្រុម Ipswich នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាកីឡដ្ឋាន Portman Road។
ដូច្នេះ លោកនឹងមិនត្រូវបានបង្ហាញមុខជាមួយប្រព័ន្ធផ្សព្វផ្សាយបាននោះទេ រហូតដល់សន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់ សម្រាប់ការប្រកួតនោះ ទោះបីជាគាត់ត្រូវបានគេរំពឹងថា នឹងនិយាយទៅកាន់ស្ថានីយ៍ទូរទស្សន៍ ក្នុងផ្ទះរបស់ United មុនពេលនោះក៏ដោយ។ ក្លឹបចង់ឱ្យ លោក Amorim មកកាន់ប្រទេសអង់គ្លេស ឱ្យបានលឿនតាមដែលអាចធ្វើបាន និងស្វែងរកកន្លែងរស់នៅកំឡុងពេលសម្រាកអន្តរជាតិ។
បើតាមប្រព័ន្ធផ្សព្វផ្សាយ លោក Amorim ចង់នាំយកក្រុមការងារចំនួន ៥ នាក់ ទៅកាន់ Old Trafford ពី Sporting រួមទាំង Ruud van Nistelrooy ដែលបានបញ្ចប់ការប្រកួតចំនួន ៤ ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នជាមួយនឹងជ័យជម្នះមួយផ្សេងទៀត ជាមួយ Leicester ផងដែរ៕