David de Gea សង្គ្រោះបាល់ប៉េណាល់ទី ២គ្រាប់ ជួយ Fiorentina យកឈ្នះ AC Milan
(បាល់ទាត់)៖ អតីតអ្នកចាំទីរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ David de Gea ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសង្គ្រោះបាល់ប៉េណាល់ទីចំនួន២គ្រាប់ ដែលជួយឲ្យក្រុម Fiorentina ផ្តួលក្រុម AC Milan ក្នុងលទ្ធផល ២-១ ក្នុងទីក្រុង Florence កាលពីយប់ថ្ងៃអាទិត្យ។
ការប្រកួតយប់មិញនេះ កីឡាករ Maignan របស់ AC Milan ជាអ្នកសង្រ្គោះបាល់ប៉េណាល់ទី បានមុន ពីការស៊ុតរបស់កីឡាករ Fiorentina Moise Kean នៅនាទី២២ មុនពេលដែល Yacine Adli ស៊ុតគ្រាប់បាល់នាំមុខឲ្យក្រុម Fiorentina ១-០។ លុះចុងម៉ោងទៅហើយ AC Milan ទទួលបានបាល់ប៉េណាល់ទី ហើយកីឡាករ Theo Hernandez ជាអ្នករ៉ាប់រង ប៉ុន្តែត្រូវបានសង្រ្គោះដោយ David de Gea ហើយចប់តង់ទី១ Fiorentina ១-០ AC Milan។
ចូលដល់វគ្គទី២ នៅនាទី៥៦ AC Milan ទទួលបានបាល់ប៉េណាល់ទី១គ្រាប់ទៀត លើកនេះ Tammy Abraham ជាអ្នកស៊ុតវិញម្ដង ហើយ David de Gea នៅតែសង្រ្គោះបានដដែល។ រហូតដល់នាទី៦០ ទើប AC Milan អាចស៊ុតបញ្ជូលទីបាន ពីសំណាក់កីឡាករ Christian Pulisic តែទោះបីជាយ៉ាងណា Albert Gudmundsson បាស៊ុតគ្រាប់បាល់ជ័យជំនះឲ្យFiorentina នៅនាទី៧៣។ ចប់ការប្រកួត៩០នាទី Fiorentina ២-១ AC Milan ហើយ David de Gea ជាវីរៈបុរសជួយសង្រ្គោះក្រុម។
ការសង្រ្គោះបាល់យប់មិញនេះ De Gea បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនឯង ដោយបានក្លាយជាអ្នកចាំទីដំបូងគេ ដែលអាចសង្គ្រោះបាល់ប៉េណាល់ទី២លើកក្នុងមួយប្រកួត ក្នុងការប្រកួត Serie A ចាប់តាំងពី Federico Marchetti ធ្លាប់ធ្វើបាន កាលពីខែឧសភា ឆ្នាំ ២០១៦។
វាគឺជាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយ ដោយនៅ Manchester United កីឡាករអេស្ប៉ាញរូបនេះ បានសង្គ្រោះបាល់ប៉េណាល់ទី បានតែ ៧ដងប៉ុណ្ណោះ ក្នុងរយៈពេល ១២ឆ្នាំ ប៉ុន្តែអ្នកគាំទ្របិសាចក្រហមមួយចំនួន កំពុងមានអារម្មណ៍អាឡោះអាល័យចំពោះកីឡាករដែលមិនត្រូវបានផ្តល់ឱកាសក្នុងការបន្តកិច្ចសន្យារបស់គាត់នៅ Old Trafford ក្រោមការដឹកនាំរបស់លោក Ten Hug។
គួរបញ្ជាក់ថា បច្ចុប្បន្ន Fiorentina កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី១១ ក្នុងក្របខ័ណ្ឌ Serie A មាន ១០ពិន្ទុ ដោយចាញ់ក្រុម Napoli ដែលកំពុងឈរកំពូលតារាង ចំនួន ៦ពិន្ទុប៉ុណ្ណោះ៕