ទីបំផុត! David de Gea ត្រលប់មកទីលានវិញ ជាមួយក្លិប នៅ Serie A
(បាល់ទាត់)៖ អតីតអ្នកចាំទីឆ្នើមរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ David de Gea នឹងត្រលប់មកកាន់បាល់ទាត់អាជីពវិញ បន្ទាប់ពីឈានកិច្ចព្រមព្រៀងផ្ទាល់មាត់ ជាមួយក្រុម Fiorentina សមាជិក នៃក្របខ័ណ្ឌ Serie A ។ នេះយោងតាមការប្រកាសរបស់អ្នកកាសែតខាងដោះដូរកីឡាករដ៏ល្បី លោក Fabrizio Romano។
ការប្រកួតចុងក្រោយរបស់ De Gea គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup 2023 សម្រាប់ក្រុម Manchester United ដោយបានចាកចេញពីក្លឹប ក្នុងនាមជាកីឡាករឥតថ្លៃផ្ទេរ ត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយមក បន្ទាប់ពីរំសាយកិច្ចសន្យា ដោយសារការខកចិត្តក្នុងការបន្តកុងត្រាថ្មី។
De Gea ដែលមានវ័យ ៣៣ឆ្នាំ ហាក់មិនទាន់ចាស់ទេ សម្រាប់ដំណែងជាអ្នកចាំទី ដ្បិតគុណភាពការពារសំណាញ់ទី ក៏ដូចជាការលោតសំកាំងលើអាកាសនៅតែល្អសម្រាប់កីឡាកររូបនេះ។ បន្ទាប់ពីចាកចេញពី Old Trafford រូបគេមិនទាន់រកបានក្រុមលេងនោះទេ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មិនខ្វះក្លិបចង់បាននោះទេ ក៏មានក្លិបនៅ Saudi Pro League ផ្ដល់សំណើរដ៏ធំផងដែរ ប៉ុន្តែរូបគេមិនព្រមទទួលសំណើរនេះ ដោយសារចង់នៅប្រកួតប្រជែងនៅអឺរ៉ុប។
មែនទែនទៅ De Gea ត្រូវបានគេគិតថា នឹងបញ្ចប់នៅក្នុងការវិលត្រឡប់មកវិញ កាលពីខែមុន ដោយមានការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក និងអ៊ីតាលី ប៉ុន្តែការពិភាក្សាចុងក្រោយជាមួយ Genoa មិនបានសម្រេច ។
ប៉ុន្តែនៅពេលដែលកិច្ចព្រមព្រៀងជាមួយ Genoa មិនបានកើតឡើង Fiorentina បានក្ដោបឱកាសដ៏ល្អនេះ។ លោក Fabrizio Romano បានរាយការណ៍ថា កិច្ចព្រមព្រៀងពាក្យសំដីជាមួយ De Gea គឺបានបញ្ចប់ហើយ ជាមួយនឹងកិច្ចសន្យា រហូតដល់ខែមិថុនា ឆ្នាំ ២០២៥ និងជម្រើសបន្តស្នាក់នៅមួយរដូវកាលទៀត។ ដូច្នេះនៅរងចាំតែការពិនិត្យសុខភាពប៉ុណ្ណោះ៕