Close

ក្រុមហ៊ុនធំៗបី ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ប្រកាសពួតដៃគ្នា កសាងបណ្តាញដឹកជញ្ជូននិងចែកចាយដល់គោលដៅចុងក្រោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុនធំៗបី ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ប្រកាសពួតដៃគ្នា កសាងបណ្តាញដឹកជញ្ជូននិងចែកចាយដល់គោលដៅចុងក្រោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រុមហ៊ុនធំៗបី ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ប្រកាសពួតដៃគ្នា កសាងបណ្តាញដឹកជញ្ជូននិងចែកចាយដល់គោលដៅចុងក្រោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស

ភ្នំពេញ ៖ ក្រុមហ៊ុន K-Worldbridge Logistics ក្រុមហ៊ុន DRSB Express Co., Ltd. និង ប្រៃសណីយ៍ កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ត្រីភាគី នៅសណ្ឋាគារ Shangri-La ក្នុងរាជធានីភ្នំពេញ ដែលជាជំហានសំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិចពាណិជ្ជកម្ម និងដឹកជញ្ជូននៅកម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន WorldBridge Group លោក គឹម សម្បត្តិ អគ្គនាយកប្រតិបត្តិ និងជាស្ថាបនិក DRSB Express; លោក Dickson Pang ប្រធានផ្នែកពាណិជ្ជកម្ម នៃ K-Worldbridge Logistics; និង លោក ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍ កម្ពុជា ។

អនុស្សរណៈនេះ បានបង្កើតគោលការណ៍សម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រត្រីភាគី ដោយរួមបញ្ចូលសមត្ថភាពបន្ថែមគ្នា របស់អង្គភាពទាំងបី ។ ក្នុងនោះ DRSB Express ផ្តល់ជូនវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនដ៏ឈានមុខ ដែលមានអ្នកប្រើប្រាស់ចុះឈ្មោះជាង ៨៤ម៉ឺននាក់ និងមានខ្សែសង្វាក់ដឹកជញ្ជូនរួមបញ្ចូលពេញលេញ ដែលភ្ជាប់អ្នកផ្គត់ផ្គង់ចិនជាមួយអ្នកប្រើប្រាស់កម្ពុជា ។

ចំណែក K-Worldbridge Logistics ផ្តល់ជូនបណ្តាញដឹកជញ្ជូន និងសេវាទូទាត់ពេលទទួលទំនិញ (COD) ទូទាំងប្រទេស ឃ្លាំងស្តុកទំនិញមានការត្រួតពិនិត្យ និងមណ្ឌលសេដ្ឋកិច្ចពិសេស ព្រមទាំងទំនាក់ទំនងរឹងមាំក្នុងវិស័យអេឡិចត្រូនិចពាណិជ្ជកម្ម ធនាគារ និងលក់រាយនៅកម្ពុជា ។ រីឯ ប្រៃសណីយ៍កម្ពុជា ផ្តល់ជូនបណ្តាញសាខាផ្លូវការទូទាំងប្រទេស ដែលគ្មានគូប្រៀប ដោយគ្របដណ្តប់គ្រប់ខេត្ត ស្រុក និងសហគមន៍ជនបទទូទាំងព្រះរាជាណាចក្រកម្ពុជា រួមទាំងតំបន់ដែលមិនទាន់មានសេវាដឹកជញ្ជូនពាណិជ្ជកម្មផងដែរ ។

ក្នុងកិច្ច សហការ គ្នានេះ ភាគីទាំងបីមានគោលបំណងកសាងបណ្តាញដឹកជញ្ជូនរួមបញ្ចូលគ្នា ដែលផ្តល់សេវាគ្របដណ្តប់ពេញលេញទូទាំងប្រទេស សម្រាប់ការបញ្ជាទិញរបស់ DRSB ។ ក្នុងនោះ K-Worldbridge Logistics នឹងទទួលបន្ទុក លើការដឹកជញ្ជូនក្នុងតំបន់ទីក្រុង (B2B/B2C) និងប្រតិបត្តិការសេវាទូទាត់ពេលទទួលទំនិញ (COD) ខណៈដែល ប្រៃសណីយ៍កម្ពុជា នឹងពង្រីក ការគ្របដណ្តប់ទៅដល់សេវាដឹកជញ្ជូនពីផ្ទះទៅផ្ទះ តំបន់ជនបទ និងខេត្តដែលលើសពីដែនសមត្ថភាពនៃបណ្តាញពាណិជ្ជកម្មធម្មតា ។
ក្របខណ្ឌផ្ទេរការងាររួមគ្នា នឹងធានាថា មិនមានការបញ្ជាទិញណាមួយត្រូវបានទុកចោល ដោយប្រសិនបើភាគីណាមួយមិនអាចផ្តល់សេវានៅទីតាំង ឬតម្រូវការណាមួយបាន នោះភាគីនោះនឹងបញ្ជូនការបញ្ជាទិញទៅភាគីផ្សេងទៀតក្នុងចំណោមភាគីទាំងពីរ ដែលមានសមត្ថភាពសមស្របក្នុងការបំពេញសេវា ។

កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងបី ក្នុងការពង្រីកការចូលដំណើរការសេវាពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា និងការកសាងប្រព័ន្ធអេកូឡូស៊ី ឡូជីស្ទីកដឹកជញ្ជូន ដែលគាំទ្រកំណើនពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិ ។ កិច្ចព្រមព្រៀងនេះស្របទៅនឹងអាទិភាពបន្តរបស់ប្រទេស ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញពាណិជ្ជកម្មឌីជីថល និងពង្រឹងការតភ្ជាប់ក្នុងតំបន់ ។

នៅក្នុងឱកាស នោះ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន WorldBridge Group បានមានប្រសាសន៍ថា កិច្ចសហការនេះបានរួមបញ្ចូលអង្គភាពបី ដែលមានតួនាទីខុសៗគ្នា ប៉ុន្តែសំខាន់ក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។

អ្នកឧកញ៉ា បន្តថា «ដោយបញ្ចូលវេទិកា និងមូលដ្ឋានអតិថិជនរបស់ DRSB បណ្តាញដឹកជញ្ជូន និង សេវាទូទាត់ពេលទទួលទំនិញ របស់ K-Worldbridge និងវត្តមានទូទាំងប្រទេសរបស់ ប្រៃសណីយ៍កម្ពុជា យើងកំពុងបង្កើតអ្វីមួយដែលមិនអាចសម្រេចបានដោយឯកតាណាមួយតែម្ខាង គឺបណ្តាញដឹកជញ្ជូនអេឡិចត្រូនិចជាតិពិតប្រាកដ ដែលអាចឈានដល់អតិថិជនគ្រប់ទីកន្លែង» ។

ក្រោមអនុស្សរណៈនេះ ភាគីទាំងបីបានប្តេជ្ញាចិត្តដាក់ឱ្យដំណើរការកម្មវិធីសាកល្បងក្នុងត្រីមាសបន្ទាប់ ដើម្បីពង្រីកបណ្តាញដឹកជញ្ជូនរួមបញ្ចូលនេះឱ្យដល់កម្រិតពេញលេញ។
WorldBridge Group គឺជាក្រុមហ៊ុនធំចម្រុះវិស័យឈានមុខមួយនៅកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៩២។ ជាមួយនឹងការវិនិយោគចម្រុះក្នុងវិស័យដឹកជញ្ជូន អចលនទ្រព្យ ហិរញ្ញវត្ថុ សណ្ឋាគារ និងវិស័យផ្សេងៗ ក្រុមហ៊ុននេះមានតួនាទីសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

WorldBridge Group ប្តេជ្ញាផ្តល់នូវភាពល្អឥតខ្ចោះ នវានុវត្តន៍ និងតម្លៃចីរភាពដល់ភាគីពាក់ព័ន្ធ និងសហគមន៍។
K-Worldbridge Logistics គឺជាក្រុមហ៊ុនសហការរវាង KLN Logistics Group និង WorldBridge Group និងជាអ្នកផ្តល់សេវាដឹកជញ្ជូន និងឡូជីស្ទិចឈានមុខមួយនៅកម្ពុជា។

អត្ថបទទាក់ទង