អាមេរិកពិចារណាដោះដូរមូលនិធិ ២០ ពាន់លានដុល្លារ របស់អ៊ីរ៉ង់ដែលត្រូវបានខ្លួនបង្កក ជាថ្នូរនឹងការបោះបង់ចោល អ៊ុយរ៉ាញ៉ូម
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងចរចាលើផែនការមួយមាន ៣ ទំព័រ ដើម្បីបញ្ចប់សង្រ្គាម ដោយមួយក្នុងចំណោមចំណុចសំខាន់ៗគឺមានការផ្តល់មូលនិធិរបស់អ៊ីរ៉ង់ប្រហែល ២០ ពាន់លានដុល្លារ ដែលត្រូវបានបង្កក ជាថ្នូរនឹងការដែលអ៊ីរ៉ង់បោះបង់ ឬកាត់បន្ថយស្តុកអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់របស់ខ្លួន។ នេះបើយោងតាមមន្ត្រីអាមេរិកពីររូប និងប្រភពផ្សេងទៀតដែលបានដឹងពីកិច្ចពិភាក្សា។
ហេតុអ្វីវាសំខាន់?
កិច្ចពិភាក្សាបានរីកចម្រើនជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ ទោះបីនៅមានចន្លោះខ្វះខាតសំខាន់ៗមួយចំនួនក៏ដោយ។ ប្រសិនបើមានកិច្ចព្រមព្រៀងលើលក្ខខណ្ឌទាំងនេះ វាអាចជួយនាំឲ្យស្ថានការណ៍សង្រ្គាមឈានទៅរកការបញ្ចប់ ប៉ុន្តែក៏អាចបង្កឲ្យមានប្រតិកម្មប្រឆាំងពីក្រុមដែលប្រឆាំងអ៊ីរ៉ង់ផងដែរ។
លោកប្រធានាធិបតី Donald Trump បាននិយាយថា អ្នកចរចាររបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទំនងជានឹងជួបគ្នានៅចុងសប្តាហ៍នេះ សម្រាប់ការចរចាជុំទីពីរ ដើម្បីព្យាយាមសម្រេចកិច្ចព្រមព្រៀង។ ប្រភពមួយបានបញ្ជាក់ថា កិច្ចពិភាក្សានេះរំពឹងថានឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ប្រហែលនៅថ្ងៃអាទិត្យ។
![]()
ប៉ាគីស្ថានកំពុងដើរតួនាទីជាអ្នកសម្របសម្រួល ដោយមានការគាំទ្រពីក្រោយឆាកពីប្រទេសអេហ្ស៊ីប និងតួកគី។
ចំណុចសំខាន់ៗនៃការចរចា
អាទិភាពសំខាន់សម្រាប់រដ្ឋបាលលោក Trump គឺធានាថា អ៊ីរ៉ង់មិនអាចចូលប្រើស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់ប្រហែល ២,០០០ គីឡូក្រាម ដែលស្ថិតនៅក្នុងរោងចក្រនុយក្លេអ៊ែរក្រោមដីបានទេ ជាពិសេសចំនួនប្រហែល ៤៥០ គីឡូក្រាម ដែលបានចម្រាញ់ដល់កម្រិត ៦០%។
នៅខាងអ៊ីរ៉ង់វិញ ត្រូវការជំនួយហិរញ្ញវត្ថុយ៉ាងខ្លាំង។ ភាគីទាំងពីរកំពុងចរចាអំពីអនាគតនៃស្តុកអ៊ុយរ៉ាញ៉ូម និងចំនួនមូលនិធិដែលអាចដោះលែងបាន ព្រមទាំងលក្ខខណ្ឌនៃការប្រើប្រាស់ប្រាក់នោះ។
ការអភិវឌ្ឍថ្មីៗ
ក្រោយការចេញផ្សាយព័ត៌មាននេះ លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា «មិនមានប្រាក់ណាមួយត្រូវបានផ្លាស់ប្តូរទេ» ទោះបីលោកមិនបានបញ្ជាក់ជាក់លាក់អំពីការដោះលែងមូលនិធិអ៊ីរ៉ង់ក៏ដោយ។
នៅដំណាក់កាលដំបូងនៃការចរចា សហរដ្ឋអាមេរិកបានត្រៀមខ្លួនដោះលែងប្រហែល ៦ ពាន់លានដុល្លារ សម្រាប់អ៊ីរ៉ង់ប្រើប្រាស់ក្នុងការទិញអាហារ ថ្នាំ និងសម្ភារៈមនុស្សធម៌ផ្សេងៗ ខណៈអ៊ីរ៉ង់បានទាមទាររហូតដល់ ២៧ ពាន់លានដុល្លារ។ ចំនួនចុងក្រោយដែលកំពុងពិភាក្សាគឺប្រហែល ២០ ពាន់លានដុល្លារ។
បញ្ហានុយក្លេអ៊ែរ
សហរដ្ឋអាមេរិកបានស្នើឲ្យអ៊ីរ៉ង់ផ្ទេរសម្ភារៈនុយក្លេអ៊ែរទាំងអស់ទៅក្រៅប្រទេស ប៉ុន្តែអ៊ីរ៉ង់យល់ព្រមត្រឹមតែបន្ថយកម្រិតអ៊ុយរ៉ាញ៉ូមនៅក្នុងប្រទេសខ្លួនប៉ុណ្ណោះ។
ក្រោមសំណើសម្របសម្រួលមួយដែលកំពុងពិភាក្សា អ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ខ្លាំងមួយចំនួន នឹងត្រូវដឹកជញ្ជូនទៅប្រទេសទីបី ខណៈដែលខ្លះទៀតនឹងត្រូវបន្ថយកម្រិតក្រោមការត្រួតពិនិត្យអន្តរជាតិ។
ភាគីទាំងពីរក៏កំពុងចរចាលើអនុស្សរណៈយោគយល់ (MOU) ដែលរួមមានការផ្អាកដោយស្ម័គ្រចិត្តលើការចម្រាញ់នុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកបានស្នើឲ្យផ្អាករយៈពេល ២០ ឆ្នាំ ខណៈអ៊ីរ៉ង់បានផ្តល់ជាជម្រើស ៥ ឆ្នាំ។
ជាផ្នែកមួយនៃ MOU អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យមានរ៉េអាក់ទ័រស្រាវជ្រាវសម្រាប់ផលិតអ៊ីសូតូបវេជ្ជសាស្ត្រ ប៉ុន្តែត្រូវសន្យាថារោងចក្រនុយក្លេអ៊ែរទាំងអស់នឹងស្ថិតនៅលើដី ខណៈរោងចក្រក្រោមដីដែលមានស្រាប់ នឹងមិនត្រូវបានប្រើប្រាស់ទៀតទេ។
MOU ក៏ពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ប៉ុន្តែប្រភពបានបញ្ជាក់ថា នៅមានចំណុចខ្វះខាតសំខាន់ៗ។ ក៏មិនទាន់ច្បាស់ថា វារួមបញ្ចូលបញ្ហាមីស៊ីល និងការគាំទ្រក្រុមតំណាងក្នុងតំបន់របស់អ៊ីរ៉ង់ឬអត់។
អ៊ីស្រាអែល និងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន បានទាមទារឲ្យបញ្ហាទាំងនេះត្រូវដាក់ក្នុងតារាងចរចា។ ក្នុងពេលដូចគ្នា លោក Trump និងគណបក្សសាធារណរដ្ឋក៏បានរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ក្នុងសម័យលោក Obama ដែលបានដោះលែងមូលនិធិអ៊ីរ៉ង់ចំនួនធំ។
មតិយោបល់ពីភាគីពាក់ព័ន្ធ
មន្ត្រីអាមេរិកម្នាក់បាននិយាយថា អ៊ីរ៉ង់បានធ្វើការផ្លាស់ប្តូរខ្លះ ប៉ុន្តែមិនទាន់គ្រប់គ្រាន់។ អ៊ីរ៉ង់ត្រូវការទាំងការដោះលែងមូលនិធិ ការលក់ប្រេងដោយគ្មានទណ្ឌកម្ម និងការចូលរួមក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ប៉ុន្តែពួកគេក៏មិនចង់បោះបង់កម្មវិធីនុយក្លេអ៊ែរ និងការគាំទ្រក្រុមដៃគូក្នុងតំបន់។
អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បាននិយាយថា កិច្ចចរចាមាន “ភាពផលិតភាព” ប៉ុន្តែមិនអាចពិភាក្សាលម្អិតតាមសារព័ត៌មានបានទេ។
លោក Trump បាននិយាយថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀង ហើយព្រមានថា ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេ ស្ថានការណ៍អាចតានតឹងឡើងវិញ។ លោកក៏បានបញ្ជាក់ថា អាចពន្យារពេលបទឈប់បាញ់លើសពីថ្ងៃទី ២១ ខែមេសា ប្រសិនបើចាំបាច់។
អ្វីដែលត្រូវតាមដានបន្ត
នៅថ្ងៃសុក្រ អ្នកសម្របសម្រួលពីប៉ាគីស្ថាន អេហ្ស៊ីប និងតួកគី នឹងជួបជាមួយមន្ត្រីអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំ “quad” មួយនៅក្រៅវេទិកាការទូតនៅប្រទេសតួកគី ដើម្បីបន្តជំរុញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕