ពិភពលោក តាមដានជិតស្និទ្ធជោគវាសនាបទឈប់បាញ់នៅមជ្ឈិមបូព៌ា ក្រោយអាមេរិករឹបអូសកប៉ាល់អ៊ីរ៉ង់
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិករឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់គំរាមសងសឹក និងបង្កឲ្យតម្លៃប្រេងកើនឡើង។
អ៊ីរ៉ង់ក៏បានបដិសេធចូលរួមក្នុងកិច្ចចរចាសន្តិភាពបន្ថែម ដោយយោងទៅលើការបិទខ្ទប់ និងការទាមទាររបស់សហរដ្ឋអាមេរិក។ ទោះបីជាបេសកជនអាមេរិកគ្រោងធ្វើដំណើរទៅប្រទេសប៉ាគីស្ថានក៏ដោយ អនាគតនៃបទឈប់បាញ់នៅតែមិនច្បាស់លាស់។
ក្តីបារម្ភបានកើនឡើងនៅថ្ងៃចន្ទនេះថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងដួលរលំ បន្ទាប់ពីអាមេរិកអះអាងថា បានរឹបអូសកប៉ាល់អ៊ីរ៉ង់មួយគ្រឿង ដែលព្យាយាមឆ្លងកាត់ការបិទខ្ទប់ផ្លូវនាវា ខណៈអ៊ីរ៉ង់បានប្តេជ្ញាឆ្លើយតបវិញ។
កិច្ចខិតខំស្វែងរកសន្តិភាពយូរអង្វែងនៅតំបន់នេះក៏កាន់តែរង្គោះរង្គើផងដែរ ខណៈអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងការចរចាជុំទីពីរ ដែលសហរដ្ឋអាមេរិកសង្ឃឹមថានឹងចាប់ផ្តើម មុនពេលបទឈប់បាញ់ផុតកំណត់។
សហរដ្ឋអាមេរិកបន្តអនុវត្តការបិទខ្ទប់លើការដឹកជញ្ជូនដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានដកចេញ ហើយបន្ទាប់មកដាក់វិធានការរបស់ខ្លួនឡើងវិញលើចរាចរណ៍សមុទ្រឆ្លងកាត់ច្រកសមុទ្រ Strait of Hormuz ដែលជាចំណុចសំខាន់សម្រាប់ដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃពិភពលោក។
យោធាអាមេរិកបានឲ្យដឹងថា ខ្លួនបានបាញ់ទៅលើកប៉ាល់ដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Bandar Abbas បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលប្រហែល ៦ ម៉ោង ហើយបានបិទដំណើរការម៉ាស៊ីនរបស់វា។ បញ្ជាការដ្ឋានកណ្តាលអាមេរិកបានបញ្ជាក់ថា កងម៉ារីនអាមេរិកបានចុះពីឧទ្ធម្ភាគចក្រ ដើម្បីឡើងគ្រប់គ្រងនាវានោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសរសេរលើបណ្តាញសង្គមថា កងកម្លាំងអាមេរិក “បានគ្រប់គ្រងនាវានោះទាំងស្រុង ហើយកំពុងពិនិត្យអ្វីដែលមាននៅលើនាវា”។
ភាគីអ៊ីរ៉ង់បាននិយាយថា កប៉ាល់នេះបានធ្វើដំណើរមកពីប្រទេសចិន ហើយបានព្រមានថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងឆ្លើយតប និងសងសឹកចំពោះអ្វីដែលពួកគេហៅថា “អំពើចោរសមុទ្រដោយប្រដាប់អាវុធ” របស់យោធាអាមេរិក។
តម្លៃប្រេងបានកើនឡើងជាង ៥% ខណៈទីផ្សារភាគហ៊ុនមានភាពរអិល និងអស្ថិរភាព ដោយសារពាណិជ្ជករព្រួយបារម្ភថា បទឈប់បាញ់អាចនឹងបរាជ័យ និងចរាចរណ៍នាវានៅក្នុងតំបន់នឹងនៅកម្រិតអប្បបរមា។
អ៊ីរ៉ង់បដិសេធការចរចាសន្តិភាព
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់បានច្រានចោលការចរចាសន្តិភាពថ្មី ដោយយោងទៅលើការបិទខ្ទប់បន្ត ការគំរាមកំហែង និងការទាមទារដែលខ្លួនចាត់ទុកថាលើសហេតុផលពីភាគីអាមេរិក។

អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ លោក Mohammadreza Aref បាននិយាយថា មិនអាចដាក់កម្រិតលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ ខណៈដែលរំពឹងឲ្យប្រទេសផ្សេងទៀតទទួលបានសុវត្ថិភាពដោយសេរីនោះទេ។ លោកបានបន្ថែមថា ជម្រើសមានតែពីរ គឺទីផ្សារប្រេងសេរីសម្រាប់ទាំងអស់គ្នា ឬការប្រឈមនឹងការចំណាយធ្ងន់ធ្ងរសម្រាប់គ្រប់ភាគី។
លោក Donald Trump បានព្រមានថា សហរដ្ឋអាមេរិកនឹងបំផ្លាញស្ពាន និងរោងចក្រថាមពលទាំងអស់នៅក្នុងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនទទួលយកលក្ខខណ្ឌរបស់ខ្លួន។ ខណៈអ៊ីរ៉ង់បានឆ្លើយតបថា ប្រសិនបើមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វានឹងវាយប្រហារតបវិញលើស្ថានីយ៍ថាមពល និងរោងចក្របំបាត់អំបិលទឹកសមុទ្ររបស់ប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រ។
ការរៀបចំចរចា នៅក្រោមភាពមិនច្បាស់លាស់
យ៉ាងនេះក្តី លោក Donald Trump បាននិយាយថា បេសកជនអាមេរិកនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅល្ងាចថ្ងៃចន្ទ មួយថ្ងៃមុនពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ផុតកំណត់។
មន្ត្រីសេតវិមានមួយរូបបានប្រាប់ថា គណៈប្រតិភូអាមេរិកត្រូវបានរំពឹងថានឹងដឹកនាំដោយអនុប្រធានាធិបតី JD Vance រួមជាមួយបេសកជន Steve Witkoff និងលោក Jared Kushner ប៉ុន្តែលោក Trump ក្រោយមកបានបញ្ជាក់ថា លោក Vance នឹងមិនចូលរួមឡើយ។
ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលសំខាន់ បានបង្កើនវិធានការសន្តិសុខ ដើម្បីត្រៀមសម្រាប់ការពិភាក្សាដែលអាចកើតមាន។ យន្តហោះដឹកទំនិញយោធា C-17 ចំនួនពីរគ្រឿង បានចុះចត ដោយនាំយកឧបករណ៍សន្តិសុខ និងយានយន្តសម្រាប់ការពារ។

អាជ្ញាធរទីក្រុងអ៊ីស្លាម៉ាបាដបានផ្អាកការដឹកជញ្ជូនសាធារណៈ និងចរាចរណ៍ទំនិញធុនធ្ងន់ ខណៈខ្សែលួសត្រូវបានដាក់ជុំវិញតំបន់សណ្ឋាគារ Serena ដែលជាទីកន្លែងធ្វើកិច្ចចរចាកាលពីសប្តាហ៍មុន។
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បាននិយាយថា ការចរចាមានការរីកចម្រើនខ្លះ ប៉ុន្តែភាគីទាំងពីរនៅតែមានភាពខុសគ្នាខ្លាំងលើបញ្ហានុយក្លេអ៊ែរ និងស្ថានភាពច្រកសមុទ្រ។
ឥឡូវនេះ ក្នុងសប្តាហ៍ទីប្រាំបីនៃសង្គ្រាម ការប៉ះទង្គិចនេះបានបង្កឲ្យមានការរំខានដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះការផ្គត់ផ្គង់ថាមពលពិភពលោកក្នុងប្រវត្តិសាស្ត្រ ដោយជំរុញឲ្យតម្លៃប្រេងកើនឡើង បន្ទាប់ពីការបិទច្រកសមុទ្រ។
មនុស្សរាប់ពាន់នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ក្នុងការវាយប្រហាររួមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ព្រមទាំងការវាយលុករបស់អ៊ីស្រាអែលលើប្រទេសលីបង់ ដែលបានកើតឡើងស្របគ្នា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ៕