លោក Trump ៖ សហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់អ៊ីរ៉ង់ ដែលព្យាយាមឆ្លងកាត់ការបិទខ្ទប់ជិតច្រក Hormuz
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា កងកម្លាំងអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ មួយគ្រឿង បន្ទាប់ពីវាបានព្យាយាមឆ្លងកាត់ការបិទខ្ទប់ផ្លូវនាវារបស់សហរដ្ឋអាមេរិក នៅជិតច្រកសមុទ្រ Hormuz។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យ លោក Trump បានបញ្ជាក់ថា កប៉ាល់ឈ្មោះ “Touska” ត្រូវបាននាវាពិឃាតមីស៊ីលដឹកនាំដោយកងទ័ពជើងទឹកអាមេរិក ព្រមានឲ្យឈប់ នៅក្នុងឈូងសមុទ្រអូម៉ង់ ប៉ុន្តែក្រុមនាវិកបានបដិសេធមិនគោរពតាមការព្រមាន។
លោកបានបន្ថែមថា កងទ័ពជើងទឹកអាមេរិកបាន “បញ្ឈប់ពួកគេភ្លាមៗ” ដោយបំផ្ទុះបង្កើតរន្ធនៅក្នុងបន្ទប់ម៉ាស៊ីនរបស់កប៉ាល់ ហើយកងម៉ារីនអាមេរិកបានគ្រប់គ្រង និងឃុំកាន់កាប់នាវានោះ ខណៈពេលកំពុងត្រួតពិនិត្យអ្វីដែលមាននៅលើនាវា។

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានឲ្យដឹងថា កប៉ាល់ Touska កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់ ហើយបានមិនអើពើចំពោះការព្រមានជាច្រើនរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប្រហែល ៦ ម៉ោង ឲ្យចាកចេញពីបន្ទប់ម៉ាស៊ីន។
នៅព្រឹកថ្ងៃចន្ទ មន្ទីរបញ្ជាការយោធាចម្រុះកំពូលរបស់អ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកបានរំលោភលើបទឈប់បាញ់ដែលបានឈានដល់កាលពីដើមខែនេះ ដោយបាញ់ទៅលើកប៉ាល់ពាណិជ្ជកម្មអ៊ីរ៉ង់ ដែលកំពុងធ្វើដំណើរពីប្រទេសចិនទៅកាន់អ៊ីរ៉ង់។
អ្នកនាំពាក្យរបស់ទីបញ្ជាការ Khatam al-Anbiya បានព្រមានថា កងកម្លាំងប្រដាប់អាវុធរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងឆ្លើយតប និងសងសឹកចំពោះអ្វីដែលពួកគេហៅថា “អំពើចោរសមុទ្រដោយប្រដាប់អាវុធ” របស់យោធាអាមេរិក។
ហេតុការណ៍នេះកើតឡើងក្នុងបរិបទនៃការប្រឈមមុខដាក់គ្នា នៅច្រកសមុទ្រ Hormuz ដែលជាចំណុចសំខាន់សម្រាប់ដឹកជញ្ជូនប្រេង ប្រហែលមួយភាគប្រាំនៃប្រេងពិភពលោក ខណៈមានការគំរាមកំហែងពីអ៊ីរ៉ង់ និងការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើនាវាដែលធ្វើដំណើរទៅ និងមកពីកំពង់ផែអ៊ីរ៉ង់។
មុននេះក្នុងថ្ងៃអាទិត្យ មន្ត្រីអ៊ីរ៉ង់បាននិយាយថា នាវានានានឹងមិនអាចឆ្លងកាត់បានទេ ខណៈការបិទខ្ទប់របស់សហរដ្ឋអាមេរិក ដែលចាប់ផ្តើមពីថ្ងៃទី ១៣ ខែមេសា នៅតែមានសុពលភាព។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា “វាមិនអាចទៅរួចទេឲ្យអ្នកដទៃឆ្លងកាត់ច្រក Hormuz ខណៈពេលដែលយើងមិនអាចឆ្លងកាត់បាន”។
អ៊ីរ៉ង់បានប្រកាសបើកច្រកសមុទ្រឡើងវិញ បន្ទាប់ពីបទឈប់បាញ់រយៈពេល ១០ ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុម Hezbollah នៃប្រទេសលីបង់ បានចាប់ផ្តើមមានប្រសិទ្ធភាពកាលពីថ្ងៃសុក្រ។
ប៉ុន្តែអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងបន្តអនុវត្តវិធានការរឹតត្បិតនៅតំបន់នោះ បន្ទាប់ពីលោក Trump បាននិយាយថា ការបិទខ្ទប់របស់សហរដ្ឋអាមេរិក “នឹងនៅតែមានសុពលភាពពេញលេញ” រហូតដល់ទីក្រុងតេអេរ៉ង់ឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។
បន្ទាប់ពីមានការកើនឡើងរយៈពេលខ្លីនៃការប៉ុនប៉ងឆ្លងកាត់កាលពីថ្ងៃសៅរ៍ នាវានានានៅក្នុងឈូងសមុទ្របាននៅស្ងៀមមិនផ្លាស់ទីវិញ បន្ទាប់ពីមានរបាយការណ៍ថា នាវាមួយចំនួនត្រូវបានបាញ់ប្រហារនៅពាក់កណ្តាលផ្លូវ ហើយត្រូវបង្ខំឲ្យដកខ្លួនចេញ។
សេចក្តីថ្លែងការណ៍របស់លោក Trump បានធ្វើឡើងបន្ទាប់ពីលោកបាននិយាយថា អ្នកចរចាអាមេរិកនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាដែលអាចធ្វើទៅបានជាមួយអ៊ីរ៉ង់ ក្នុងគោលបំណងបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
ការវិវឌ្ឍន៍នេះបានបង្កើនក្តីសង្ឃឹមក្នុងការពង្រីកបទឈប់បាញ់ដ៏ផុយស្រួយ ដែលគ្រោងនឹងផុតកំណត់នៅថ្ងៃពុធនេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់មិនទាន់យល់ព្រមចូលរួមការចរចាជុំទីពីរនោះទេ៕ ប្រភព៖ Aljazeera