គួរឲ្យសោ.កស្ដា.យ! Van Nistelrooy សម្រេចចាកចេញពី Manchester United
ក្លឹបបិសាចក្រហម Manchester United បានប្រកាសកាលពីយប់ថ្ងៃចន្ទ ថា លោក Ruud Van Nistelrooy សម្រេចចាកចេញពីក្លិប។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បានដឹកនាំក្រុមទទួលជ័យជម្នះ ៣-០ ក្នុងក្របខ័ណ្ឌ Premier League លើក្រុមកញ្រ្ជោងខៀវ Leicester City ក្នុងការប្រកួតទីបួនរបស់លោក ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។
ការចាកចេញរបស់ Van Nistelrooy ត្រូវបានប្រកាសនៅថ្ងៃ ដែល Ruben Amorim មកដល់ Old Trafford ក្នុងឋានៈជាគ្រូបង្វឹកអចិន្ត្រៃយ៍ ជំនួសដំណែងលោក Erik Ten Hag។
ក្លិបបិសាចក្រហម Manchester United បាននិយាយថា ៖«Ruud Van Nistelrooy គឺតែងតែនឹងក្លាយជាវីរបុរសរបស់ Manchester United ជារៀងរហូត។ យើងពិតជាអរគុណ ចំពោះការរួមចំណែក និងការលះបង់របស់គាត់ មិនថាក្នុងនាមជាកីឡាករ និងជាក្រុមការងារគ្រូបង្វឹក ជាមួយក្លឹបរបស់យើង។ គាត់នឹងតែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នៅ Old Trafford»។
ជាមួយគ្នានេះ ជំនួយការរបស់ United លោក Rene Hake, Jelle ten Rouwelaar និង Pieter Morel ក៏បានចាកចេញកាលពីថ្ងៃចន្ទផងដែរ ដោយក្លឹប Old Trafford បាននិយាយថា ពួកគេនឹងប្រកាសក្រុមការងាររបស់ Amorim នៅពេលក្រោយ។
ក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន Van Nistelrooy វ័យ ៤៨ឆ្នាំ បានដឹកនាំ Man Utd ឈ្នះ 3 ដង និងស្មើ នៅគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីការបណ្តេញចេញ Erik Ten Hag ហើយអតីតខ្សែប្រយុទ្ធ United ធ្លាប់បានប្រឡូយពាក្យជាច្រើនដងថា ខ្លួនសង្ឃឹមថានឹងនៅជាមួយក្លឹប បន្ទាប់ពីការមកដល់របស់ Amorim ប៉ុន្តែអ្វីៗហាក់ផ្ទុយស្រលះ។
Van Nistelrooy បានចូលរួមជាមួយក្រុមការងាររបស់ Ten Hag ក្នុងនាមជាជំនួយការ មុនពេលចូលកាន់តំណែងជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន។ លោកត្រូវបានអ្នកគាំទ្រនៅ Old Trafford កើតសរសើរយ៉ាងខ្លាំង បន្ទាប់ពីជ័យជម្នះកាលពីថ្ងៃអាទិត្យ។
ប្រធានក្រុម Bruno Fernandes គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលលេចធ្លោ ក្រោមការដឹកនាំរបស់ Van Nistelrooy ដោយរកបាន ៤គ្រាប់ក្នុង ៤ ប្រកួត បន្ទាប់ពីខកខានមិនបានស៊ុតបញ្ចូលទីក្នុងការប្រកួត ១៧លើកមុនរបស់គាត់ ក្រោមការដឹកនាំរបស់ Ten Hag៕