លោក Trump ថ្លែងសុន្ទរកថាលើកដំបូងទៅកាន់សភានៃអាណត្តិទីពីរ
អាមេរិក៖ ប្រធានាធិបតី Donald Trump បានប្រកាស នៅក្នុងសុន្ទរកថារួមលើកដំបូងរបស់លោកទៅកាន់សភានៃអាណត្តិទីពីររបស់លោក ថា រដ្ឋបាលរបស់លោកគឺ «ទើបតែចាប់ផ្តើម»។ ជាមួយគ្នានេះ លោកក៏បាន បានសរសើរសមិទ្ធិផលក្នុងស្រុក និងអន្តរជាតិរបស់ខ្លួន និងបានរិះគន់គណបក្សប្រជាធិបតេយ្យ។
សុន្ទរកថាដែលបានថ្លែងទៅកាន់សមាជិកសភានៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០២៥ លោក Trump បានលើកឡើងរបៀបវារៈ នៃការកែទម្រង់ពាណិជ្ជកម្ម និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកឡើងវិញ។
ការលើកឡើងអំពីរបៀបវារៈនេះ បានកើតឡើងនៅថ្ងៃដែលលោក Trump បានដាក់ពន្ធ ២៥ភាគរយលើប្រទេសកាណាដា និងម៉ិកស៊ិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ក៏ដូចជាពន្ធបន្ថែម ១០ ភាគរយលើប្រទេសចិន ដែលនាំឱ្យភាគហ៊ុនអាមេរិកធ្លាក់ចុះ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក Trump បានការពារពន្ធគយរបស់លោកដោយលើកហេតុផលថាវិធានការនេះគឺ
«មិនមែនគ្រាន់តែការពារការងាររបស់អាមេរិកប៉ុណ្ណោះទេ វាគឺជាការការពារព្រលឹងនៃប្រទេសអាមេរិក» ។ ទោះជាយ៉ាងណាលោកបានទទួលស្គាល់ថាការយកពន្ធនឹងបង្កឱ្យមានការរំខាន។
លោក Trump បានសន្យាថានឹងធ្វើឱ្យមានតុល្យភាពថវិកាសហព័ន្ធ ខណៈពេលដែលលោកក៏បាននិយាយថាលោកនឹងបន្តទៅមុខជាមួយនឹងការកាត់បន្ថយពន្ធដែលបានគ្រោងទុក ដោយហៅវាថាជា «ផ្នែកដ៏ធំនៃផែនការរបស់សហរដ្ឋអាមេរិក» ។
លោកបានបន្ថែមថា រដ្ឋបាលរបស់លោកនឹងទាមទារអំណាចមកវិញពីការិយាធិបតេយ្យដែលគ្មានគណនេយ្យភាព ចំពេលមានការជំរុញដ៏ខ្លាំងក្លាមួយដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។
សុន្ទរកថារបស់លោក Trump ស្តីពីអ៊ុយក្រែន និងរុស្ស៊ីនឹងស្ថិតក្នុងចំណោមបញ្ហាផ្សេងៗ ទៀត ត្រូវបានលើកឡើង បន្ទាប់ពីការផ្តាច់ជំនួយ ផ្នែកយោធារបស់លោកទៅកាន់ទីក្រុង Kyiv និង ការប៉ះទង្គិចពាក្យសំដីនៅការិយាល័យ Oval Office កាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។
ទាក់ទិននឹងសង្គ្រាមរុស្សីនៅអ៊ុយក្រែន លោក Trump បានបង្ហាញថា លោក Zelenskyy បានសរសេរលិខិតមកលោកបង្ហាញចេតនា ក្នុងការបញ្ចប់សង្គ្រាម ខណៈលោក Putin ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់សង្គ្រាមនេះដែរ ។ លោក បានសន្យាថា នឹងធ្វើឱ្យសង្គ្រាមមួយនេះ បញ្ចប់ និងមិនអាចឱ្យបន្តរហូតដល់ ៥ ឆ្នាំទៀតទេ ៕