លោកTrump នឹងជួបពិភាក្សាជាមួយ លោក Zelenskyy នៅសប្តាហ៍ក្រោយ
អាមេរិក៖ បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃពុធ បានឱ្យដឹងថា រូបលោកប្រហែលជានឹងជួបពិភាក្សាការងារជាមួយ មេដឹកនាំប្រទេសអ៊ុយក្រែន គឺ លោក Volodymyr Zelenskyy ក្នុងអំឡុងពេលោកធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។
តាមការចុះផ្សាយរបស់ សារព័ត៌មាន Politico ឱ្យដឹងថា លោក Zelenskyy ធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅពេលខាងមុខនេះ នឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ នៅទីក្រុងញូវយ៉ក ។ ជាមួយគ្នានោះ លោក Zelenskyy ត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថានៅថ្ងៃពុធ ដើម្បីបង្ហាញពីផែនការជ័យជំនះរបស់លោកសម្រាប់ប្រទេសអ៊ុយក្រែននៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។
ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ណាមួយថា លោក Trump និង Zelenskyy នឹងជួបពិភាក្សាគ្នាក្នុងពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ខណៈតាមការចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន បញ្ជាក់ថា លោក Zelenskyy នឹងជួបពិភាក្សាជាមួយ លោកស្រី Kamala Harris អនុប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងអំឡុងពេលធ្វើដំណើររបស់លោកទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកក្នុងគ្រានោះ។
ទោះជាបែបនេះ ក្តី លោក Trump និងលោក Zelenskyy ធ្លាប់បាននិយាយគ្នាតាមទូរស័ព្ទកាលពីខែកក្កដា ប៉ុន្តែជំនួបរវាងអ្នកទាំងពីរបានបង្ហាញពីទំនាក់ទំនងផ្ទាល់ខ្លួនជាលើកដំបូងប៉ុណ្ណោះ ចាប់តាំងពីលោក Trump បានចាកចេញពីសេតវិមានក្នុងខែមករាឆ្នាំ ២០២១។
នៅ ខែកក្កដាឆ្នាំ ២០១៩ អ្នកទាំងពីរបានទូរស័ព្ទរកគ្នាម្តងទៀត ហើយបាននាំឱ្យមានការចោទប្រកាន់ជាលើកដំបូងលើលោក Trump បន្ទាប់ពី លោក បានជំរុញឱ្យ លោក Zelenskyy ស៊ើបអង្កេតលើបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden និងកូនប្រុសរបស់លោក គឺ Hunter នៅពេលនោះ ។
ក្រោយមកលោក Trump បាននិយាយថា លោកបាននិយាយ ពាក្យ «ល្អ» លើការហៅទូរស័ព្ទ នៅឆ្នាំ ២០១៩ ជាមួយប្រធានាធិបតីប្រទេសអ៊ុយក្រែន ហើយបានប្រកែកថា លោកមិនបានស្នើសុំឱ្យស៊ើបអង្កេតលោក Joe Biden និងកូនប្រុស ជាថ្នូរនឹងការផ្តល់ជំនួយយោធាសហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែននោះទេ ។
ក្នុងអំឡុងពេលសម្ភាសន៍ជាមួយមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk នៅលើបណ្តាញសង្គម X ក្នុងខែសីហា លោក Trump បាននិយាយថា លោក Zelenskyy ជាមនុស្ស «គួរឱ្យគោរពណាស់» និង «គ្មាននរណាម្នាក់មានអារម្មណ៍លើស្ថានភាពអាក្រក់ចំពោះប្រទេសអ៊ុយក្រែនជាងខ្ញុំទេ»៕