Close

លោក Trump ទិញរថយន្ត Tesla ថ្មី ដើម្បីគាំទ្រក្រុមហ៊ុនរបស់ លោក Musk

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក Trump ទិញរថយន្ត Tesla ថ្មី ដើម្បីគាំទ្រក្រុមហ៊ុនរបស់ លោក Musk លោក Trump ទិញរថយន្ត Tesla ថ្មី ដើម្បីគាំទ្រក្រុមហ៊ុនរបស់ លោក Musk

អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទិញរថយន្ត Tesla ថ្មី កាលពីថ្ងៃអង្គារដោយជ្រើសរើសយករថយន្តពណ៌ក្រហមភ្លឺចាំង ដើម្បីបង្ហាញពីការគាំទ្ររបស់លោកចំពោះក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ លោក Elon Musk និង ជាការដឹកគុណដែលលោក Musk បានជួយលោកឱ្យក្លាយជាប្រធានាធិបតីសារជាថ្មី។

តាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី ១២ ខែមីនា នេះ ឱ្យដឹងថា ការបញ្ជាទិញរថយន្ត Tesla ថ្មីនេះ ស្របពេលដែលការលក់របស់ក្រុមហ៊ុនមានការធ្លាក់ចុះយ៉ាងខ្លាំង ក្រោយមានការវាយប្រហារលើ លោក Elon Musk ពីពលរដ្ឋអាមេរិកចំពោះការខកចិត្តលើការងាររបស់លោកក្នុងការជំរុញរបៀបវារៈនយោបាយរបស់ប្រធានាធិបតី និងកាត់បន្ថយការចំណាយរដ្ឋាភិបាលសហព័ន្ធ។

នាឱកាសនោះ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងសរសេរមូលប្បទានប័ត្រសម្រាប់ទិញរថយន្តនេះ ដែលមានតម្លៃប្រហែល 80,000 ដុល្លារ ហើយទុកវានៅសេតវិមាន ដើម្បីឲ្យបុគ្គលិករបស់លោកជិះ។

លោក Trump ទិញរថយន្ត Tesla ថ្មី ដើម្បីគាំទ្រក្រុមហ៊ុនរបស់ លោក Musk

ជាមួយគ្នានេះ លោកប្រធានាធិបតីក៏បាននិយាយថាលោកសង្ឃឹមថាការទិញរបស់លោកនឹងជំរុញក្រុមហ៊ុន Tesla មានសន្ទុះឡើងវិញ ស្របពេល ដែលក្រុមហ៊ុន កំពុងមានការលក់ធ្លាក់ចុះ និងការធ្លាក់ចុះនៃតម្លៃភាគហ៊ុន។

លោក Trump បាននិយាយថា «វាជាផលិតផលដ៏អស្ចារ្យ» ។ ដោយសំដៅលើ លោក Musk លោក Trump បាននិយាយថា «យើងត្រូវតែអបអរសាទរគាត់» ។

ការបញ្ជាទិញរថយន្ត Tesla នៅពេលនេះ លោក Trump ត្រូវបានគេមើលឃើញថា បានបង្ហាញភាពស្មោះត្រង់ចំពោះ លោក Musk ដែលបានចំណាយលុយរាប់លានដុល្លារក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំមុន ដើម្បីធ្វើយ៉ាងណា ឱ្យលោក Trump បានវិលត្រឡប់មកកាន់សេតវិមាន វិញ ។

សូមបញ្ជាក់ថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជិត ៤% កាលពីថ្ងៃអង្គារ បន្ទាប់ពីបានធ្លាក់ចុះជិត ៤៨% ចាប់តាំងពីលោក Trump ចូលកាន់តំណែងក្នុងខែមករា៕

លោក Trump ទិញរថយន្ត Tesla ថ្មី ដើម្បីគាំទ្រក្រុមហ៊ុនរបស់ លោក Musk

អត្ថបទទាក់ទង