លោក Elon Musk ផ្តល់ប្រាក់ ១ លានដុល្លារ ក្នុងមួយថ្ងៃដល់អ្នកបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗរបស់អាមេរិក
អាមេរិក៖ មហាសេដ្ឋីបច្ចេកវិទ្យាពិភពលោក លោក Elon Musk បាននិយាយថា លោកនឹងផ្តល់ប្រាក់ចំនួន ១ លានដុល្លារ ក្នុងមួយថ្ងៃដល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងរដ្ឋសំខាន់ៗរបស់សហរដ្ឋអាមេរិក រហូតដល់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៥ ខែវិច្ឆិកា។
អ្នកដែលទទួលបានប្រាក់ចំនួនខាងលើនេះ នឹងត្រូវបានជ្រើសរើសចេញពីអ្នកដែលចុះហត្ថលេខាលើញត្តិគាំទ្ររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដោយក្រុមយុទ្ធនាការ America PAC របស់លោក Musk ដែល លោក បានបង្កើតឡើងដើម្បី គាំទ្រការ លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ឱ្យទទួលបានជ័យជំនះលើការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។
មូលប្បទានប័ត្រឆ្នោតដំបូង ចំនួន ១ លានដុល្លារ ត្រូវបានផ្តល់ឱ្យអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍សាលាក្រុងក្នុងរដ្ឋ Pennsylvania កាលពីយប់ថ្ងៃសៅរ៍។ ជាមួយគ្នានោះ មូលប្បទានប័ត្រមួយទៀតត្រូវបានប្រគល់ឱ្យអ្នកចូលរួម កាលពីថ្ងៃអាទិត្យ។
អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro ដែលជាអ្នកប្រជាធិបតេយ្យ គាំទ្រ លោកស្រី Kamala Harris បានហៅយុទ្ធសាស្ត្ររបស់លោក Musk ថា «ជាការព្រួយបារម្ភយ៉ាងខ្លាំង»។ លោក Shapiro បានប្រាប់ NBC News ‘Meet the Press ថា «ការអនុវត្តច្បាប់គួរតែពិនិត្យមើលការឱ្យប្រាក់នេះ»។
ការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក គឺបើកចំហសម្រាប់អ្នកបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania, Georgia, Nevada, Arizona, Michigan, Wisconsin និង រដ្ឋ North Carolina ដែលជារដ្ឋដ៏សំខាន់សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
អ្នកជំនាញច្បាប់បោះឆ្នោត លោក Rick Hasen បានសរសេរនៅលើប្លុកច្បាប់បោះឆ្នោតផ្ទាល់ខ្លួនរបស់លោកថា ការផ្តល់ប្រាក់ជូនអ្នកបោះឆ្នោត របស់លោក Musk គឺ «ខុសច្បាប់» ។ ច្បាប់សហព័ន្ធចែងថា អ្នកណាម្នាក់ដែល «បង់ប្រាក់ ឬផ្តល់ជូនដើម្បីបង់ប្រាក់ ឬទទួលយកការទូទាត់សម្រាប់ការចុះឈ្មោះបោះឆ្នោត ឬសម្រាប់ការបោះឆ្នោត» ប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន $១0,000 ឬជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។
ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla និងជាម្ចាស់ក្រុមហ៊ុន X ដែលជាអតីតបណ្តាញសង្គម Twitter លោក Musk បានប្រកាសគាំទ្រ Trump ជាសាធារណៈ និងបានបើកដំណើរការកម្មវិធី AmericaPAC ក្នុងខែកក្កដា ក្នុងគោលបំណងគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតី Trump។
រហូតមកដល់ពេលនេះលោក Musk បានបរិច្ចាគប្រាក់ចំនួន ៧៥ លានដុល្លារដល់ការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ។
លោក Musk គឺជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៨ ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមទស្សនាវដ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក Forbes ។