Close

ប្រាក់ចំណូលនៃការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ខ្ពស់ជាងក្រុមហ៊ុន Tesla

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
ប្រាក់ចំណូលនៃការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ខ្ពស់ជាងក្រុមហ៊ុន Tesla ប្រាក់ចំណូលនៃការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ខ្ពស់ជាងក្រុមហ៊ុន Tesla

អាមេរិក៖ របាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំ ២០២៤ របស់ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន BYD បានកើនឡើងខ្ពស់ជាងគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក Elon Musk ។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥។

បើតាមប្រភពដដែល ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន BYD ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen និយាយថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង ២៩% ស្មើនឹង ៧៧៧ពាន់លានយន់ ត្រូវជា ១០៧ ពាន់លានដុល្លារ ឬ ស្មើនឹង ៨៣ ពាន់លានផោន ដែលបានកើនឡើងដល់ ៩៧.៧ ពាន់លានដុល្លារ ខ្ពស់ជាងក្រុមហ៊ុន Tesla របស់ លោក Elon Musk ។

ប្រាក់ចំណូលនៃការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ខ្ពស់ជាងក្រុមហ៊ុន Tesla

ជាមួយគ្នានេះ ក្រុមហ៊ុន BYD ក៏ទើបតែបញ្ចេញរថយន្តថ្មីតម្លៃទាប ដើម្បីប្រជែងនឹងរថយន្ត Tesla Model 3 ដែលជារថយន្តអគ្គិសនីលក់ដាច់បំផុត (EV) យូរមកហើយនៅក្នុងប្រទេសចិន។
ការកើតឡើងខ្ពស់នៅពេលនេះ ស្របពេលដែលក្រុមហ៊ុន Tesla ប្រឈមមុខនឹងការរិះគន់ជុំវិញពិភពលោក និងអាមេរិក ទាក់ទិននឹងការទំនាក់ទំនងរបស់លោក Musk ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានរងការប៉ះពាល់ជាមួយនឹងពន្ធគយនៅក្នុងប្រទេសលោកខាងលិច។

ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនី (EVs ) មានចំនួន ប្រហាក់ប្រហែលទៅនឹងក្រុមហ៊ុន Tesla កាលពីឆ្នាំមុន ពោលគឺមានចំនួន ១.៧៩លាន គ្រឿង ខណៈដែលក្រុមហ៊ុន Tesla ចំនួន១.៧៦លានគ្រឿង។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនBYD លក់រថយន្តកូនកាត់បានកើនឡើងកាន់តែធំជាងមុន ដោយលក់បានកំណត់ត្រាចំនួន ៤.៣ លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ ។

កាលពីថ្ងៃអាទិត្យក្រុមហ៊ុន BYD បានប្រកាសពីលក់រថយន្ត ម៉ូដែលថ្មីដើម្បីវាជែង ក្រុមហ៊ុន Tesla គឺ ម៉ូដែល Qin L ដែលមានតម្លៃនៅប្រទេសចិន ១១៩,៨០០ យន់ ខណៈដែលម៉ូដែលថ្មីរបស់ក្រុមហ៊ុន Tesla’s Model 3 មានតម្លៃ ២៣៥,៥០០ យន់។

ការកើនឡើងនេះ នៅពេលដែលអ្នកប្រើប្រាស់រថយន្តនៅក្នុងប្រទេសចិនកំពុងកាត់បន្ថយការចំណាយដោយសារ ប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច រួមទាំងវិបត្តិអចលនទ្រព្យ កំណើនយឺត និងបំណុលរដ្ឋាភិបាលក្នុងស្រុកខ្ពស់។

កាលពីសប្តាហ៍មុន ស្ថាបនិកក្រុមហ៊ុន BYD លោក Wang Chuanfu បានប្រកាសពីបច្ចេកវិជ្ជាសាកថ្មថ្មី ដែលលោកបាននិយាយថាអាចសាក ថ្ម (EV) បានក្នុងរយៈពេលប្រាំនាទី។ បើប្រៀបធៀបជាមួយនឹង ក្រុមហ៊ុន Tesla ដែលប្រើប្រព័ន្ធ supercharger របស់វា ប្រហែល ១៥ នាទីដើម្បីសាក ទើបពេញ។

នៅក្នុងខែកុម្ភៈ BYD បានប្រកាសថា បច្ចេកវិទ្យាជំនួយអ្នកបើកបរកម្រិតខ្ពស់ដែលហៅថា «God’s Eye» របស់វានឹងមានផ្តល់ជូនដោយឥតគិតថ្លៃនៅក្នុងគ្រប់ម៉ូដែល។
ចំណែក ភាគហ៊ុននៅក្នុងក្រុមហ៊ុន ដែលត្រូវបានគាំទ្រដោយវិនិយោគិនជើងចាស់អាមេរិក លោក Warren Buffett បានកើនឡើងជាង ៥០% រហូតមកដល់ពេលនេះនៅឆ្នាំនេះ។

សូមជំរាបថា ប្រតិកម្មនានានៅសហរដ្ឋអាមេរិក និងបិភពលោកប្រឆាំងនឹងលោក Musk និងក្រុមហ៊ុនផលិតរថយន្តរបស់លោក (Tesla ) បានកើតមានជាហូរហែ ចាប់តាំងពីលោក ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសម្រាប់ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) រដ្ឋបាល របស់លោកTrump ដែលមានភារកិច្ចកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។

ប្រាក់ចំណូលនៃការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ខ្ពស់ជាងក្រុមហ៊ុន Tesla

ថ្មីៗនេះ លោក Musk ក៏បានធ្វើអន្តរាគមន៍ក្នុងនយោបាយនៅបរទេស រួមទាំងការផ្តល់ការគាំទ្រដល់គណបក្សស្តាំនិយមជ្រុល Alternative für Deutschland មុនពេលការបោះឆ្នោតសភារបស់ប្រទេសអាល្លឺម៉ង់ និងរិះគន់អ្នកនយោបាយចក្រភពអង់គ្លេស ដូចជានាយករដ្ឋមន្ត្រី Keir Starmer ជាដើម។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនត្រូវបានគេកំណត់គោលដៅជាមួយនឹងពន្ធគយនៅក្នុងផ្នែកធំនៃពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ៕