លោក Zelenskyy នឹងចុះ កិច្ចព្រមព្រៀងផ្តល់ធនធានរ៉ែទៅឱ្យអាមេរិក
អាមេរិក៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ផ្តល់ជូនទៅឱ្យសហរដ្ឋអាមេរិកក្នុងអំឡុងពេល លោកធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាពេលខាងមុខនេះ ។ ការត្រៀមចុះហត្ថលេខានេះ ធ្វើឡើ បន្ទាប់ពីអ៊ុយក្រែន និងសហរដ្ឋអាមេរិកបានព្រមព្រៀងលក្ខខណ្ឌលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយនេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាមទារឱ្យអ៊ុយក្រែនផ្តល់រ៉ែកម្ររបស់ខ្លួនមកឱ្យសហរដ្ឋអាមេរិក ដើម្បីទូទាត់សំណងសម្រាប់ជំនួយក្នុងសម័យសង្រ្គាម ដែលមានតម្លៃរាប់ពាន់លានដុល្លារ ដែលខ្លួនបានទទួលក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Joe Biden ។
កិច្ចព្រមព្រៀងនេះនឹងឱ្យសហរដ្ឋអាមេរិករួមគ្នាអភិវឌ្ឍទ្រព្យសម្បត្តិរ៉ែរបស់អ៊ុយក្រែនដោយប្រាក់ចំណូលនឹងទៅមូលនិធិដែលទើបបង្កើតថ្មី ឈ្មោះ «រួមគ្នាសម្រាប់អ៊ុយក្រែន និងអាមេរិក»។ នេះ បើតាម ប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ប្រភពដដែលបានបន្តថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំង «សន្តិសុខ» ប៉ុន្តែមិនបានកំណត់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលជាការទាមទារពីមុនរបស់ ទីក្រុង Kyiv សម្រាប់កិច្ចព្រមព្រៀងមួយ។
ប្រភពដដែលបានប្រាប់ AFP ថា «មានឃ្លាទូទៅមួយដែលនិយាយថាអាមេរិកនឹងវិនិយោគនៅក្នុងអធិបតេយ្យភាពអ៊ុយក្រែនដែលមានស្ថិរភាព និងវិបុលភាព ដែលវាធ្វើការដើម្បីសន្តិភាពយូរអង្វែង ហើយថាអាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខ» ។
ប្រភពដដែលក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយឃ្លាដែលមិនអំណោយផលដល់អ៊ុយក្រែន រួមទាំងការផ្តល់ធនធាន ប្រមាណ 500 ពាន់លានដុល្លារអ៊ុយក្រែន ស្មើនឹង788.5 ពាន់លានដុល្លារអាមេរិក ។
កិច្ចព្រមព្រៀងនេះ ត្រូវបានគេយល់ថាសហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងមានកម្មសិទ្ធិរួមគ្នានៃមូលនិធិប្រាក់ចំណូល ហើយអ៊ុយក្រែននឹងរួមចំណែក 50 ភាគរយនៃប្រាក់ចំណូលនាពេលអនាគតពីធនធានដែលគ្រប់គ្រងដោយរដ្ឋ រួមទាំងរ៉ែ ប្រេង និងឧស្ម័ន។
ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះមិនរួមបញ្ចូលការធានាសន្តិសុខនោះទេ ប៉ុន្តែមន្ត្រីម្នាក់បាននិយាយថា នេះនឹងក្លាយជាអ្វីដែលប្រធានាធិបតីទាំងពីរនឹងពិភាក្សានៅពេលពួកគេជួបគ្នា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅការិយាល័យរាងពងក្រពើកាលពីថ្ងៃអង្គារ ម៉ោងក្នុងស្រុក លោក Trump បាននិយាយថា លោកមានទំនុកចិត្តលើកិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែនដែលត្រូវបានបញ្ចប់នៅថ្ងៃសុក្រ ហើយលោកបាននិយាយថាលោកក៏នឹង “ចង់ទិញរ៉ែនៅលើដីរុស្ស៊ីផងដែរ” ។
រដ្ឋបាល Trump បានស្នើឱ្យទាមទារយក 50 ភាគរយនៃសារធាតុរ៉ែសំខាន់ៗរបស់អ៊ុយក្រែន ដែលរួមមានក្រាហ្វិច អ៊ុយរ៉ាញ៉ូម ទីតាញ៉ូម និងលីចូម ដែលជាសមាសធាតុសំខាន់នៅក្នុងអាគុយរថយន្តអគ្គិសនី៕