Politico ៖ មហាអំណាចធំៗចង់ឱ្យ អឺរ៉ុបបែកបាក់គ្នា
ទីក្រុង Tallinn ៖ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយកាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបដែលមានសាមគ្គីភាព មិនសូវត្រូវបានចូលចិត្តដោយរដ្ឋបាលអាមេរិក ព្រោះប្លុកនេះជាអំណាចភូមិសាស្ត្រនយោបាយមួយដែលសហរដ្ឋអាមេរិកត្រូវប្រឈមមុខ។
លោកស្រីបានជំរុញឱ្យប្រទេសជាសមាជិក EU កុំធ្វើឱ្យប្លុកចុះខ្សោយ តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីជាមួយសហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងសន្និសីទ Lennart Meri នៅទីក្រុង Tallinn លោកស្រី Kallas បាននិយាយថា៖
«ពួកគេមិនចូលចិត្តសហភាពអឺរ៉ុបទេ វាច្បាស់ណាស់។ ប៉ុន្តែយើងត្រូវយល់ថាហេតុអ្វីបានជាពួកគេមិនចូលចិត្តវា—ហេតុអ្វីបានជាចិន និងរុស្ស៊ីក៏មិនចូលចិត្តផងដែរ។ ព្រោះបើពួកយើងរួមគ្នា និងធ្វើការជាមួយគ្នា នោះយើងក្លាយជាអំណាចស្មើគ្នា និងមានកម្លាំងខ្លាំង»។
លោកស្រីបានបន្ថែមថា វាងាយស្រួលសម្រាប់មហាអំណាចក្នុងការដោះស្រាយជាមួយប្រទេសតូចៗ ជាងការដោះស្រាយជាមួយប្លុកធំមួយដែលអាចដើរតួជាអំណាចស្មើគ្នា។ លោកស្រីបានលើកឡើងថា វោហាសាស្ត្រដូចជា “ទំនាក់ទំនងរបស់ខ្ញុំជាមួយអ្នកល្អ ប៉ុន្តែខ្ញុំមិនចូលចិត្តសហភាពអឺរ៉ុបទេ” គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របំបែក និងគ្រប់គ្រង។
លោកស្រីបានមានប្រសាសន៍ថា៖
«ខ្ញុំមានការព្រួយបារម្ភ ព្រោះខ្ញុំក៏ឃើញប្រទេសខ្លះកំពុងដើរតាមផ្លូវនោះ។ ការបំបែកពិតជាដំណើរការ»។

ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រឡប់ទៅសេតវិមានវិញ បណ្តាប្រទេសសមាជិក EU មួយចំនួនបានព្យាយាមរក្សាទំនាក់ទំនងផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានព្យាយាមដើរតួជាស្ពានរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកស្រី Kallas បានជំរុញឱ្យប្រទេស EU ការពារសាមគ្គីភាព និងធ្វើកិច្ចព្រមព្រៀងតាមប្លុក ដោយលើកឡើងថា មហាអំណាចទាំងនេះចង់ឃើញសហភាពអឺរ៉ុបខ្សោយ ព្រោះពេលដែលអឺរ៉ុបរួមគ្នា វាមានកម្លាំងខ្លាំងជាង។
លោកស្រីក៏បាននិយាយថា អឺរ៉ុបមានការយល់ដឹងច្បាស់អំពីបញ្ហាជាមួយចិន ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយទេ។
លោកស្រីបានបញ្ជាក់ថា មានជម្រើសពីរ គឺបន្តជួយឧបត្ថម្ភឧស្សាហកម្ម (subsidies) ឬប្រើឧបករណ៍ដែល EU មានស្រាប់ ដូចជា ការត្រួតពិនិត្យការវិនិយោគបរទេស ការលទ្ធកម្មសាធារណៈ និងការធ្វើពិពិធកម្មប្រភពវត្ថុធាតុដើមសំខាន់ៗ។
លោកស្រីបានព្រមានថា ការប្រើឧបករណ៍ទាំងនេះនឹងមានផលប៉ះពាល់ និងអាចនាំឱ្យមានការសងសឹក ខណៈបណ្តាប្រទេសមានសេដ្ឋកិច្ចខ្លាំងក៏អាចនឹងអស់ថវិកាអ្នកបង់ពន្ធសម្រាប់ឧបត្ថម្ភធន បើមិនដោះស្រាយបញ្ហាមូលដ្ឋាននោះទេ៕