លោក Trump និងលោក Xi ជួបពិភាក្សាក្នុងជំនួបកំពូលដ៏សំខាន់នៅទីក្រុងប៉េកាំង
ប៉េកាំង៖ មេដឹកនាំចិន លោក ស៊ី ជីនពីង បានស្វាគមន៍ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយការចាប់ដៃនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់កិច្ចប្រជុំកំពូលដ៏សំខាន់មួយ ដែលផ្តោតលើបញ្ហារសើបជាច្រើន រួមមាន អ៊ីរ៉ង់ ពាណិជ្ជកម្ម និងតៃវ៉ាន់។
លោក ស៊ី បានទទួលស្វាគមន៍លោក ត្រាំ នៅមហាវិមានប្រជាជន (Great Hall of the People) ប្រមាណម៉ោង ១០:០០ ព្រឹក (ម៉ោងសកល) ក្នុងពិធីបដិសណ្ឋារកិច្ចដ៏អធិកអធម ដែលបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទោះបីមានភាពតានតឹងនយោបាយ និងពាណិជ្ជកម្មក្តី។
អមដំណើរដោយលោក ត្រាំ លោក ស៊ី បានចាប់ដៃជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូប រួមមាន រដ្ឋមន្ត្រីការពារជាតិ លោក Peter Hegseth និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ដែលត្រូវបានគេស្គាល់ថាមានជំហររឹងមាំប្រឆាំងទីក្រុងប៉េកាំងពេញមួយអាជីពនយោបាយរបស់លោក។
លោក Trump និងលោក Xi បានឈរនៅកណ្តាលទីលាន ខណៈក្រុមតន្ត្រីយោធាចិនបានប្រគំភ្លេងជាតិអាមេរិក “The Star-Spangled Banner” មុនបន្តដោយភ្លេងជាតិចិន អមជាមួយការបាញ់កាំភ្លើងកិត្តិយស។

សិស្សសាលាជាច្រើននាក់ ក្នុងសម្លៀកបំពាក់ពណ៌ស្រស់ឆើតឆាយ បានគ្រវីទង់ជាតិអាមេរិក និងចិន ព្រមទាំងស្រែកថា “ស្វាគមន៍! ស្វាគមន៍!” ខណៈមេដឹកនាំទាំងពីរដើរកាត់ទីលានពិធី។
មេដឹកនាំទាំងពីរក៏គ្រោងចូលរួមពិធីលៀងផ្លូវការរបស់រដ្ឋនៅពេលល្ងាចផងដែរ ខណៈលោក Trump នឹងទៅទស្សនាប្រាសាទប្រវត្តិសាស្ត្រ Temple of Heaven ដែលជាតំបន់បេតិកភណ្ឌពិភពលោក និងជាកន្លែងដែលអធិរាជចិនសម័យបុរាណធ្លាប់ធ្វើពិធីបួងសួងសុំឱ្យមានផលដំណាំល្អ។
ប្រធានាធិបតីអាមេរិកបានមកដល់ទីក្រុងប៉េកាំងកាលពីល្ងាចថ្ងៃពុធ តាមយន្តហោះ Air Force One សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដោយមានការអមដំណើរពីថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ រួមមាន លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលឆ្លុះបញ្ចាំងពីក្តីសង្ឃឹមរបស់លោក Trump ក្នុងការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។
ដំណើរទស្សនកិច្ចនេះ គឺជាការបំពេញទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ទីក្រុងប៉េកាំងក្នុងរយៈពេលជិតមួយទសវត្សរ៍ បន្ទាប់ពីលោក Trump ធ្លាប់ធ្វើទស្សនកិច្ចនៅឆ្នាំ២០១៧ ដែលពេលនោះមានភរិយារបស់លោក គឺលោកស្រី Melania Trump អមដំណើរផងដែរ។
ក្តីរំពឹងលើកិច្ចព្រមព្រៀងធំៗ
របៀបវារៈសំខាន់មួយរបស់លោក Trump គឺការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មលើវិស័យកសិកម្ម យន្តហោះ និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត ដោយមានអ្នកជំនួញកំពូលៗជាច្រើនចូលរួមក្នុងគណៈប្រតិភូអាមេរិក។
នៅលើយន្តហោះ Air Force One លោក Trump បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយអំពាវនាវឱ្យលោក Xi បើកទីផ្សារចិនកាន់តែទូលំទូលាយសម្រាប់ក្រុមហ៊ុនអាមេរិក ដើម្បីឱ្យក្រុមហ៊ុនទាំងនេះអាចបង្ហាញសមត្ថភាព និងភាពច្នៃប្រឌិតរបស់ពួកគេបានពេញលេញ។
ទោះជាយ៉ាងណា ពេលនេះលោក Trump កំពុងប្រឈមមុខនឹងប្រទេសចិនដែលមានភាពរឹងមាំ និងមានទំនុកចិត្តជាងមុន បើប្រៀបធៀបនឹងពេលលោកបានធ្វើទស្សនកិច្ចកាលពី៩ឆ្នាំមុន ខណៈភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរកាន់តែកើនឡើង។
ជាពិសេស វិបត្តិពាក់ព័ន្ធអ៊ីរ៉ង់ បានធ្វើឱ្យស្ថានភាពការចរចារវាងភាគីទាំងពីរកាន់តែស្មុគស្មាញ និងជាហេតុធ្វើឱ្យដំណើរទស្សនកិច្ចនេះត្រូវពន្យារពេលពីខែមីនា។
លោក Trump បាននិយាយថា លោករំពឹងថានឹងមានការពិភាក្សាយ៉ាងទូលំទូលាយជាមួយលោក Xi អំពីអ៊ីរ៉ង់ ដែលលក់ប្រេងស្ថិតក្រោមទណ្ឌកម្មអាមេរិកភាគច្រើនទៅកាន់ប្រទេសចិន ប៉ុន្តែលោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនចាំបាច់ត្រូវការជំនួយពីទីក្រុងប៉េកាំងលើបញ្ហានេះទេ។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ទូរទស្សន៍ Fox News ថា សហរដ្ឋអាមេរិកសង្ឃឹមថា ចិននឹងដើរតួនាទីសកម្មជាងមុន ក្នុងការជំរុញឱ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាពដែលកំពុងអនុវត្តនៅតំបន់ឈូងសមុទ្រអារ៉ាប់។
បញ្ហាពន្ធគយ និងតៃវ៉ាន់
សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ស្ថិតក្នុងរបៀបវារៈសំខាន់ផងដែរ បន្ទាប់ពីការដំឡើងពន្ធគយដ៏ធំរបស់លោក Trump កាលពីឆ្នាំមុន ដែលនាំឱ្យមានការតបតវិញដោយពន្ធគយលើសពី ១០០ ភាគរយ។
លោក Trump និងលោក Xi ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការបន្តបទឈប់បាញ់ពន្ធគយរយៈពេលមួយឆ្នាំ ដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាកាលពីកិច្ចប្រជុំចុងក្រោយនៅកូរ៉េខាងត្បូង កាលពីខែតុលាកន្លងទៅ បើទោះបីមិនទាន់មានការធានាច្បាស់លាស់លើកិច្ចព្រមព្រៀងថ្មីក៏ដោយ។
បញ្ហាតៃវ៉ាន់ ក៏ជាប្រធានបទរសើបមួយផងដែរ។ លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងលើកឡើងអំពីការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ដែលមានការគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែត្រូវបានចិនអះអាងថាជាផ្នែកមួយនៃដែនអធិបតេយ្យរបស់ខ្លួន។
ការលើកយកបញ្ហានេះមកពិភាក្សាជាមួយទីក្រុងប៉េកាំង ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរពីគោលជំហរប្រពៃណីរបស់សហរដ្ឋអាមេរិក ដែលធ្លាប់បញ្ជាក់ថា ខ្លួននឹងមិនពិគ្រោះជាមួយចិនអំពីការគាំទ្ររបស់ខ្លួនចំពោះកោះនេះទេ។
ក្រៅពីនេះ ការគ្រប់គ្រងការនាំចេញរ៉ែកម្រ ការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងទំនាក់ទំនងពាណិជ្ជកម្មដ៏តានតឹង និងចម្រូងចម្រាសរវាងប្រទេសទាំងពីរ ក៏ត្រូវបានរំពឹងថា នឹងក្លាយជាប្រធានបទសំខាន់ក្នុងកិច្ចពិភាក្សានេះផងដែរ។
ភាគីទាំងពីរសង្ឃឹមថា នឹងអាចសម្រេចបានលទ្ធផលវិជ្ជមានមួយចំនួន ព្រមទាំងរក្សាស្ថិរភាពទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើស្ថានការណ៍សកល។
ជាមួយគ្នានេះ លោក Trump ក៏ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានការកំណត់ពេលវេលាច្បាស់លាស់សម្រាប់ដំណើរទស្សនកិច្ចតបស្នងរបស់លោក Xi ទៅកាន់សហរដ្ឋអាមេរិក នៅចុងឆ្នាំ២០២៦ ផងដែរ៕
