លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីង ពិភាក្សាគ្នាអំពីពាណិជ្ជកម្ម តៃវ៉ាន់ និងសង្រ្គាមនៅអ៊ុយក្រែន
វ៉ាស៊ីនតោន/ប៉េកាំង៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃច័ន្ទ ទី២៤ ខែវិច្ឆិកា ដោយផ្តោតសំខាន់លើបញ្ហាយុទ្ធសាស្រ្តមួយចំនួន រួមមាន វិបត្តិអ៊ុយក្រែន ពាណិជ្ជកម្ម និងបញ្ហាតៃវ៉ាន់។
សេចក្តីប្រកាសពីមេដឹកនាំទាំងពីរបានបញ្ជាក់ថា កិច្ចសន្ទនានេះបានកើតឡើងជិតមួយខែ បន្ទាប់ពីពួកគេបានជួបប្រជុំដោយផ្ទាល់នៅទីក្រុងប៊ូសាន (Busan) ប្រទេសកូរ៉េខាងត្បូង។ មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិបត្តិអ៊ុយក្រែន ខណៈដែលរដ្ឋបាលលោក ត្រាំ កំពុងជំរុញយ៉ាងខ្លាំងក្លាឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម។
ទាក់ទិននឹងបញ្ហានេះ បើយោងតាមក្រសួងការបរទេសចិន លោក ស៊ី បានសម្តែងក្តីសង្ឃឹមចំពោះ “កិច្ចព្រមព្រៀងសន្តិភាពដែលយុត្តិធម៌ ឋិតថេរ និងមានកាតព្វកិច្ច” នៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថា វិបត្តិគួរតែត្រូវបានដោះស្រាយ “នៅឫសគល់” របស់វា។ លោក ស៊ី ក៏បានសង្កត់ធ្ងន់ពីការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលនាំឱ្យមានសន្តិភាព។

ចំពោះជំហររបស់អាមេរិក វិញ លោក ត្រាំ បានបញ្ជាក់ថា លោក ស៊ី នឹងជួយសហរដ្ឋអាមេរិក និង “នឹងធ្វើការជាមួយគ្នា” លើបញ្ហាអ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាម។
ក្នុងអំឡុងពេលសន្ទនានេះដែរ លោក ស៊ី បានលើកឡើងអំពីបញ្ហាតៃវ៉ាន់ ដោយបានប្រាប់លោក ត្រាំ ថា ការត្រឡប់មកវិញរបស់តៃវ៉ាន់មកកាន់ដីគោកចិន គឺជា “ផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាម”។ លោក ស៊ី ក៏បានសង្កត់ធ្ងន់ថា ចិន និងអាមេរិក គួរតែធ្វើការរួមគ្នាដើម្បីការពារលទ្ធផលនៃសង្គ្រាមលោកលើកទី២។
ចំពោះពាណិជ្ជកម្ម និងទំនាក់ទំនងទ្វេភាគី មេដឹកនាំទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមដែលពួកគេបានឈានដល់កាលពីខែមុន។
លោក ត្រាំ បានហៅកិច្ចសន្ទនានេះថា “ល្អណាស់” ដោយលើកឡើងពីការពិភាក្សាអំពីការទិញ សណ្តែកសៀង អាមេរិកដោយចិន និងការកាត់បន្ថយការនាំចេញសារធាតុ Fentanyl ខុសច្បាប់។
លោក ត្រាំ បានប្រកាសថា លោកបានទទួលយកការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ឆ្នាំ២០២៦ ហើយបានអញ្ជើញលោក ស៊ី មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកវិញនៅពេលក្រោយក្នុងឆ្នាំដដែល៕
