Close

មន្ត្រីកម្ពុជា-ចិន ពិភាក្សាលើគម្រោងសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ និង បង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រីកម្ពុជា-ចិន ពិភាក្សាលើគម្រោងសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ និង បង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា មន្ត្រីកម្ពុជា-ចិន ពិភាក្សាលើគម្រោងសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ និង បង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា

ភ្នំពេញ៖ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ បានទទួលជួបសម្តែងការគួរសម ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou ខេត្តហឺណាន់ ប្រទេសចិន ដែលដឹកនាំដោយលោក Wang Ju អគ្គលេខាធិការរង នៃរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou អមដោយថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន ។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើគម្រោងសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ ជាពិសេស ស្រូវអង្ករ និង ការពិនិត្យលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មនៅកម្ពុជា ព្រមទាំងការតភ្ជាប់ពាណិជ្ជកម្មគ្រាប់ធញ្ញជាតិ រវាងព្រះរាជាណាចក្រកម្ពុជា និង ទីក្រុង Zhengzhou នៃខេត្តហឺណាន់ ដែលជាខេត្តមានឯកទេសខ្ពស់ផ្នែកកសិកម្ម និង ការកែច្នៃផលិតផលកសិកម្ម ហើយត្រូវបានគេទទួលស្គាល់ថាជា “ឃ្លាំងស្តុកអារហារ និង ផ្ទះបាយនៃប្រទេសចិន”

មន្ត្រីកម្ពុជា-ចិនពិភាក្សាលើគម្រោងសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ និង បង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា

ក្នុងឱកាសនោះ, លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ជាពិសេស ថ្មីៗនេះ ការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រោមការចង្អុលបង្ហាញរបស់ លោក ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ជាការឆ្លយតប លោក Wang Ju បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានទទួលជួបគណៈប្រតិភូរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou និង បានរាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ចនៃខេត្តហឺណាន់ ដែលពោរពេញដោយសក្តានុពលផ្នែកកសិកម្ម និង ឧស្សាហកម្មកែច្នៃម្ហូបអាហារ ។

ជាមួយគ្នានោះដែរ លោក ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និង ការចូលរួមចំណែកយ៉ាងសំខាន់របស់ខេត្តហឺណាន់ ទៅលើទំហំសេដ្ឋកិច្ចរបស់ប្រទេសចិន ជាពិសេស ផ្នែកកសិកម្ម និង ឧស្សាហកម្មកែច្នៃម្ហូបអាហារ ។ ទន្ទឹមនេះ, លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈប្រតិភូរដ្ឋាភិបាលប្រជាជននៃទីក្រុង Zhengzhou និង ជំរុញឱ្យមានកិច្ចពិភាក្សាកម្រិតបច្ចេកទេស ឱ្យបានគ្រប់ជ្រុងជ្រោយថែមទៀត សំដៅជំរុញការអនុវត្តគម្រោងសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ និង កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និង ឧស្សាហកម្មកែច្នៃម្ហូបអាហារ ។

មន្ត្រីកម្ពុជា-ចិនពិភាក្សាលើគម្រោងសាងសង់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ និង បង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា

គួរជម្រាបជូនថា កិច្ចព្រមព្រៀងសហប្រតិបត្តិការ “ច្រករបៀងត្រី និងស្រូវ” (Fish and Rice Corridor) ដែលត្រូវបានចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង សាធារណៈរដ្ឋប្រជាមានិតចិន កាលពីខែ កញ្ញា ឆ្នាំ ២០២៣ គឺផ្តោតសំខាន់លើការលើកកម្ពស់វិស័យផលិតកម្មម្ហូបអាហារនៅកម្ពុជា រួមមាន វារីវប្បកម្ម កសិកែច្នៃ កសិកម្មអេកូឡូស៊ី ការអនុវត្តបច្ចេកវិទ្យាកសិកម្មថ្មី ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ក្នុងគោលដៅបង្កើនសមត្ថភាពផលិតកម្មកសិកម្មរបស់កម្ពុជា និង ដើម្បីជំរុញការបង្កើនពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ។ ជាមួយគ្នានេះ, កិច្ចសហការនេះ ក៏ជាផ្នែកមួយនៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ” និង ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រទ្វេរភាគី (Diamond Hexagon) ផងដែរ ។