ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណើគម្រោង ៣៥ មានទុនជាង ១៥៦ លានដុល្លារ
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី ២៣ ដើម្បីពិនិត្យសំណើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ជូនដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ៣៥ គម្រោង ដែលមានទុនវិនិយោគសរុបជាង ១៥៦ លានដុល្លារអាមេរិក។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញ ដើម្បីពិនិត្យ និងវាយតម្លៃលើសំណើគម្រោងនានា។ គម្រោងដែលបានដាក់ស្នើ រួមមាន សួនឧស្សាហកម្មសម្រាប់រោងចក្រផ្នែកសត្វចិញ្ចឹម រោងចក្រកែច្នៃគ្រឿងសង្ហារិម រោងចក្រកែច្នៃសំណល់ រោងចក្រផលិតបំពង់ទឹក ស្ថានីយសាករថយន្តអគ្គិសនី សិប្បកម្មផលិតប្រេងឆា រោងចក្រផលិតកេសកាតុង អគារពហុមុខងារ សណ្ឋាគារ និងផ្សារទំនើប ជាដើម។ គម្រោងទាំងនេះរំពឹងថានឹងបង្កើតឱកាសការងារថ្មីរាប់ពាន់កន្លែងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។

អង្គប្រជុំក៏បានពិភាក្សាអំពីជម្រើស និងគោលការណ៍ដែលអាចកែសម្រួល ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់លើកទឹកចិត្ត និងទាក់ទាញវិនិយោគមានគុណភាព មានតម្លៃបន្ថែមខ្ពស់ និងបង្កើតការងារប្រកបដោយចីរភាព ទាំងគម្រោងនៅក្រៅ និងក្នុងតំបន់សេដ្ឋកិច្ចពិសេស។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមក ក្រុមការងារសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ដោយផ្អែកលើការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ជាក់ស្តែង ក្រុមការងារបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤១៣ គម្រោង មានទុនវិនិយោគប៉ាន់ស្មានជាង ៨ ពាន់លានដុល្លារ និងបង្កើតការងារបានជាង ៥៥,០០០ កន្លែង។ ទន្ទឹមនេះ គម្រោងអគារជាប់គាំងចំនួន ៧៦ ត្រូវបានជំរុញឱ្យបន្តសាងសង់ឡើងវិញ និង ៣០ គម្រោងបានបញ្ចប់សាងសង់ និងដំណើរការអាជីវកម្ម ព្រមទាំងទាក់ទាញគម្រោងវិនិយោគថ្មីបានចំនួន ១៧៩ គម្រោងបន្ថែម។

ដោយផ្អែកលើលទ្ធផលវិជ្ជមាននេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំបន្ថែម រហូតដល់ដំណាច់ឆ្នាំ ២០២៧។ ក្នុងនោះ ក្រុមការងារនឹងផ្តោតលើភារកិច្ចសំខាន់ ២ រួមមាន៖១) បន្តទាក់ទាញ និងថែរក្សាគម្រោងវិនិយោគមានសក្តានុពល ឱ្យដំណើរការរលូន និងអាចពង្រីកនាពេលអនាគត;២) ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ការផ្ទេរជំនាញ និងបច្ចេកវិទ្យា ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ធាតុផ្សំ និងផលិតផលក្នុងស្រុក នៅតាមសហគ្រាស និងរោងចក្រនានា ក្នុងខេត្តព្រះសីហនុ។
បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានណែនាំឱ្យលេខាធិការដ្ឋានបន្តសម្របសម្រួលជាមួយម្ចាស់គម្រោងអគារជាប់គាំងដែលនៅសេសសល់ ដើម្បីចូលរួមក្នុងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល និងបន្តលើកទឹកចិត្តដល់សហគ្រាស ផលិតករ និងពាណិជ្ជករ ឱ្យចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមអញ្ជើញធុរជន និងវិនិយោគិន មកដាក់ពាក្យ ឬដាក់សំណើ ដើម្បីទទួលបានអត្ថប្រយោជន៍ពិសេស រួមមាន ការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ។ វិនិយោគិនអាចទំនាក់ទំនងតាមការិយាល័យក្រុមការងារនៅក្រុងព្រះសីហនុ ឬនៅរាជធានីភ្នំពេញ តាមលេខទូរស័ព្ទដែលបានប្រកាសជាសាធារណៈ៕
