ធនាគារជាតិនៃកម្ពុជាសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists) ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ដំណើរការ កម្មវិធីទូទាត់បាគងទេសចរនេះ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្តល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិក ដែលអាចឱ្យទេសចរអន្តរជាតិធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីនៃការទូទាត់ឌីជីថលនៅកម្ពុជា។
ក្នុងន័យនេះ ទេសចរអន្តរជាតិគ្រាន់តែទាញយកម្មវិធីទូទាត់បាគងទេសចរ Bakong Tourist App ហើយតម្លើងកម្មវិធីនេះ នៅក្នុងទូរស័ព្ទ នៅពេលមកដល់ប្រទេសកម្ពុជា រួចហើយ ចុះឈ្មោះបង្កើតគណនីបាគងទេសចរតាមអនឡាញ ដោយប្រើប្រាស់អ៊ីមែល។
បន្ទាប់មកទេសចរ អន្តរជាតិអាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីតាមរយៈអង្គភាពអាជីវកម្មជាដៃគូ និងអាចធ្វើប្រតិបត្តិការ ទូទាត់តាមរយៈការស្កេន KHQR Code ជាមួយពាណិជ្ជករ ទូទាត់រាយប្រមាណ ៣,៣ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ៕