ធនាគារជាតិលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្រួលក្នុងការបើកគណនីសន្សំ និង ផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ ចេញសារាចរណែនំា ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្រួលក្នុងការបើកគណនីសន្សំ និង ផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍។
ការចេញសារាចរណ៍ណែនាំនេះ គឺ អនុលោមតាមច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ដែលប្រកាសឱ្យ ប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ វិសោធនកម្មមាត្រា ១៤ និងមាត្រា ៥៧ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ព្រមទាំងជួយសម្រួលដល់ប្រតិបត្តិការទូទាត់សងប្រាក់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ។
ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុទាំងរស់ ដូចខាងក្រោម៖១. បើកគណនីឱ្យសហគ្រាសធុនមីក្រូនិងបុគ្គលស្វ័យនិយោជន៍ក្នុងរូបភាពជា “ឈ្មោះអាជីវកម្ម” “ឈ្មោះសហគ្រាស” ឬ “ឈ្មោះហាង” ក្នុងករណីសហគ្រាសធុនមីក្រូនិងបុគ្គលស្វ័យនិយោជន៍បាន បំពេញបែបបទរដ្ឋបាលពេញលេញនិងងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈការចុះបញ្ជីនៅច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលគណនីនោះកំណត់បាននូវអត្តសញ្ញាណម្ចាស់អាជីវកម្មជាឯកត្តជននោះដោយផ្ទាល់ និង
២. សម្រួលនិងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
បើតាមធនាគារជាតិនៃកម្ពុជា ទន្ទឹមនេះ ការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យមនិងបុគ្គលស្វ័យនិយោជន៍ត្រូវគោរពតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕