Facebook គ្រោងផលិតបន្ទះឈីបកុំព្យូទ័រដោយខ្លួនឯង ដើម្បីជួយសម្រួលការងារ AI
បរទេស៖ ក្រុមហ៊ុន Meta បានប្រកាសពីគម្រោងផលិតបន្ទះឈីបកុំព្យូទ័រដោយខ្លួនឯង ដើម្បីជួយសម្រួលដល់ការងារ AI ដែលនេះជាការប្រកាសជាសាធារណៈ និងជាលើកដំបូងអំពីគម្រោងដ៏រសើបមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
ថ្មីៗនេះ Meta ដែលជាមេធំរបស់ Facebook បានធ្វើការកាត់បន្ថយបុគ្គលិករហូតដល់រាប់ពាន់នាក់ និងបានខាតបង់ប្រាក់អស់យ៉ាងច្រើនសន្ធឹកទៅឡើងគម្រោងបច្ចេកវិទ្យា «ការពិតនិម្មិត ឬ VR» ដោយបានធ្វើឱ្យក្រុមអ្នកវិនិយោគជាច្រើនមិនសប្បាយចិត្តទៅលើរឿងនេះ ប៉ុន្តែការប្រកាសអំពីគម្រោងផលិតបន្ទះឈីបកុំព្យូទ័រដោយខ្លួនសម្រាប់ជួយសម្រួលដល់ការងារ AI នេះ បានធ្វើឱ្យក្រុមអ្នកវិនិយោគមានចំណាប់អារម្មណ៍ឡើងវិញជាមួយនឹងក្រុមហ៊ុន Meta។
គោលបំណងនៃគម្រោងផលិតបន្ទះឈីបនេះគឺ Mata ចង់បង្កើតមណ្ឈមណ្ឌលរក្សាទុកទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាខ្លួនឯងដោយផ្ទាល់ ជាពិសេសគឺដើម្បីបង្កើតនូវផលិតផល និងសេវាកម្មផ្សេងៗជាច្រើនទៀតដើម្បីបម្រើដល់សាធារណជន ជាពិសេសគឺសម្រាប់ធ្វើការ Update ទៅលើផលិតផលដែលមានស្រាបនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា Meta ជាក្រុមហ៊ុនមួយដែលបង្កើតសិក្សា និងប្រើប្រាស់នូវបច្ចេកវិទ្យា AI តាំងពីច្រើនឆ្នាំណាស់មកហើយ មិនមែនទើបតែល្បី ChatGPT ដូចពេលបច្ចុប្បន្ននោះទេ៕