តើហេតុអ្វីបានជា Google ហ៊ានចំណាយលុយច្រើនសន្លឹកទិញ YouTube ដែលជាកូនក្រុមហ៊ុនទើបបង្កើត?
បរទេស: YouTube គឺជាបណ្ដាញសង្គមកម្សាន្តបែបវីដេអូដ៏ពេញនិយមមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន ដែលបង្កើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៥ និងត្រូវបានក្រុមហ៊ុន Google ទិញយកកាលពីខែតុលា ឆ្នាំ២០០៦ ក្នុងតម្លៃ ១,៦ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្នវារកចំណូលបានប្រមាណ ២៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
១,៦ពាន់លានដុល្លារអាមេរិក ជាចំនួនលុយមួយដ៏ច្រើនសន្ធឹក ដែលវាមិនសមនឹងចំណាយក្នុងការទិញយក YouTube ដែលជាកូនក្រុមហ៊ុនតូចមួយទើបបង្កើតឡើង និងមិនទាន់ទាំងដើរផង ប៉ុន្តែហេតុអ្វីបានជា Google ហ៊ានចំណាយលុយទិញ?
ខាងក្រោមនេះជាហេតុផល ៣ ដែល Google សម្រេចទិញ YouTube:
១) ប្រជាប្រិយភាព
ក្រោយពេល YouTube បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វាបានក្លាយជាបណ្ដាញសង្គមវីដេអូមួយដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានអ្នកគាំទ្រជាច្រើន ហើយបើតាមស្ថិតិដែលស្រង់ដោយ SEJ (Search Engine Journal) បានឱ្យដឹងថា នៅមុនពេល Google ទិញ YouTube គឺ YouTube កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១ នៃបណ្ដាញសង្គមវីដេអូដែលមានការគាំទ្រច្រើនជាងគេក្នុងលទ្ធផល ៤៥,៤៦ភាគរយ ខណៈ MySpace Videos មានត្រឹមតែ ២២ភាគរយ, Google Video មាន ១០ភាគរយ និង Yahoo! Video មាន ៦ភាគរយ។
២) សហគមន៍
YouTube មិនត្រឹមតែជាបណ្ដាញសង្គមប៉ុណ្ណោះទេ វាបានក្លាយជាសហគមន៍មួយដែលមានការទំនាក់ទំនង ដោយក្នុងនោះម្ចាស់ Channel បានក្លាយជាតារាដែលមានក្រុមអ្នកគាំទ្រតាមរយៈការចុច subscribe ហើយពួកគេបានបង្កើតវីដេអូផ្សេងៗទៅតាមតម្រូវការនៅក្នុងសហគមន៍នីមួយៗ។
៣) ពាណិជ្ជកម្ម
មិនថាប្រជាប្រិយភាព ឬសហគមន៍នោះទេ វាក៏មិនអាចទាក់ទាញចិត្ត Google ឱ្យចំណាយប្រាក់រហូតដល់ ១,៦ពាន់លានដុល្លារបានដែរ។ ហេតុផលចម្បង និងធំបំផុតនោះគឺការបង្កើតប្រាក់ចំណូលតាមរយៈពាណិជ្ជកម្ម។ ក្រុមហ៊ុន Google បានស្វែងយល់យ៉ាងច្បាស់អំពីរបៀបនៃការបង្កើតប្រាក់ចំណូលពី YouTube ហើយជាលទ្ធផលគឺប្រាក់ចំណូលរបស់ Google ប្រចាំឆ្នាំទាំងមូលមាន ៣០ភាគរយបានមកពី YouTube ខណៈដែលគិតត្រឹមឆ្នាំ២០២១ YouTube រកចំណូលបានជិត ២៩ពាន់លានដុល្លារ៕