រដ្ឋបាលខេត្តព្រះសីហនុ ទុកពេល ១៥ ថ្ងៃ ឱ្យពលរដ្ឋដែលរស់នៅតាមដងផ្លូវ ជាប់របងអាកាសយានដ្ឋាមកដាក់ពាក្យទទួលយកដីឡូតិ៍ថ្មី

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់បងប្អូនប្រជាពរលដ្ឋដែលរស់នៅតាមដងផ្លូវ ជាប់របងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មកដាក់ពាក្យទទួលយកដីឡូតិ៍ថ្មីជាមួយក្រុមការងារដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្ត ដោយទុករយៈពេលចំនួន ១៥ ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រហសីហនុ នៅថ្ងៃទី ១ ខែកញ្ញា នេះ បញ្ជាក់ថាផុតរយៈពេលកំណត់ខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ពុំលើកយកករណីនេះ មកពិនិត្យសម្របសម្រួលដោះស្រាយជាមួយបងប្អូនប្រជាពរលដ្ឋទៀតឡើយ ហើយរដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការរដ្ឋបាលចុះរុះរើសំណង់ដែលសង់លើដីសាធារណៈរបស់រដ្ឋ ស្របតាមច្បាប់ដែលមានចែងជាធរមាន។
បើតាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ គឺ ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ថ្នាក់ 4E ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណ្ឌរបស់ខេត្តព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងស្របតាមផែនការអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ចំពោះកិច្ចការនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មាការអន្តរក្រសួង បានធ្វើការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងជាប់របងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងបបានត្រៀមរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ផ្សេងៗ រួមមាន៖ ផ្លូវ ទឹកស្អាត និង បណ្តាញអគ្គិសនី ចូលទៅកាន់ទីបម្រុងទុក ដែលគណៈកម្មការអន្តរក្រសួងបានតរៀបចំសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ។
កន្លងមក ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការអន្តរក្រសួងបានខិតខំជួប្រជុំសម្របសម្រួលជាមួយបងប្អូនជាច្រើនសារ ដែលមកទល់ពេលនេះ មានគ្រួសារប្រជាពលរដ្ឋមួយចំនួនបានឯកភាព ទទួលយកទីតាំងដីឡូតិ៍ថ្មីរួចរាល់ហើយ ប៉ុន្តែ នៅមានគ្រួសារប្រជាពលរដ្ឋមួយចំនួនទៀត នៅតែទាមទារលក្ខខណ្ឌផ្សេងៗ ដែលធ្វើឱ្យមានការរាំងស្ទះដល់គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអនត្រជាតិខេត្តព្រះសីហនុ ៕