អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរស្វាគមន៍ជើងហោះហើរត្រង់លើកដំបូងពីទីក្រុងសិនជិន
សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានទទួលជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងសិនជិន (Shenzhen) នៃប្រទេសចិន។ ជើងហោះហើរនេះគឺលេខ K៦៩២៩ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានត្រលប់មកពីទីក្រុងសិនជិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗទាំងបួនរបស់ចិន។
នាឱកាសទទួលស្វាគមន៍ជើងយន្តហោះខាលើនេះ លោក ជា អូន រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានមានប្រសាសន៍ក្នុងពិធីទទួលជើងហោះហើរនេះថា ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន គឺជា សញ្ញាល្អ ដែលបង្ហាញថា កម្ពុជា ជាពិសេសខេត្តសៀមរាប នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរជនជាតិចិន។
លោកបន្តថា នៅជំហានដំបូងនេះ នឹងមានការហោះហើរចំនួន ៣ជើងក្នុងមួយសប្ដាហ៍ ដោយមួយជើងចុះចតនៅសៀមរាប និង ២ជើងទៀតនៅភ្នំពេញ។
ជាមួយគ្នានេះ លោក ជា អូន ក៏បានឱ្យដឹងផងដែរថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀតបានដាក់ពាក្យសុំហោះហើរមកកម្ពុជា។ ក្រៅពីនេះ អាកាសចរណ៍ជាតិក៏បានជំរុញឱ្យមានការហោះហើរពីកម្ពុជាទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំនេះផងដែរ។
លោក បានបន្ថែមថា ការតភ្ជាប់ជើងហោះហើរត្រង់នេះ នឹងជួយជំរុញទេសចរចិនពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិន ដែលរួមមានទីក្រុងក្វាងចូវ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា។ នេះជាការចូលរួមចំណែកក្នុង យុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ផងដែរ។
ក្នុងឱកាសដ៏សំខាន់នេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ក្រោយវិបត្តិកូវីដ១៩ វិស័យទេសចរណ៍របស់ខេត្តសៀមរាបបាន ងើបឡើងវិញជាលំដាប់ និងបង្ហាញពី កំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង អ្នកទេសចរជនជាតិចិនបានឈរនៅ លំដាប់ទី៤ ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងអស់ដែលបានមកកម្សាន្តនៅខេត្តសៀមរាប។
លោកសង្កត់ធ្ងន់ថា ដូច្នេះ ការហោះហើរត្រង់ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នាពេលនេះ គឺជា សញ្ញាវិជ្ជមានដ៏ច្បាស់លាស់មួយ ដែលបញ្ជាក់ពីការវិលត្រលប់មកវិញនៃភ្ញៀវទេសចរជនជាតិចិនមកកាន់ប្រទេសកម្ពុជា៕