អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១៥០០លានដុល្លារ នឹងបើកដំណើការនៅសប្តាហ៍ក្រោយនេះហើយ
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១៥០០លានដុល្លារអាមេរិក នៅលើផ្ទៃដី ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ គ្រោងបើកឱ្យប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា។ នេះ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។
មានចម្ងាយប្រមាណ២០ គីឡូម៉ែត្រពីភាគខាងត្បូងនៃរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ វិនិយោគដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) ដែលជាក្រុមហ៊ុនចម្រុះរដ្ឋ និងឯកជន និង កាន់កាប់ភាគហ៊ុនធំដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពង់ ឃាវសែ និងភាគហ៊ុនមួយផ្នែក ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០ លាននាក់នៅឆ្នាំ ២០៣០ ខណៈដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ ២០៥០។
បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការជាផ្លូវការ ទាំងអ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យ បានរំពឹងដូចគ្នាថា នឹងជំរុញឱ្យមានសកម្មភាពនៃការធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗនៅតាមបណ្តាយផ្លូវទៅកាន់ព្រលានយន្តហោះ និងនៅជុំវិញតំបន់នោះនាពេលអនាគត។ ជាក់ស្តែងនៅតាមបណ្តោយផ្លូវ សម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ មានការរីកចម្រើនយ៉ាងឆាប់រហ័សនូវសំណង់អគារខ្ពស់ បុរី ផ្ទះល្វែង ធនាគារ ការិយាល័យតាំងបង្ហាញផលិតផល រួមនឹងហាងអាជីវកម្ម ចាប់ពីដំណឹងនៃការសាងសង់ព្រលានយន្តហោះ កើតឡើង។
ចាប់តាំងពីលេចឡើងដំណឹងនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីឆ្នាំ២០១៨មក តម្លៃអចលនទ្រព្យនៅជុំវិញតំបន់នេះ បានកើនឡើងជាបន្តបន្ទាប់ ដែលគេរំពឹងថា នៅពេលដែលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងជំរុញឱ្យតម្លៃអចនទ្រព្យជុំវិញតំបន់នេះ កើនឡើងថែមទៀត ក៏ដូចជាជំរុញឱ្យសន្ទុះនៃការទិញលក់ប្រសើរជាងមុនផងដែរ បើទោះបីជាបច្ចុប្បន្ន វិស័យអចលនទ្រព្យ មិនសូវល្អក៏ដោយ។
ដោយឡែកសម្រាប់អ្នកដែលនៅក្នុងវិស័យទេសចរណ៍វិញ ក៏បានរំពឹងថា តាមរយៈស្ថាបត្យកម្មដ៏ល្អអស្ចារ្យនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ អាចនឹងទាក់ទាញបាននូវចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិឱ្យមកទស្សនានៅកម្ពុជា។ជាពិសេសវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើបនេះ នឹងជួយលើកកម្ពស់កិត្យានុភាពនៃវិស័យទេសចរណ៍នៅកម្ពុជា នៅលើឆាកអន្តរជាតិ ដែលធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍។ ការណ៍នេះ នឹងជំរុញឱ្យកម្ពុជាកាន់តែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានភាពប្រកួតប្រជែង។
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រៀមដាក់ឱ្យដំណើរការនៅខែកញ្ញានេះ នឹងបម្រើឱ្យការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសកាន់តែប្រសើរជាងមុន ខណៈបច្ចុប្បន្ននេះការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា នៅមានកម្រិតនៅឡើយ ដោយសារតែអាកាសយានដ្ឋានរបស់កម្ពុជា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលយន្តហោះដឹកជញ្ជូនទំនិញធំៗបាន។
បើតាមលោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាមជ្ឈមណ្ឌលផ្ទេរអ្នកដំណើរ (passengers hub) និងដំឡើងទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ (cargo hub)។
អាកាសយានដ្ឋានអន្តរជាតិដ៏ថ្មីស្រឡាងរបស់កម្ពុជាមួយនេះ នឹងជំរុញឱ្យដឹកជញ្ជូនទំនិញតាមផ្លូវអាកាស កាន់តែងាយស្រួល និងមានចំនួនច្រើនជាងមុន ជាពិសេសការដឹកដោយត្រង់ពីប្រទេសផ្សេងៗ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសមួយទៀត ដែលធ្វើឱ្យចំណេញទាំងពេលវេលា និងថវិកា។
បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះបើកប្រតិបត្តិការទទួលអ្នកដំណើរនៅខែកញ្ញានេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងបិទប្រតិបត្តិការទាំងស្រុង ដោយប្រតិបត្តិការទាំងអស់ត្រូវផ្ទេរទៅព្រលានយន្តថ្មី នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលមិនមានគម្រោងលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យទៅវិស័យឯកជននោះឡើយ។
បើទោះបីជាមិនទាន់បង្ហាញពីគម្រោង ក្នុងការប្រែក្លាយអាកាសយានដ្ឋានចាស់ដែលស្ថិតលើផ្ទៃជាង៤០០ហិកតា ទៅជាអ្វីក៏ដោយ ប៉ុន្តែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។
បច្ចុប្បន្ននេះ អ្នកធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តែងតែត្អូញត្អែរពីការកក់ស្ទះចរាចរណ៍ ដោយសារតែភាពមមាញឹកនៃអ្នកដំណើរចេញចូល ព្រលានយន្តហោះក៏ដូចជាបណ្តុំអាជីវកម្មដ៏ច្រើននៅតំបន់នោះ។ គេរំពឹងថា នៅពេលដែល ព្រលានយន្តហោះចាស់បិទដំណើរការ នឹងធ្វើឱ្យចរាចរណ៍ធូរស្រាលជាងមុន៕